ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យបក្សកាន់អំណាច៖ ការចុះចូលរបស់មន្រ្តីអតីតបក្សប្រឆាំង មានន័យថា ទឹកត្រជាក់ត្រីកុំ
13, Nov 2020 , 1:30 pm        
រូបភាព
អ្នកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា អតីតតំណាងរាស្រ្តគណបក្សប្រឆាំង (រូបពីទំព័រហ្វេសប៊ុក Clinic Ly Srey Vyna) និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (រូបពីគេហទំព័រព្រឹទ្ធសភា)
អ្នកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា អតីតតំណាងរាស្រ្តគណបក្សប្រឆាំង (រូបពីទំព័រហ្វេសប៊ុក Clinic Ly Srey Vyna) និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច (រូបពីគេហទំព័រព្រឹទ្ធសភា)
លោក សុខ ឥសាន ប្រដូចថា គណបក្សប្រជាជនកម្ពុជារបស់លោក ដូចជា ទឹកត្រជាក់ ដែលនាំឲ្យគេចុះចូលកាន់តែច្រើន ហើយអតីតគណបក្សសង្គ្រោះជាតិ ដូចជាទឹកក្តៅ ដែលធ្វើឲ្យគេចង់ចាកចេញ។



បន្ទាប់ពីអ្នកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា អតីតតំណាងរាស្រ្ត និងធ្លាប់ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានសុំសិទ្ធិនយោបាយឡើងវិញ ហើយព្រមទាំងសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏លើកពាក្យខ្មែរមួយឃ្លាថា «ទឹកត្រជាក់ត្រីកុំ»។

«ទឹកត្រជាក់ត្រីកុំ» ចាស់បុរាណខ្មែរ ចង់មានន័យថា កន្លែងណា ដែលមានថ្នាក់ដឹកនាំល្អ ប្រកបដោយគុណធម៌ កូនចៅឬថ្នាក់ក្រោមតែងតែស្មោះស្ម័គ្រនិងចង់រួមរស់ជាមួយ ហើយលើសពីនេះ អ្នកផ្សេងទៀត ក៏មានបំណងចូលទៅរួមរស់ជាមួយដែរ។

លោក សុខ ឥសាន ទំនងជាចង់ប្រៀបធៀបថា គណបក្សប្រជាជនកម្ពុជារបស់លោក គឺដូចជាទឹកត្រជាក់ដូច្នេះដែរ។ លោក មិនត្រឹមតែប្រើពាក្យ «ទឹកត្រជាក់ត្រីកុំ» ប៉ុណ្ណឹងទេ ដោយលោកនៅភ្ជាប់ឃ្លាតាមក្រោយមួយទៀត គឺ «ទឹកក្តៅ ត្រីហែលចេញ»។ «ទឹកក្តៅ» ប្រហែលជាលោក ចង់សំដៅទៅលើអតីតគណបក្សសង្គ្រោះជាតិ។

លោក សរសេរទៅកាន់ក្រុមអ្នកកាសែត តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា៖«ការដែលមានមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មានន័យថាទឹកត្រជាក់ត្រីកុំ ហើយបើកន្លែងណាទឹកក្តៅ ត្រីនឹងរត់ចេញហើយ»។

លោក មើលឃើញមូលហេតុថា ការដែលមន្ត្រីអតីតគណបក្សប្រឆាំង ចុះចូលជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់ គឺដោយសារតែការរង់ចាំអតីតគណបក្សប្រឆាំង កាន់តែអស់ពេលហើយ។ លោក បន្តថា ចំពោះករណីអ្នកស្រី លី ស្រីវីណា ចូលរួមជាមួយគណបក្សកាន់អំណាច គឺដោយសារអ្នកស្រី បាត់ជំនឿលើអតីតគណបក្សប្រឆាំង ដែលគ្មានថ្ងៃរស់ឡើងវិញ។

លោក ថែមទាំងនិយាយថា មនុស្សបោកប្រាស់និងភូតភរកុហក់ គ្មាននរណាអាចរស់នៅជាមួយបានយូរទេ។ មនុស្សបោកប្រាស់ទីនេះ លោក គ្មានសំដៅលើអ្នកណា ក្រៅពីមេដឹកនាំក្រុមប្រឆាំងឡើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រកាសស្វាគមន៍អ្នកស្រី លី ស្រីវីណា។ លោក ឆ្លៀតចោទជាសំណួរថា តើគ្រួសាររបស់អ្នកស្រី អាចនឹងស្នើសុំសិទ្ធិនយោបាយនិងសុំចូលគណបក្សកាន់អំណាចជាមួយអ្នកស្រីដែរឬទេ? លោក អះអាងទៀតថា គណបក្សកាន់អំណាច នៅតែបើកទ្វារចំហឲ្យមន្ត្រីអតីតគណបក្សប្រឆាំង សុំសិទ្ធិនយោបាយឡើងវិញ។

ក្រោយចូលគណបក្សកាន់អំណាច អ្នកស្រី លី ស្រីវីណា បានរងការរិះគន់ខ្លះៗ ពីអ្នកប្រឆាំងមួយចំនួន។ គេ មិនទាន់ដឹងឡើយថា អ្នកស្រី នឹងទទួលបានតំណែងអ្វីឬក៏ជាសមាជិកធម្មតា នៅក្នុងគណបក្សកាន់អំណាច។ អ្នកស្រី បដិសេធមិនផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗនោះទេ។ អ្នកស្រី មានប្រសាសន៍ថា៖«សុំទោស ខ្ញុំ មិននិយាយជាមួយអ្នកកាសែតទេ»។

លោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សប្រឆាំង បង្ហោះសារលើគណនីហ្វេសប៊ុកថា អ្នកស្រី លី ស្រីវីណា បានសុំចុះចូលគណបក្សប្រជាជនកម្ពុជា ខណ:គ្លីនិករបស់អ្នកស្រី ត្រូវបានបិទ ក្រោយមានករណីអ្នកជំងឺស្លាប់។ លោក សរសេរដូច្នេះថា៖«ការចុះចូល ដែលអនុញ្ញាតទទួលយល់ព្រមដោយមេគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន ...ត្រូវបានគេមើលឃើញថា អ្នកស្រី...គិតពីមុខរបររកស៊ីជាធំ ព្រោះថាអ្នកស្រី មានគ្លីនិកព្យាបាលជំងឺចំនួន២កន្លែង មួយនៅទីក្រុងភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប...»។

ប៉ុន្តែ លោក សុខ ឥសាន បញ្ជាក់ក្នុងតេឡេក្រាមថា ការបិទគ្លីនិករបស់អ្នកស្រី លី  ស្រីវីណា គឺជារឿងបច្ចេកទេសនិងរដ្ឋបាល ដោយមិនពាក់ព័ន្ធរឿងនយោបាយនោះទេ។

លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាប់ពន្ធនាគារជាង៣ឆ្នាំពីបទដឹកនាំធ្វើកុបកម្ម នៅទីលានប្រជាធិបតេយ្យចាស់ក្បែរវត្តភ្នំ បន្ថែមថា អ្នកស្រី លី ស្រីវីណា បានលាលែងពីអតីតគណបក្សប្រឆាំង តាំងពីឆ្នាំ២០១៧មកម្ល៉េះ គឺនៅមុនការរំលាយអតីតគណបក្សប្រឆាំងប៉ុន្មានខែប៉ុណ្ណោះ ដើម្បីចៀសវាងការប៉ះពាល់ដល់អាជីវកម្មរបស់អ្នកស្រី។

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sarath Sun បញ្ចេញយោបល់ថា អតីតតំណាងរាស្រ្តក្រុមប្រឆាំង ត្រូវបានចោទពីរឿងធ្វើខុសច្បាប់ផ្សេងៗនិងចោទពីអំពើក្បត់ជាតិ តែបើពួកគេ ព្រមចូលគណបក្សកាន់អំណាច គឺពួកគេអស់ទោសភ្លាម និងបានតំណែងភ្លាមតែម្តង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ សរសេរថា៖«បើតាមខ្ញុំដឹង ការចូលគណបក្សប្រជាជនកម្ពុជានេះ គឺជាថ្នូរគេឲ្យគាត់ បើកគ្លីនិកគាត់ឡើងវិញ ព្រោះគេទើបតែបិទគ្លីនិកគាត់ថ្មីៗនេះ»។

លោក សុភ័ណ្ឌ ឡារី ជាគាំទ្រអតីតគណបក្សប្រឆាំង បង្ហាញមតិលើបណ្តាញសង្គមថា អ្នកស្រី លី ស្រីវីណា ត្រូវគេបង្ខំឲ្យសុំសិទ្ធិនយោបាយឡើងវិញ ដើម្បីចុះចូលជាមួយគណបក្សកាន់អំណាច។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ គ្លីនិករបស់អ្នកស្រី លី ស្រីវីណា ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទ ក្រោមហេតុផលថា ពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ។ ការបិទនេះ គឺបន្ទាប់ពីមានករណីអ្នកជំងឺម្នាក់ជាមេធាវី បានស្លាប់ ពេលចូលសម្រាកព្យាបាលនៅគ្លីនិករបស់អ្នកស្រី។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានសរសេរលិខិត២ គឺលិខិតសុំសិទ្ធិនយោបាយឡើងវិញ និង លិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ ការសុំសិទ្ធិនយោបាយ គឺអ្នកស្រីសុំតាមរយៈសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយការសុំចូលរួមជាមួយគណបក្សកាន់អំណាច គឺអ្នកស្រីសុំទៅសម្តេចនាយករដ្ឋមន្រ្តីផ្ទាល់ ដែលជាប្រធានគណបក្ស។

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានសិទ្ធិនយោបាយដល់អ្នកស្រី លី ស្រីវីណា វិញ ក្រោយព្រះអង្គ ទទួលបានការក្រាបបង្គំទូលថ្វាយពីប្រមុខរដ្ឋាភិបាល។ ទន្ទឹមនេះ អ្នកស្រី ក៏បានក្លាយជាសមាជិកគ្រួសារគណបក្សកាន់អំណាច តាមរយៈចំណារយល់ព្រមរបស់សម្តេចនាយករដ្ឋមន្រ្តី នៅលើលិខិតស្នើសុំរបស់អ្នកស្រី។

ក្នុងចំណោមថ្នាក់ដឹកនាំប្រឆាំងជាង១០០នាក់ ដែលត្រូវបិទសិទ្ធិនយោបាយ មានជាង១០នាក់ហើយ ដូចជា លោក គង់ គាំ លោក សុន ឆៃ លោក អ៊ូ ច័ន្ទរ័ត្ន លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក ឡុង មុន្នី លោក គង់ បូរ៉ា និង អ្នកស្រី លី ស្រីវីណា ជាដើម បានសុំសិទ្ធិនយោបាយនិងទទួលបានសិទ្ធិនយោបាយឡើងវិញ។ ហើយក្នុងចំណោមអ្នកជាង១០នាក់នោះ មាន៣នាក់ហើយ គឺអ្នកស្រី វី ស្រីវីណា លោក ឡុង មុន្នី និង លោក គង់ បូរ៉ា ដែលចុះចូលជាមួយគណបក្សកាន់អំណាច។

ចំណែកអ្នកផ្សេងទៀត មានលោក ជីវ កត្តា និង លោក រៀល ខេមរិន្ទ្រ ជាដើម បានចេញទៅបង្កើតគណបក្សផ្ទាល់ខ្លួន ក្រោយទទួលបានសិទ្ធិនយោបាយ ខណៈ លោក គង់ គាំ បានទៅជ្រោមជ្រែងកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរ។ ដោយឡែក លោក សុន ឆ័យ លោក អ៊ូ ច័ន្ទរ័ត្ន និង អ្នកដទៃទៀត នៅរក្សាភាពស្ងប់ស្ងាត់ ទោះទទួលបានសិទ្ធិនយោបាយហើយក្តី។ 

រីឯ មេដឹកនាំកំពូលនៃអតីតគណបក្សប្រឆាំង គឺលោក សម រង្ស៊ី នៅតែមិនទាន់អាចចូលស្រុក ហើយលោក កឹម សុខា ដ្បិតតែនៅស្រុកពិតមែន តែមិនអាចធ្វើសកម្មភាពនយោបាយបាន។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មក វា មានរយៈពេល៣ឆ្នាំហើយ ដែលអតីតគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយចោល ដោយមកដល់ពេលនេះ មិនទាន់ឃើញសញ្ញាតូចណាមួយដែលបង្ហាញថា នឹងអាចរស់ឡើងវិញឡើយ៕

Tag:
 សុខ ឥសាន
  លី ស្រីវីណា
  សិទ្ធិនយោបាយ
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com