អន្តរជាតិ
ថៃ ហាមមិនឲ្យព្រះសង្ឃចូលរួមក្នុងបាតុកម្ម ព្រះសង្ឃថៃចូលរួមបាតុកម្មកាលពីថ្ងៃទី៨ វិច្ឆិកា។ រូបភាព៖ Reuters
× ខុទ្ទកាល័យពុទ្ធសាសនាជាតិថៃ និងគណៈសង្ឃជាន់ខ្ពស់ថៃ នៅថ្ងៃទី១២ វិច្ឆិកា បានចេញសង្ឃបញ្ជាហាមមិនឲ្យសង្ឃ និងសាមណេរចូលរួមបាតុកម្ម។ ចំពោះសង្ឃ និងសាមណេរដែលល្មើសនឹងសង្ឃបញ្ជាខាងលើនឹងត្រូវផ្សឹក។
មុននឹងចេញសង្ឃបញ្ជាខាងលើ ខុទ្ទកាល័យពុទ្ធសាសនាជាតិថៃ និងគណៈសង្ឃជាន់ខ្ពស់ថៃ ធ្លាប់បានរំលឹកដល់មេគុណដែលគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ត្រូវធានាយ៉ាងណាមិនឲ្យព្រះសង្ឃពាក់ព័ន្ធនឹងនយោបាយ ឬសកម្មភាពនយោបាយ និងបញ្ចេញយោបល់បែបនយោបាយ។ នេះយោងតាមលោក Narong Songarom នាយកខុទ្ទកាល័យពុទ្ធសាសនា។
ការចេញសង្ឃបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មាន និងរូបថត ដែលឃើញមានបុគ្គលស្លៀកពាក់ស្បង់ជីពរចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល។ រូបថតទាំងនោះបង្ហាញថាព្រះសង្ឃនាំគ្នាលើកបដារទាមទារសិទ្ធិបោះឆ្នោត ដោយច្បាប់ដកហូតសិទ្ធិនេះពីព្រះសង្ឃ។ នេះយោងតាមសារព័ត៌មាន Reuters។
សេចក្តីសម្រេចរបស់ខុទ្ទកាល័យពុទ្ធសាសនា ក៏បញ្ចាក់ផងដែរថាព្រះសង្ឃ និងសាមណេរ ដែលចូលរួមបាតុកម្មអាចប្រឈមនឹងការផ្សឹកបណ្តេញចេញពីវត្ត។ លើសពីនេះ អង្គភាពរដ្ឋាភិបាលបានតម្រូវឲ្យពិនិត្យអត្តសញ្ញាណបាតុករដែលស្លៀកពាក់ស្បង់ជីពរ ដើម្បីបញ្ជាក់ថាជាសង្ឃពិតប្រាកដ ឬក្លែងបន្លំ។ មកទល់ពេលនេះ មានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណថាបានចូលរួមបាតុកម្ម។
ព្រះសង្ឃមួយអង្គដែលចូលរួមបាតុកម្មចំនួន៣ មានដីកាថា ព្រះអង្គនឹងបន្តចូលរួមក្នុងបាតុកម្មព្រោះអ្វីដែលរដ្ឋាភិបាលធ្វើគឺមិនត្រឹមត្រូវ និងមិនសមស្របទៅនឹងអ្វីដែលសង្ឃដទៃទៀតចង់បាន។ ព្រះអង្គមានបន្ទូលថា ព្រះសង្ឃចង់ធ្វើគណៈសង្ឃជាន់ខ្ពស់ថៃ បន្ថែមពីលើអ្វីដែលបាតុករកំពុងទាមទារសព្វថ្ងៃ។
នៅក្រោមរដ្ឋធម្មនុញ្ញថៃថ្មី ព្រះមហាក្សត្រថៃមានអំណាចក្នុងការតែងតាំងសង្ឃនាយក បើទោះបីជាគណៈសង្ឃស្នើបេក្ខភាពព្រះសង្ឃផ្សេងទៀតក្តី។ព្រះសង្ឃថៃ ត្រូវបានគេមើលឃើញថាមិនបានដើរតួនាទីយ៉ាងចម្បងអ្វីឡើយ បើធៀបទៅនឹងព្រះសង្ឃនៅមីយ៉ានម៉ា ដែលជម្រុញឲ្យប្រទេសនេះឈានទៅមានកំណែទម្រង់បែបប្រជាធិបតេយ្យ។
© រក្សាសិទ្ធិដោយ thmeythmey.com