កីឡាអន្តរជាតិ
អន្តរជាតិ
Vida ប្រធាន​ក្រុម​ក្រូ​អាស៊ី​ទើប​ដឹងថា​ឆ្លង COVID-19 ក្រោយ​លេង​ពេញ​តង់​ទី​១ ទល់​តួ​ក​គី​
12, Nov 2020 , 4:39 pm        
រូបភាព
Domagoj Vida (ស្តាំ) ចាប់ដៃលោក Senol gunes គ្រូតួកគី
Domagoj Vida (ស្តាំ) ចាប់ដៃលោក Senol gunes គ្រូតួកគី
​ប្រធាន​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី Domagoj Vida បានដឹងខ្លួន​ថា​ផ្ទុក COVID-19 ពេល​រូបគេ​ចូល​លេង​បាន​មួយតង់​ដំបូង​ទៅហើយ នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ក្រូ​អាស៊ី​ស្មើ​តួ​ក​គី ៣-៣ នៅ​រាត្រី​ថ្ងៃទី​១១ ខែវិច្ឆិកា​។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ក្រូ​អាស៊ី (HNS)​។​


​កីឡាករ​ក្រូ​អាស៊ី​ទាំងអស់ រួមទាំង Vida ខ្សែការពារ​ក្លិប Besiktas នៃ​លី​គ​កំពូល​តួ​ក​គី បានធ្វើ​តេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន​នៅ​ថ្ងៃទី​៩ មុន​ការប្រកួត​ន​នេះ​ចំនួន​២​ថ្ងៃ និង​ទទួល​ការធ្វើ​តេស្ត​មួយលើកទៀត​នៅ​ព្រឹក​ថ្ងៃទី​១២ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការប្រកួត​ទល់​តួ​ក​គី​ក្នុ ង​ក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​។​
 
​ដោយសារ​លទ្ធផល​តេស្ត​អវិជ្ជមាន កីឡាករ​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រូ​អាស៊ី​ដែលមាន Vida ជា​ប្រធាន​ក្រុម​ផង​សុទ្ធតែ​បាន​ចូល​លេង​ក្នុងជំនួប​នេះ​។ ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​ទួ​ក​គី​ត្រូវបាន​គេ​ជូនដំណឹង​បឋម​អំពី​លទ្ធផល​តេស្ត​វិជ្ជមាន​លើ​កីឡាករ Vida ខណៈ​រូបគេ​បាន​ចូល​លេង​ពេញ​មួយតង់​ទី​១​ទៅហើយ​។ ក្រោយ​ដឹង​ពី​លទ្ធផល​ដ៏​អាក្រក់​នេះ គ្រូ​ក្រូ​អាស៊ី​លោក Zlatko Dalic បាន​ឲ្យ Filip Uremovic ចូល​ជំនួស​ប្រធាន​ក្រុម​វ័យ​៣១​ឆ្នាំ​នៅ​ដើម​វគ្គ​ទី​២​។​
 
Vida ក៏ត្រូវ​បញ្ជូនទៅ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ភ្លាមៗ​ក្រោយ​ដឹង​ដំណឹង​នេះ នៅឯ​ផ្ទះ​របស់គេ​នៅ​ប្រទេស​តួ​ក​គី​។ យ៉ាងណាក៏ដោយ ហេតុការណ៍​ដែល​កើតឡើង​នេះ បាន​បង្ក​ហានិភ័យ​ខ្ពស់បំផុត​សម្រាប់​សមាជិក​ក្រុម​ក្រូ​អាស៊ី និង​តួ​ក​គី ខណៈ​ក្រុម​ទាំងពីរ​ត្រូវ​បន្ត​លេង​ក្នុង​ការប្រកួត​ពានរង្វាន់ Nations League នៅ​រាត្រី​ថ្ងៃទី​១៤ និង​១៥ ខែវិច្ឆិកា រៀងៗ​ខ្លួន​។​
 
​ក្រូ​អាស៊ី​ដែល​អះអាងថា​មាន​សមាជិក​ម្នាក់ទៀត​នៃ​គណៈប្រតិភូ​ពួកគេ​បានធ្វើ​តេស្ត​វិជ្ជមាន COVID-19 ដែរនោះ ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​ស្តុក​ខុល ដើម្បី​ជួប​ក្រុម​ជម្រើសជាតិ​ស៊ុយអែត មុន​ទទួលភ្ញៀវ​ព័រ​ទុយ​ហ្គា​ល់​នៅ​៣​ថ្ងៃ​បន្ទាប់​។​
 
​ដោយឡែក​តួ​ក​គី ត្រូវ​ទទួល​ក្រុម​រុស្ស៊ី​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា មុន​ធ្វើដំណើរ​ទៅ​ជួប​ហុង​គ្រី​នៅ​៣​បន្ទាប់​សម្រាប់​ការប្រកួត​ពាន​អឺរ៉ុប​វគ្គ​សន្សំ​ពិន្ទុ Nations League៕
 

Tag:
 Domagoj Vida
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com