ជាតិ
សង្គមជាតិ
ស្ត្រីជនជាតិបារាំងម្នាក់ជាសះស្បើយពីកូវីដ-១៩ ខណៈអ្នកជំងឺនៅសល់១២នាក់ទៀត លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនាថ្ងៃទី១៣ ខែវិច្ឆិកាថា ស្ត្រីជនជាតិបារាំងអាយុ២៣ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសបារាំង និងមកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា បានជាសះស្បើយពីជំងឺកូវីដ-១៩។ កម្ពុជានៅសល់អ្នកជំងឺចំនួន១២នាក់ទៀតដែលបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ស្ត្រីជនជាតិបារាំងដែលជាសះស្បើយនេះ គឺមានអាសយដ្ឋានស្ថិតនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នស្ត្រីជនជាតិបារាំងរូបនោះត្រូវបានពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ក្រោយធ្វើតេស្តអវិជ្ជមានចំនួន២លើក។
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានរកឃើញ និងធ្វើតេស្តអ្នកដែលប៉ះពាល់គណៈប្រតិភូហុងគ្រីក្នុងព្រឹត្តិការណ៍៣វិច្ឆិកាចំនួន២៥៥៣នាក់ ដោយក្នុងនោះមានចំនួន៤នាក់បានឆ្លងជំងឺកូវីដ-១៩ពីគណៈប្រតិភូហុងគ្រី និងក្រៅពីនោះគឺសុទ្ធតែអវិជ្ជមានទាំងអស់។
ទោះបីពួកគេអវិជ្ជមាន ប៉ុន្តែពួកគេនៅតែបន្តធ្វើចត្តាឡីស័កឲ្យគ្រប់រយៈពេល២សប្តាហ៍សិន និងធ្វើតេស្តចំនួន២លើកទៀត ដើម្បីឲ្យដឹងលទ្ធផលថាវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩។
បច្ចុប្បន្នកម្ពុជាមានអ្នកជំងឺកូវីដ-១៩ចំនួន៣០១នាក់ ក្នុងនោះជាសះស្បើយចំនួន២៨៩៕
© រក្សាសិទ្ធិដោយ thmeythmey.com