ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ប្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​សម្ដេច​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក បើសិន​អាជ្ញាធរ​មូលដ្ឋាន មិន​អើពើ​ដោះស្រាយ​
12, Nov 2020 , 4:04 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែង​នៅក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​ចែក​ស្រូវពូជ ជូន​ប្រជាពលរដ្ឋ​ខ្វះខាត នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០២០
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែង​នៅក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​ចែក​ស្រូវពូជ ជូន​ប្រជាពលរដ្ឋ​ខ្វះខាត នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០២០
ភ្នំពេញ​៖ ពលរដ្ឋ​អាច​រាយការណ៍​ទៅ​សម្ដេច​ផ្ទាល់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក បើសិន​ជាមាន​បញ្ហា​នៅ​មូលដ្ឋាន​ហើយ អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​។ សម្ដេច ស ខេង ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​ចែក​ស្រូវពូជ ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​។​


 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា បើ​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ហើយ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​នោះ ពលរដ្ឋ​អាច​ប្រើប្រាស់​បណ្ដេញ​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម បង្ហោះ ឬ​រាយការណ៍​ព័ត៌មាន​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់ ដើម្បី​ទទួលបាន​ដំណោះស្រាយ​។​
 
​ថ្លែង​ចំពោះមុខ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ឥឡូវនេះ​ស្រួល​ណាស់ បើ​ថា​រាយការណ៍​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ហើយ ប៉ូលិស​ប៉ុស្តិ៍​ព្រងើយកន្តើយ មិន​ចាប់អារម្មណ៍ មិន​ចាត់វិធានការ យើង​មាន​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក មាន​(​បណ្ដាញ​)​ព័ត៌មាន​សង្គម​ច្រើនណាស់ ហើយ​ខ្ញុំ​ក៏មាន​ហ្វេ​ស​ប៊ុ​ក (​ពលរដ្ឋ​ប​ញ្ចូ​ន​)​ដាក់​មក​(​ហ្វេ​ស​ប៊ុ​ក​សម្ដេច​)​តាម​ហ្នឹង​ទៅ​។ អាហ្នឹង​គឺ​វា​(​អាចមាន​ដំណោះស្រាយ​)​លឿន​ទាំងអស់គ្នា​»​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖

 

 
​សម្ដេច ស ខេង បានរៀបចំ​ក្រុមការងារ​មួយ តាមដាន​រាល់​ការស្នើសុំ​អន្តរាគមន៍ និង​ប្ដឹងផ្ដល់​នានា របស់​ពលរដ្ឋ នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់​។ «​ព្រោះ​ខ្ញុំ​ចាត់​ឱ្យ​ប្រមូល​ព័ត៌មាន​ហ្នឹង គឺ​មិន​រើសអើង គេ​ហៅថា​មិន​បែង​ចែក​(​និន្នាការ​នយោបាយ​)​ទេ ។ ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក ក៏​ចាត់ទុកថា​ជា​ព័ត៌មាន​, ព័ត៌មាន​ដោយ​បណ្ដឹង​ជា​លាយ​លក្ខ​អក្សរ​ក៏​ជា​ព័ត៌មាន , ព័ត៌មាន​តាម​ទូរទស្សន៍ តាម​វិទ្យុ និយាយ​រួម​គឺថា​យើង​ប្រមូល​យកមក​ទាំងអស់ ដើម្បី​យកទៅ កាលណា អា​(​បញ្ហា​)​ណា​ពាក់ព័ន្ធ​យើង គឺ​ត្រូវ​ដោះស្រាយ​។ យើង​ចុះ​មើល ឆែក​មើលថា តើ​រឿង​ហ្នឹង វា​ពិត​ឬ​មិន​ពិត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បន្ថែមថា ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​ប្រព័ន្ធ​ផ្សេងៗ ដែល​សម្ដេច​ទទួលបាន​នោះ ភាគច្រើន​ជា​ព័ត៌មាន​ពិត ចន្លោះ​ពី​៨០​ទៅ​៩០​ភាគរយ​។​
 
​ដោយសារ​មើលឃើញថា ព័ត៌មាន​ដែល​ខ្លួន​ទទួលបាន​ពី​បណ្ដាញ​ព័ត៌មាន​ផ្សេងៗ ភាគច្រើន​ជា​រឿង​ពិត​នេះ ទើប​សម្ដេច ស ខេង ជំ​រុញឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​សម្ដេច ឬសម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​នេះ​។​
 
​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​និយាយ​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើ​ប្ដឹង​(​អាជ្ញាធរ​)​ផ្ទា​ល់ហើយ មិន​យកចិត្តទុកដាក់ យើង​មានលទ្ធភាព ហើយ​អត់​ខុសច្បាប់​ទេ​។ តិច​ថា ប្ដឹងទៅ​នាយករដ្ឋមន្ត្រី​ខុស (​គឺ​អត់​ខុស​ទេ​)​ឱ្យតែ​យើង​បាន​ប្ដឹង​អ្នក​នៅ​ហ្នឹង​កន្លែង​ហើយ តែ​អ្នក​នៅ​ហ្នឹង​កន្លែង​មិន​ព្រម​ដោះស្រាយ​។ ហើយ​ប្ដឹងទៅ​ឧបនាយករដ្ឋមន្ត្រី ថា​ខុស ប្ដឹងទៅ​រដ្ឋមន្ត្រី​ថា​ខុស គឺ​អត់​ខុស​ទេ​»​។​
 
​អះអាង​បែបនេះហើយ សម្ដេច ស ខេង ក៏​ជំ​រុញឱ្យ​មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ភ្លាមៗ នៅពេលដែល​ឃើញ​ពួកគេ​បង្ហោះ​ព័ត៌មាន ឬ​បញ្ហា​អ្វីមួយ​នៅលើ​បណ្ដាញ​បច្ចេកវិទ្យា​សង្គម ដោយ​មិនចាំបាច់​ទាល់តែ​ពលរដ្ឋ​មកប្ដឹង​ផ្ទាល់ ដូច​មុន​នោះទេ​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្រាប់​ឱ្យ​ពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​បញ្ហា​អ្វីមួយ​នោះ ផ្ញើ​សារសុំ​អន្តរាគមន៍​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់​ផងដែរ​៕  

Tag:
 ​ស ខេង​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com