សង្គមអន្តរជាតិ​
អន្តរជាតិ
អង់គ្លេស ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង ក្រោយ​ការដកតំណែង​សមាជិកសភា​បួន​នាក់​
13, Nov 2020 , 11:51 am        
រូបភាព
លោកDominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស។ រូបភាព៖AFP
លោកDominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស។ រូបភាព៖AFP
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បាន​រិះគន់​បញ្ញត្តិ​ថ្មី​ដែល​សភា​ចិន​ទើប​អនុម័ត ដែល​អនុញ្ញាត​ឲ្យ​ហុងកុង​ដកតំណែង​តំណាងរាស្ត្រ​ហុងកុង​។ លោក Raab ចាត់ទុក​វិធាន​ថ្មី ជាការ​បំពាន​ទៅលើ​សេចក្តីថ្លែងការណ៍​រួម​អង់គ្លេស​-​ចិន ស្តីពី​ការប្រគល់​កោះ​ហុងកុង​ទៅ​ចិន​វិញ ជាមួយ​ការរក្សា​ស្វ័យភាព​កម្រិត​ខ្ពស់​។ អង់គ្លេស អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​វិធានការ​តប​ទៅនឹង​ការចេញ​ច្បាប់​ថ្មី​នេះ​។​

 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១២ ខែវិច្ឆិកា លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស អះអាងថា ដំណោះស្រាយ​របស់​សភា​ចិន​ក្នុង​ការកំណត់​លក្ខន្តិកៈ​សមាជិកសភា​ហុងកុង ជាការ​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ការផ្ទេរ​ហុងកុង​។ លោក​អះអាង ថា អង់គ្លេស និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​ចិន​គោរព​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ខាងលើ​។ នេះ​បើតាម​សារព័ត៌មាន The Guardian​។​
 
«​ជាថ្មី​ម្តងទៀត ចិន​មិន​គោរព​កិច្ចសន្យា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​»​។ លោក Raab បញ្ជាក់​បែបនេះ រួច​បន្តថា អង់គ្លេស នឹង​នៅ​ជាមួយ​ពលរដ្ឋ​ហុងកុង ក៏ដូចជា​លើកឡើង​ពី​ការបំពាន​សិទ្ធិ និង​សេរីភាព​។​
 
​ដំណោះស្រាយ​ថ្មី​ដែល​អនុម័ត​ដោយ​សភា​ចិន​កាលពី​ថ្ងៃទី​១១ វិច្ឆិកា បើកផ្លូវ​ឲ្យ​សភា​ហុងកុង​ដកហូត​តំណាងរាស្ត្រ​រូប​ណា​ដែល​មិន​ស្នេហា​ជាតិ គាំទ្រ​ឯករាជ្យ ឬ​ការ​ផ្ដាច់ខ្លួន​។ ភ្លាមៗ សមាជិកសភា​ហុងកុង​បួន​នាក់ ត្រូវបាន​ដកតំណែង​។ ក្រោយមក សមាជិកសភា​ដែលមាន​និន្នាការ​រក​ប្រជាធិបតេយ្យ​១៥​នាក់​ទៀត ក៏​លាលែង​ពី​តំណែង​ទាំងអស់គ្នា​។ 
 
​អង់គ្លេស លើកឡើងថា ការចេញ​លក្ខខណ្ឌ​ខាងលើ ជា​ទម្រង់​នៃ​ការ​បៀតបៀន និង​បំបិទ​សិទ្ធិ​អ្នក​ដែល​រិះគន់​គោលនយោបាយ​របស់​ចិន ត្រូវបាន​តាក់តែង​ដោយ​មិនមាន​លក្ខណៈ​មិន​ច្បាស់លាស់ ដែល​អាច​បកស្រាយ​បាន​យ៉ាង​ទូលំទូលាយ​។ ក្រសួងការបរទេស​អង់គ្លេស ត្រូវបាន​រំពឹងថា នឹងដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ហុងកុង​ចំនួន​៤​រូប ប៉ុន្តែ​មិន​ពុំបាន​លម្អិត​ពី​អត្តសញ្ញាណ​បុគ្គល​ទាំង​នោះឡើយ​។ អង់គ្លេស ក៏​កំពុងធ្វើការ​ជាមួយ​អាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​តប​ទៅលើ​មន្ត្រី​ចិន និង​ហុងកុង​ផងដែរ​។​
 
​រាប់បញ្ចូល​ទាំង​លើក​នេះ អង់គ្លេស​អះអាងថា ចិន​បាន​បំពាន​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៧ ៣​ដង​ហើយ ពោល​លើក​ទី​១ ក្នុង​ឆ្នាំ​២០០៦ លើក​ទី​២​ក្នុង​ឆ្នាំ​២០២០ ក្រោយ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ និង​លើក​ទី​៣​គឺ​ច្បាប់​ដកហូត​តំណែង​តំណាងរាស្ត្រ​នេះ​។​
 
​ក្រោយពេល​ច្បាប់​នេះ​ចេញ​ជា​មក​ភ្លាម ក្រសួងការបរទេស​អង់គ្លេស ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរនាំ​ផងដែរ​។ លោក Nigel Adams មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​អះអាងថា អង់គ្លេស​កំពុង​ពិចារណា​ច្បាប់​ទណ្ឌកម្ម​ដែល​ស្រដៀង​នឹង​ច្បាប់ Magnitsky របស់​អាមេរិក​។ លោក ក៏​បង្ហើប​ផងដែរ​ថា តំណាងរាស្ត្រ​អង់គ្លេស​ក៏បាន​សួរនាំ​ពី​លទ្ធភាព​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​លោកស្រី Carrie Lam ប្រមុខ​ដឹកនាំ​ទឹកដី​ហុងកុង​។​
 
​ក្រៅ​អង់គ្លេស អាមេរិក និង​សហភាព​អឺរ៉ុប ក៏​ព្រមាន​ចាត់វិធានការ​លើ​ហុងកុង​ដែរ​។ លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ប្រ​ធានា​ធិ​បី​អាមេរិក និយាយថា អាមេរិក​នឹង​បន្ត​កំណត់​អត្តសញ្ញាណ និង​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​ហុងកុង​។ សហភាព​អឺរ៉ុប វិញ​អះអាងថា នឹង​ពិនិត្យ​លើ​វិធាន​ការដែល​ខ្លួន​មាននៅ​ចុងឆ្នាំ ដើម្បី​តប​ទៅនឹង​សកម្មភាព​របស់​ចិន ដែលជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​នយោបាយ​ពហុ​និយម និង​សេរីភាព​បញ្ចេញមតិ​នៅ​ហុងកុង​៕
 
 
 

Tag:
 ចិន​
  ហុងកុង​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com