អន្តរជាតិ
លោក អូ​បា​ម៉ា ថា ទង្វើ​លោក ត្រាំ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាធិបតេយ្យ​
13, Nov 2020 , 2:05 pm        
រូបភាព
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីទើបជាប់ឆ្នោត (កាលនោះ) ដូណាល់ ត្រាំ ចាប់ដៃគ្នា អំឡុងជំនួបពិភាក្សារឿងផ្ទេរអំណាចនៅសេតវិមានអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ។ រូបភាព៖ AFP
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីទើបជាប់ឆ្នោត (កាលនោះ) ដូណាល់ ត្រាំ ចាប់ដៃគ្នា អំឡុងជំនួបពិភាក្សារឿងផ្ទេរអំណាចនៅសេតវិមានអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ។ រូបភាព៖ AFP
ដោយ:
​អតីត​ប្រធានាធិបតី​២​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រិះគន់​មន្ត្រី​បក្ស​សាធារណរដ្ឋ​ដែល​យល់ស្រប​ទាំង​ងងឹតងងល់​នឹង​ការអះអាង​របស់លោក ដូ​ណា​ល់ ត្រាំ ថា មាន​ការលួចបន្លំ​ការបោះឆ្នោត ទោះ​លទ្ធផល​បង្ហាញ​ច្បាស់​ថា លោក បៃ​ឌិន ឈ្នះ​ក៏ដោយ​ក្ដី​។ លោក អូ​បា​ម៉ា ចាត់ទុក​ទង្វើ​លោក​ត្រាំ​បែបនេះ​ថា បង្ក​ផលប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​។

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់ថា ការចោទប្រកាន់​គ្មាន​ភស្តុតាង​របស់លោក ដូ​ណា​ល់ ត្រាំ ក៏​ព្រោះតែ​លោក​ប្រធានាធិបតី​មិន​ចូលចិត្ត​ចាញ់ ហើយ​មិន​ធ្លាប់​សារភាពថា​ចាញ់​។ 
 
​សម្រាប់​លោក អូ​បា​ម៉ា ទង្វើ​នេះ​មិន​ត្រឹមតែ​បង្ក​អន្តរាយ​ដល់​អនាគត​រដ្ឋបាល​លោក បៃ​ឌិន ប៉ុណ្ណោះ​ទេ តែ​ក៏​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក​ទៀត​ផង​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា​៖«​នេះ​ជា​មាគ៌ា​ដ៏​គ្រោះថ្នាក់​មួយ​»​។​
 
​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អាមេរិក​រូ​ប​នេះ លើកឡើង​ទៀតថា លោក បៃ​ឌិន ច្បាស់​ណាស់​គឺជា​អ្នកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ​។ ជាក់ស្តែង បើ​មើល​តាម​លទ្ធផល​ឆ្នោត​ដែល​ត្រូវបាន​ប្រកាស​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ធំៗ​កាលពី​សប្ដាហ៍​មុន លោក​បៃ​ឌិន​ទទួល​សំឡេង​ប្រតិភូ​២៩០​គ្រប់គ្រាន់​សម្រាប់​តំណែង​ប្រធានាធិបតី ហើយ​បច្ចុប្បន្ន​លោក​នាំមុខ​លោក​លោក​ត្រាំ ៥,២​លាន​សំឡេងឆ្នោត ឬ​ស្មើ ៣,៦​ភាគរយ​។​
 
​ការធ្វើ​អត្ថាធិប្បាយ​របស់លោក​អូ​បា​ម៉ា កើតឡើង​ខណៈ​លោក ត្រាំ បន្ត​ចោទ​ជា​សំណួរ​ជុំវិញ​ភាពស្របច្បាប់​នៃ​ការរាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ប្រទាញប្រទង់​មួយចំនួន ដូចជា Michigan, Wisconsin និង Georgia ដែល​ជួយ​ឲ្យ​លោក បៃ​ឌិន ឈ្នះ​។ 
 
​ទន្ទឹមនេះ បណ្ដា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ក្នុង​សភា បាន​ទទូច​ឲ្យ​លោក ត្រាំ កុំ​ព្រម​ចិត្ត​ចុះចាញ់ ឬ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ទោះជា​គ្មាន​ភស្តុតាង​បញ្ជាក់​ការលួចបន្លំ​ការបោះឆ្នោត​ក៏ដោយ​ក្តី​។ ក្នុង​កិច្ច​សម្ភាស​ដដែល លោក អូ​បា​ម៉ា អះអាងថា លោក​មិន​អស់ចិត្ត​ត្រង់​មន្ត្រី​បក្ស​សាធារណរដ្ឋ ដែល​ដឹង​លទ្ធផល​ច្បាស់ បែរជា​ចាក់បណ្ដោយ​តាម​លោក ត្រាំ ទៅវិញ​។ 
 
​ដោយឡែក មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយក្រុម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​អាមេរិក  បានបញ្ជាក់​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា​ថា គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញថា សន្លឹកឆ្នោត​ត្រូវ​បាត់ ឬ​ផ្លាស់ប្តូរ ឬក៏​ប្រព័ន្ធ​បោះឆ្នោត​កើតរឿង​មិន​ប្រក្រតី​ណាមួយ​ឡើយ​។  
 
«​ការបោះឆ្នោត​ថ្ងៃទី ៣ វិច្ឆិកា គឺជា​ការបោះឆ្នោត​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​»​។ ក្រុមប្រឹក្សា​សម្របសម្រួល​រដ្ឋាភិបាល​លើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​បោះឆ្នោត (Election Infrastructure Government Coordinating Council) សរសេរ​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។​
 
​ការបញ្ចេញ​សេចក្តីថ្លែងការណ៍​នេះ គឺ​ឆ្លើយតប​នឹង​ការអះអាង​គ្មាន​ភស្តុតាង​របស់លោក ត្រាំ ដោយ​ចោទថា សន្លឹកឆ្នោត​គាំទ្រ​ជាង ២,៧ លាន​នៅ​ទូទាំងប្រទេស ត្រូវបាន​មោ​ឃៈ ហើយ​រាប់ម៉ឺន​សន្លឹក​ទៀត ដែល​លោក ត្រាំ អះអាងថា ជា​សន្លឹកឆ្នោត​បោះ​ឲ្យ​លោក បែរ​ត្រូវ​ផ្លាស់ប្តូរ​ទៅជា​សំឡេង​របស់លោក បៃ​ឌិន វិញ ជាពិសេស​ក្នុង​រដ្ឋ Pennsylvania ៕ 

Tag:
 សហរដ្ឋអាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com