ភ្នំពេញ៖ ក្រុមអ្នកសិទ្ធិមនុស្ស នៅកម្ពុជា បាននាំគ្នាសាទរនឹងការជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ របស់លោក ចូ បៃឌិន (Joe Biden)។ ក្រុមសិទ្ធិមនុស្ស រំពឹងថា ការជាប់ជាប្រធានាធិបតីអាមរិករបស់លោកប៉ៃឌិន នឹងធ្វើឱ្យកម្ពុជាមានភាពប្រសើរឡើងទាំងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រីចក់ សុភាព ឃើញថា សហអាមេរិក ដែលស្ថិតនៅក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងរយៈពេល៤ឆ្នាំ (ពីឆ្នាំ២០១៦-ឆ្នាំ២០២០)កន្លងមក មិនបានឱ្យតម្លៃច្រើនទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុន្មានទេ។ ដូច្នេះ អ្នកស្រី ចក់ សុភាព ជឿជាក់ថា បញ្ហាទាំងនេះ នឹងអាចល្អប្រសើរឡើងវិញ ក្នុងអាណត្តិប្រធានាធិបតីអាមេរិកទី៤៦របស់លោក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យ ។
បើតាមអ្នកស្រី សុភាព លោក បៃឌិន ជាមនុស្សមានសមត្ថភាពខ្ពស់ និងឱ្យគុណតម្លៃទៅលើការរួបរួមជាតិ ជាពិសេសចេះសហប្រតិបត្តិការរួមគ្នា ជាមួយប្រទេសដទៃទៀត រួមទាំងប្រទេសកម្ពុជាផងដែរ ។ «យុទ្ធសាស្ត្រនេះ នឹងជួយធ្វើឱ្យមានភាពប្រសើរឡើងនៅផ្នែកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា។ យុទ្ធសាស្ត្រនេះ មិនត្រឹមពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា នោះទេ គឺថែមទាំងបង្កើនការយកចិត្តទុកដាក់ លើការគាំទ្រដល់សង្គមស៊ីវិលនៅកម្ពុជាក្នុងកិច្ចការងារ ដែលកម្ពុជាអាចស្តារនូវស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតីផងដែរ»។នេះជាការលើកឡើងរបស់នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)
សម្រាប់អ្នកស្រីចក់ សុភាព ថ្វីដ្បិតសហអាមេរិកមិនអាចលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានក៏ពិតមែន ប៉ុន្តែអាមេរិកគឺអាចចូលរួមចំណែកគាំពារបាន តាមរយៈកិច្ចសហការ ការគាំទ្រដល់កិច្ចការងារជាច្រើនដែលស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ស្រដៀងគ្នានេះដែរ លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ ជឿជាក់ថា សហរដ្ឋអាមរិក ក្នុងអាណត្តិ លោក ចូ បៃឌិន នឹងយកចិត្តទុកដាក់លើកម្ពុជា ជាពិសេសលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ បើតាមលោក អំ សំអាត ការជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ពីសំណាក់សហអាមេរិក គឺតាមរយៈកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) និងជំនួយសង្គមផ្សេងៗ។
សហរដ្ឋអាមេរិក ក៏ជាទីផ្សារមួយយ៉ាងធំមួយសម្រាប់ប្រទេសកម្ពុជាផងដែរ ដែលទាក់ទងនឹងGSPនេះ។ តាមរយៈGSPនេះ សហអាមរិកក្រោមរដ្ឋបាលរបស់លោកចូ បៃឌិន ដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យនោះ គឺនឹងទាមទារឱ្យកម្ពុជាគោរពនឹងលក្ខខណ្ឌជាតិ និងអន្តរជាតិ ដើម្បីទទួលបានប្រយោជន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់លោក អំ សំអាត។
លោក អំ សំអាត បាននិយាយដូច្នេះ៖«[ក្នុងអាណត្តិលោក ចូ បៃឌិន] នឹងអាចជួយជំរុញកម្ពុជា ឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូចនឹងអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា ដឹកនាំសហរដ្ឋអាមេរិក ផងដែរ»។
លោក អ៊ុំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ
រីឯ អ្នកតាមដានគណនេយ្យភាពសង្គមសង្គមវិញ ក៏មើលឃើញមិនខុសប៉ុន្មាន ពីក្រុមសិទ្ធិមនុស្សនៅកម្ពុជាដែរ។ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា លោក ចូ បៃឌិន នឹងនាំយកការដឹកនាំរបៀបថ្មី ដើម្បីស្តារ ឬពង្រឹងនូវការគោរពលទ្ធិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយអាមេរិក ក៏មិនបោះបង់ចោលកម្ពុជាដែរ។
«អាមេរិក នឹងនូវតែគិតគូពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង»។ នេះជាការលើកឡើងរបស់លោក សន ជ័យ ដោយបន្តថា លោក បៃឌិន នឹងងាកមកចាប់អាស៊ានជាថ្មីម្ដងទៀត ដែលផ្ទុយពីនយោបាយការបរទេសរបស់លោក ត្រាំ។
លទ្ធផលនៃការបោះឆ្នោតនៅអាមេរិក បានបង្ហាញថា លោក ចូ បៃឌិន មកពីគណៈបក្សប្រជាធិតេយ្យបានទទួលសំឡេងសរុប២៩០អង្គប្រតិភូសភាតំណាង ដោយអាចមានលទ្ធភាពក្លាយជាប្រធានាធិបតីជាប់ឆ្នោតទី៤៦របស់សហរដ្ឋអាមេរិក នៅក្នុងខែមករា ឆ្នាំ២០២១ ខាងមុននេះ។ អនាគតប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកក្នុងវ័យ៧៧ឆ្នាំរូបនេះ បាននាំមុខលោក ដូណាល់ ត្រាំ ដោយទើបទទួលបានត្រឹមតែ២១៤សំឡេង ប៉ុណ្ណោះ ខណៈការបោះឆ្នោតនេះកំពុងស្ថិតនៅក្នុងដំណាក់កាលតវ៉ាឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ពីលោក ត្រាំ ៕
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា