COVID-19
អន្តរជាតិ
តួកគី ហាមជក់បារីនៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
× តួកគី បានហាមឃាត់ការជក់បារីនៅទីសាធារណៈដែលមានមនុស្សកុះករ ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺកូវីដ-១៩។ ខណៈករណីឆ្លងហក់ឡើងខ្លាំងក្នុងពេលថ្មីៗកន្លងទៅ រដ្ឋាភិបាល ក៏បានព្រមានពលរដ្ឋឲ្យគោរពវិធានការសុខាភិបាលផងដែរ ដូចជា ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ១១ ខែវិច្ឆិកា ក្រសួងមហាផ្ទៃតួកគី បានបញ្ជាក់ថា បម្រាមលើការជក់បារីនេះ មានគោលដៅធានាឲ្យបានថា ប្រជាពលរដ្ឋគោរពតាមវិធានការសុខាភិបាល ដូចជា ពាក់ម៉ាសឲ្យបានត្រឹមត្រូវនៅទីសាធារណៈ ក៏ព្រោះតែពួកគេដោះម៉ាស់ចេញឬទម្លាក់ម៉ាស់ចុះក្រោមនៅពេលជក់បារី។
សម្រាប់ហេតុផលនេះ ដើម្បីធានាថាម៉ាស់ត្រូវបានពាក់គ្រប់ពេលវេលា និងត្រឹមត្រូវនោះ ចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០តទៅ បម្រាមលើការជក់បារី នឹងត្រូវអនុវត្តក្នុងទីសាធារណៈ ដែលមានមនុស្សកុះករ ដូចជា ផ្លូវ ឧទ្យានសាធារណៈ និងចំណតយានយន្តសាធារណៈ ជាដើម។ ក្រសួងមហាផ្ទៃតួកគី បញ្ជាក់បែបនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca បានទទូចឲ្យពលរដ្ឋគោរពឲ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ដូចជា ការពាក់ម៉ាស់ឲ្យត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាព។ ត្រង់ចំណុចនេះ លោក Koca សរសេរលើបណ្ដាញសង្គម Twitter ដូច្នេះថា លោកសុំពលរដ្ឋតែម្យ៉ាងនេះប៉ុណ្ណោះ។
នៅដើមសប្ដាហ៍នេះ អាជ្ញាធរតួកកី បានដាក់ចេញបម្រាមគោចរមួយក្នុងរដ្ឋធានី អង់ការ៉ា និងទីក្រុងធំបំផុតរបស់ខ្លួន អ៊ីស្តង់ប៊ូល ដោយហាមឃាត់ប្រជាជនអាយុចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ មិនឲ្យចេញទៅខាងក្រៅផ្ទះ ចន្លោះពី១០ព្រឹកនិង៤ល្ងាច។
លោកប្រធានាធិបតីតួកគី Tayyip Erdogan បានប្រកាសកាលពីសប្ដាហ៍មុនថា រាល់អាជីវកម្ម រួមមានភោជនីយដ្ឋាន ហាងកាហ្វេ អាងហែលទឹក និងរោងភាពយន្ត ជាដើម នឹងត្រូវបិទទ្វារត្រឹមម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ ក្នុងគោលដៅទប់ស្កាត់ការឆ្លងកូវីដ-១៩។
គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា មនុស្សជាង៤០ម៉ឺននាក់ បានឆ្លងជំងឺកូវីដ-19 ក្នុងប្រទេសតួកគី ខណៈមនុស្ស១១១៤៥នាក់ស្លាប់។ នេះយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលតួកគី។ ចំណែកករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសនេះ បានហក់ឡើងខ្លាំង ដោយមនុស្ស២៦៩៣នាក់ បានរកឃើញថាឆ្លងកូវីដ-១៩ ក្នុងថ្ងៃទី ១១ ខែវិច្ឆិកា៕
Tag:
តួកគី
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com