COVID-19
អន្តរជាតិ
COVID-19៖ ករណីឆ្លងលើលោកឡើងជាង៥៣លាន ដោយអ្នកស្លាប់ជិត១.៣លាននាក់ ឥណ្ឌារងគ្រោះខ្លាំងជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ដែលពេលនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ជិត១៣ម៉ឺននាក់។ រូបថត AFP
× គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា នេះ អ្នកឆ្លងកូវីដ-១៩ លើពិភពលោកឡើងដល់ជាង៥៣លាននាក់ហើយ ដែលក្នុងនោះមានជិត១.៣លាននាក់ស្លាប់ និងជាង៣៧លាននាក់បានជាសះស្បើយ។ ប្រទេសចំនួន១០មានអ្នកឆ្លងលើសពី១លានករណី ដែលក្នុងនោះសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល រងគ្រោះខ្លាំងជាងគេទាំងករណីឆ្លង និងចំនួនអ្នកស្លាប់។
សហរដ្ឋអាមេរិក មានជាង១០.៨៧លានករណី ដោយនាំមុខឥណ្ឌា (ជាង៨.៧២លានករណី) និងប្រេស៊ីល (ជាង៥.៧៨លានករណី)។ បារាំង រុស្ស៊ី អេស្ប៉ាញ ចក្រភពអង់គ្លេស អាហ្សង់ទីន កូឡុំប៊ី និងអ៊ីតាលី មានចម្លោះពីជាង១លាន ទៅជិត២លានករណី ខណៈតួលេខនៅម៉ិកស៊ិក និងប៉េរូ ជិតចូលខ្ទង់១លាន។
ប្រទេសផ្សេងទៀតដែលមានករណីឆ្លងលើសកន្លះលាននាក់ រួមមាន អាល្លឺម៉ង់ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ ប៉ូឡូញ ស៊ីលី បែលហ្ស៊ិក អ៊ីរ៉ាក់ និងអ៊ុយក្រែន រីឯប្រទេសដែលមានអ្នកឆ្លងជាង៤០ម៉ឺននាក់រៀងៗខ្លួន មានឥណ្ឌូណេស៊ី ឆេក ហូឡង់ បង់ក្លាដែស តួកគី និងហ្វីលីពីន។
ចំពោះចំនួនអ្នកស្លាប់ សហរដ្ឋអាមេរិកមានជិត២៥ម៉ឺននាក់ ប្រេស៊ីលជាង១៦ម៉ឺននាក់ ឥណ្ឌាជិត១៣ម៉ឺននាក់ និងប្រទេសមានអ្នកស្លាប់ចាប់ពី១ម៉ឺននាក់ឡើង រួមមាន ម៉ិកស៊ិក ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អេស្ប៉ាញ អ៊ីរ៉ង់ ប៉េរូ អាហ្សង់ទីន កូឡុំប៊ី រុស្ស៊ី អាហ្វ្រិកខាងត្បូង ឥណ្ឌូណេស៊ី ស៊ីលី បែលហ្ស៊ិក អេក្វាឌ័រ អាល្លឺម៉ង់ អ៊ីរ៉ាក់ តួកគី និងកាណាដា។
កម្ពុជាមានករណីសះស្បើយ១ទៀតនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកនៅសម្រាកព្យាបាលបច្ចុប្បន្ននៅមន្ទីរពេទ្យ សល់ត្រឹម១២នាក់ក្នុងចំណោម៣០១ករណី។ វត្ថុសំណាក២៥៥៣ នៃអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា (ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី) ត្រូវបានធ្វើតេស្ត ដោយរក្សាចំនួនវិជ្ជមានតែ៤ប៉ុណ្ណោះ គិតមកដល់ពេលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com