ជាតិ
ព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសាប្រគល់ថ្មបុរាណ៣ដុំទៅអាជ្ញាធរជាតិអប្សរា
× ថ្មបុរាណចំនួនបីដុំ ត្រូវបានព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសា ប្រគល់ជូនអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ វិច្ឆិកា ដើម្បីរក្សាទុកជាសម្បត្តិជាតិ និងការពារ។ នេះបើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
ថ្មបុរាណទាំង បីដុំ ដែលត្រូវបានព្រះតេជគុណ តាត មហាទី ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ជាប្រភេទថ្មភក់ ដោយក្នុងនោះមានថ្មពីរដុំ ជាចម្លាក់ព្រះពុទ្ធរូប ដែលឆ្លាក់មិនទាន់ហើយ និងថ្មមួយដុំទៀតជា ចម្លាក់ខឿនប្រាសាទដែលមានក្បាច់លម្អផងដែរ។ នេះបើតាមលោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មាន ThmeyThmey25ថា អាជ្ញារធរជាតិអប្សរាមិនទាន់អាចកំណត់សម័យកាលរបស់ថ្មទាំងនេះបានទេ។ លោកបានថ្លែងដូច្នេះថា៖ « សម្រាប់ថ្មទាំងនោះ បើយើងគិត គឺយើងគិតជាសម័យកាល តែខ្ញុំមិនទាន់បានការបញ្ជាក់ពីអ្នកជំនាញថា ស្ថិតក្នុងសម័យកាលណានៅឡើយទេ»។
ព្រះតេជគុណ តាត មហាទី មានសង្ឃដីការ ពីមូលហេតុដែលតេជគុណ ស្ម័គ្រព្រះទ័យប្រគល់ថ្មទាំងបីនេះជូន អាជ្ញាធរជាតិអប្សរាថា៖ «ព្រោះជាការចូលរួមជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរក្សាវត្ថុបុរាណទុកជាសម្បត្តិជាតិ ការពារសុវត្ថិភាព។ ព្រមទាំងសម្រាប់ការស្រាវជ្រាវរកវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះពុំយល់ដឹង»។
បើតាមព្រះតេជគុណ តាត មហាទី ថ្ម២ដុំដែលពុំមានរូបរាងច្បាស់លាស់ គឺស្រង់បានពេលស្តារស្ទឹងសៀមរាប។ ចំណែកចម្លាក់ខឿនប្រាសាទមួយផ្ទាំងនោះ គឺស្ថិតក្នុងចំនួន១០ដុំផ្សេងគ្នាដែលយកមកពីវត្តពោធ៍លង្កា ហើយត្រូវបានគេយកទៅប្រើសម្រាប់សំលៀងកាំបិត តែព្រះអង្គបានសុំរក្សាទុក និងមួយចំនួនទៀតតេជគុណបានរក្សាទុកក្រោមបល្ល័ង្គព្រះ ។
ទាក់ទងនិងថ្មនៅសល់ក្រោមបល្ល័ង្គព្រះ លោក ឡុង កុសល លើកឡើងដូច្នេះថា៖ « ខ្ញុំទទួលព័ត៌មានពីព្រះសង្ឃថាចង់ប្រគល់ថ្ម ប៉ុន្តែមូលហេតុដែលកាលនោះព្រះសង្ឃយកថ្មទៅទុកក្រោមបល្ល័ង្គព្រះ ព្រោះពេលនោះគឺមានភាពអសុវត្ថិភាព។ ហើយឥឡូវនេះយើងមិនទាន់អាចយកថ្មទាំងនេះចេញអស់បានទេ ក៏ប៉ុន្តែយើងកំពុងរកវិធីដើម្បីយកថ្មពីក្រោមបល្ល័ង្គព្រះទាំងអស់មករក្សាទុកផងដែរ»៕
Tag:
អាជ្ញាធរជាតិអប្សរា
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com