អន្តរជាតិ
ចៅក្រម​ចិន និង​ជប៉ុន​ជាប់ឆ្នោត​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​
13, Nov 2020 , 8:29 pm        
រូបភាព
លោកស្រីXue Hanqinចៅក្រមចិននៅតុលាការយុត្តិធម៌អន្តរជាតិ។ រូបភាព៖ Xinhau
លោកស្រីXue Hanqinចៅក្រមចិននៅតុលាការយុត្តិធម៌អន្តរជាតិ។ រូបភាព៖ Xinhau
ដោយ:
​ចៅក្រម​ចិន និង​ជប៉ុន បាន​ជាប់ឆ្នោត​ទៅ​បំពេញការងារ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រាប់​រយៈពេល​៩​ឆ្នាំ​នៅ​ស្ថាន​ប័ន​យុត្តិធម៌​កំពូល​របស់​ពិភពលោក​មួយ​នេះ​។ ការបោះឆ្នោត​ជ្រើសរើស​ចៅក្រម​ថ្មី​ចំនួន​៥​រូប ធ្វើឡើង​នៅ​ថ្ងៃទី​១១ និង​១២ វិច្ឆិកា​នៅ​អង្គ​មហាសន្និបាត និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

 
​ក្នុងការ​បោះឆ្នោត​ប្រជែង​តំណែង​ចៅក្រម​ចំនួន​៥ ដែល​នៅ​ទំនេរ ចៅក្រម​ចំនួន​៨​រូប​មកពី​ចិន ជប៉ុន ស្លូ​វ៉ា​គី ក្រូ​អាស៊ី អាល្លឺម៉ង់ អ៊ូ​ហ្ក​ង់​ដា នី​ហ្សេ​រី​យ៉ា និងរ​វ៉ាន់ដា បាន​ចូលរួម​។​លទ្ធផល​បង្ហាញថា ចៅក្រម​មកពី​ជប៉ុន ចិន អាល្លឺម៉ង ស្លូ​វ៉ា​គី និង​អ៊ូ​ហ្ក​ង់​ដា ត្រូវបាន​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​៩​ឆ្នាំ ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ចៅក្រម​មកពី​អាល្លឺម៉ង់ ជា​ចៅក្រម​ថ្មី​សម្រាប់​តុលាការ​នេះ ព្រោះ​ចៅក្រម​៤​រូប​ទៀត ធ្លាប់​បម្រើការ​មួយ​អាណត្តិ​ទៅហើយ​។​
 
​ពី​ចិន គឺ​លោកស្រី Xue Hanqin ដែលជា​អនុប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​អាណត្តិ​មុន​។ មុននឹង​បម្រើការ​នៅក្នុង​តុលាការ លោកស្រី​ធ្លាប់ធ្វើ​ការងារ​ក្នុង​គណៈកម្មការ​ច្បាប់​អង្គការសហប្រជាជាតិ ក្រសួងការបរទេស​ចិន និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ហូ​ឡង់ និង​អាស៊ាន​។ លោកស្រី​ជា​ស្ត្រី​ចិន ដំបូងបង្អស់​ដែល​បំពេញ​តួនាទី​ជា​ចៅក្រម​ក្នុង​តុលាការ​នេះ​។ ក្នុងការ​បោះឆ្នោត​លើក​នេះ លោកស្រី​ទទួលបាន​សំឡេងឆ្នោត​១៥៥ ក្នុងចំណោម​ប្រទេស​១៩៣​។​
 
​រីឯ​លោក Yuji Iwasawa ដែលជា​ជនជាតិ​ជប៉ុន មុននឹង​បម្រើការ​ជា​ចៅក្រម​ក្នុង​តុលាការ​នៅ​ឆ្នាំ​២០១៨ លោក​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ផ្នែក​សិទ្ធិ​ស៊ីវិល និង​នយោបាយ​ពី​ឆ្នាំ​២០១៧ ដល់​២០១៨ និង​ជា​សាស្ត្រាចារ្យ​ច្បាប់សាធារណៈ​អន្តរជាតិ  និង​ជា​អ្នកស្រាវជ្រាវ​ផងដែរ​។​លោក​ទទួលបាន​សំឡេងឆ្នោត​ចំនួន​១៦៩ ក្នុងចំណោម​ប្រទេស​១៩៣​។​
 
​ក្រៅពី​ចៅក្រម​ចិន និង​ជប៉ុន ចៅក្រម​អាល្លឺម៉ង់​ទទួលបាន​សំឡេងឆ្នោត​១៦០ ស្លូ​វ៉ា​គី​១៥០ និង​អ៊ូ​ហ្ក​ង់​ដា​១៣៩​។ តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​ចៅក្រម​ចំនួន​១៥​រូប ដែលមាន​អាណត្តិ​៩​ឆ្នាំ និង​បោះឆ្នោត​រៀងរាល់​៣​ឆ្នាំ​ម្តង​។ 
 
​ដើម្បី​អាច​ឈរឈ្មោះ​ជា​បេក្ខភាព​ចៅក្រម​បាន បុគ្គល​រូបនោះ​ត្រូវបាន​សីលធម៌​ខ្ពស់ និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ទទួល​តំណែង​ខ្ពស់បំផុត​ក្នុង​វិស័យ​យុត្តិធម៌​នៃ​ប្រទេស​ខ្លួន​។ ជាទូទៅ​បុគ្គល​រូបនោះ​ត្រូវ​តែងតាំង​ដោយ​រដ្ឋ​ណាមួយ និង​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត និង​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ និង​មហាសន្និបាត​។ បេក្ខភាព​ចៅក្រម​ត្រូវការ​សំឡេងឆ្នោត​ចំនួន​៨ ក្នុង​ក្រុមប្រឹក្សាសន្តិសុខ និង​៩៧​ក្នុង​មហាសន្និបាត​ដើម្បី​អាច​ជាប់ឆ្នោត​បាន​។​
 
​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​អង្គភាព​ចំណុះ​ឲ្យ​អង្គការសហប្រជាជាតិ​ដែល​ទទួល​បណ្តឹង​រវាង​រដ្ឋ​នឹង​រដ្ឋ បើសិនជា​ខ្លួន​មើលឃើញថា​មាន​យុត្ត​ធិ​ការ​គ្រប់គ្រាន់ ក៏ដូចជា​ផ្តល់យោបល់​ផ្លូវច្បាប់ (Advisory Opinion)​ដល់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្សេងទៀត​ដូចជា​ក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត ឬ​អង្គការ​សុខភាព​ពិ​ភាព​ពិភពលោក​ជាដើម​។​
 
​ទោះបី​តុលាការ​ពុំ​បែងចែក​ចំនួន​ចៅក្រម​តាម​តំបន់​ក្តី លក្ខន្តិកៈ​ក្រៅ​ផ្លូ​ការ​កំណត់ថា ប្រទេស​លោកខាងលិច​មា​ន​ចៅក្រម​ចំនួន​៥ អាហ្វ្រិក​ចំនួន​៣ អាស៊ី​ចំនួន​៣ អឺរ៉ុប​ខាងលិច​ចំនួន​២ ចំណែក​អាមេរិក​ឡាទីន​និង​កា​រ៉ា​អ៊ី​ប​ចំនួន​២៕
 

Tag:
 ​ចិន​
  ជប៉ុន​
 UN
© រក្សាសិទ្ធិដោយ thmeythmey.com