ដោយសារកូវីដ-១៩ «សប្តាហ៍ថាមពលស្អាតឆ្នាំ២០២០» (Clean Energy Week Cambodia) ត្រូវដំណើរការតាមអ៊ីនធ័រណិត ចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងនោះមានការពិភាក្សាតាម Webinar និងការរៀបចំព្រឹត្តិការណ៍នៅទីតាំងមួយចំនួន ដោយអនុវត្តតាមគោលការគម្លាតសុវត្ថិភាព។ អូស្ត្រាលី ដែលស្ថាបនិកឧបត្ថម្ភ រួមជាមួយ អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងស្ថានទូតអង់គ្លេស សន្យាបន្តជួយដល់កម្ពុជាក្នុងការពង្រឹងថាមពលស្អាត ពីពន្លឺព្រះអាទិត្យ (សូឡា) និងខ្យល់ ដើម្បីឈានទៅដល់ការបញ្ចុះតម្លៃអគ្គិសនី។
«កម្ពុជាមានធនធានពន្លឺព្រះអាទិត្យ និងខ្យល់បរិបូរណ៍ដែលអាចជួយកាត់បន្ថយតម្លៃអគ្គិសនីបាន»។ នេះជាការលើកឡើងរបស់លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី តាមរយៈឃ្លីបវីដេអូប្រមាណ៥នាទីដើម្បីអបអរការចាប់ផ្តើម «សប្តាហ៍ថាមពលស្អាតឆ្នាំ២០២០» តាមអ៊ីនធ័រណិត។
លោក Pablo Kang បានបង្ហាញពីការជ្រោមជ្រែងរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះភាគីកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍យុទ្ធសាស្ត្រថាមពលដែលអាចកកើតជាថ្មី ជាពិសេសអូស្ត្រាលីក៏បានឧបត្ថម្ភមួយចំណែកដល់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការរៀបចំផែនការថាមពលមេរបស់រដ្ឋាភិបាលកម្ពុជាដែលគ្រោងដល់ឆ្នាំ២០៤០ផងដែរ។
លោកបានលើកឡើងថា នៅឆ្នាំ២០៥០ ខ្យល់ និងពន្លឺព្រះអាទិត្យ នឹងក្លាយជាប្រភពអគ្គិសនីផ្គត់ផ្គង់ជាងពាក់កណ្តាលពិភពលោក ហើយបច្ចុប្បន្ន ផ្ទះមួយក្នុងចំណោម៥នៅអូស្ត្រាលីប្រើថាមពលពន្លឺព្រះអាទិត្យ ជាប្រភពអគ្គិសនី។
«ក្នុងនាមជាអ្នកជិតខាង និងជាមិត្ត អូស្ត្រាលីប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីគាំទ្រកម្ពុជាក្នុងកិច្ចប្រឹងប្រែងឈានទៅការពង្រីកថាមពលដែលមានតម្លៃសមរម្យ អាចជឿជាក់បាន និងប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា»។ នេះជាការអះអាងរបស់លោកឯកអគ្គរាជទូតអូស្ត្រាលី ហើយតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត លោកមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី កំពុងគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍថាមពលស្អាតនេះ តាមរយៈក្រសួងរ៉ែនិងថាមពល, អគ្គិសនីកម្ពុជា, អាជ្ញាធរអគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរ អ្នកស្រី Bridget McIntosh នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ EnergyLab មានគូសបញ្ជាក់ថា «សប្តាហ៍ថាមពលស្អាត» ជាការឱកាសដែលបង្ហាញឲ្យឃើញថា ថាមពលស្អាត អាចនាំមកដល់កម្ពុជា នូវតម្លៃអគ្គិសនីទាប និងមានការកើនឡើងនូវការវិនិយោគ។ លើសពីនេះគឺការបង្កើតការងារប្រកបដោយចីរភាពកាត់បន្ថយការបំពុលបរិស្ថាន និងមានឯករាជ្យភាពក្នុងការប្រើប្រាស់ថាមពល ។
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានផ្សាយអំពីថាមពលកកើតឡើងវិញនៅក្នុងឆ្នាំ២០២០(Renewables2020)ដោយបង្ហាញថា ថាមពលកកើតឡើងវិញនឹងគ្របដណ្តប់ថាមពលធ្យូងថ្ម ហើយ ថាមពលកកើតឡើងវិញនេះ នឹងក្លាយជាប្រភពថាមពលអគ្គីសនីធំបំផុតលើពិភពលោក នៅឆ្នាំ ២០២៥។ បើតាមអ្នកស្រី McIntosh នេះបណ្តាលពីមូលហេតុនៃការធ្លាក់ចុះយ៉ាងខ្លាំងរបស់តម្លៃថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នាបច្ចុប្បន្ន។
អ្នកស្រីបានបន្តថា ថាមពលពន្លឺព្រះអាទិត្យPV និងខ្យល់នៅតាមឆ្នេរសមុទ្រគឺជាមធ្យោបាយដែលផ្តល់តម្លៃថោកបំផុតនៅពេលបន្ថែមរោងចក្រផលិតអគ្គិសនីថ្មី សម្រាប់ប្រទេសនានា ហើយនេះជាប្រវត្តិសាស្ត្រដែលគម្រោងថាមពលសូឡា ផ្តល់ជូនអគ្គិសនីដែលមានតម្លៃទាបបំផុត។
«តម្លៃដើម[ដែលមានតម្លៃទាប]ទាំងនេះ កំពុងតែចាប់ផ្តើមមានការចុះបញ្ជីជាបណ្តើរៗនៅកម្ពុជា»។ អ្នកស្រី McIntosh មានប្រសាសន៍បន្ថែមដូច្នេះ ដោយបញ្ជាក់ថា កសិដ្ឋានថាមពលសូឡាដំបូងបង្អស់របស់ កម្ពុជាក្នុងឆ្នាំ២០១៧ មានតម្លៃ ៩.២សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្នុងមួយឆ្នាំក្រោយមក បានចុះមកត្រឹម៧.៦សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ មកដល់ឆ្នាំ២០១៩ ការប្រកួតប្រជែងដេញថ្លៃនៃកសិដ្ឋានថាមពលសូឡាទទួល មានតម្លៃត្រឹមតែ ៣.៨៧៧ សេនក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។ សម្រាប់ គម្រោងថាមពលស្អាតពីខ្យល់ជាលើកដំបូងរបស់កម្ពុជានៅខេត្តកំពត ក៏តម្លៃត្រឹម ៦.៨៥ សេនមួយគីឡូវ៉ាត់ម៉ោង ផងដែរ។
លោក Pablo Kang អគ្គឯករដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា(ស្តាំ)។
នាយកអង្គការ EnergyLab ប្រចាំកម្ពុជារូបនេះ បានអះអាងថា តម្លៃថាមពលស្អាតទាំងនេះ បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងកម្ពុជានាំចូលធ្យូងថ្មពីឆ្នាំមុន(២០១៩)ពីប្រទេសឡាវ និងគម្រោងវារីអគ្គិសនីនៅក្នុងខេត្តកោះកុង គឺមានតម្លៃថោកជាង។ កាលពីឆ្នាំ២០១៩កន្លងមក កម្ពុជានាំចូលថាមពលធ្យូងថ្ម ពីប្រទេសឡាវ មានតម្លៃ៧.៧សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ រិឯគម្រោងវារីអគ្គិសនីនៅខេត្តកោះកុង វិញមានតម្លៃរហូតដល់ ៧.៩សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។
បច្ចុប្បន្នអ្នកបង្កើតគោលនយោបាយនៅកម្ពុជា កំពុងរៀបចំផែនការអគ្គិសនីរហូតដល់ឆ្នាំ២០៤០។ បើតាមអ្នកស្រីBridget McIntosh វិបត្តិនៃជំងឺកូវីដ-១៩សព្វថ្ងៃនេះ បានកាត់បន្ថយតម្រូវការអគ្គិសនី។ ដូច្នេះផែនការអគ្គិសនីនោះ អាចយកមកវិភាគដោយយកចិត្តទុកដាក់លើការកាត់បន្ថយនៃតម្លៃ ដើម្បីគាំទ្រដល់ថាមពលអគ្គិសនីដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យសម្រាប់កម្ពុជា៕