ជាតិ
​អ្នក​កំពង់ឆ្នាំង កំពង់ចាម និង​ព្រៃវែង​ជាង​៨០០០​គ្រួសារ ទទួលបាន​ស្រូវពូជ​ពី​រដ្ឋាភិបាល​
13, Nov 2020 , 9:29 pm        
រូបភាព
ដោយ:
​ប្រជាកសិករ​ចំនួន ៨ ៤១០ គ្រួសារ ក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ចាម និង​ព្រៃវែង ទទួលបាន​ពូជស្រូវ​ចំនួន ៨៤១​តោន ពី​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ដើម្បី​ស្ដារ​ដំណាំ​ស្រូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមក​។ មានន័យថា កសិករ​មួយ​គ្រួសារ ទទួលបាន​ពូជស្រូវ ១០០​គីឡូក្រាម​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ទាំង​៣​នេះ​។

 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​នីមួយៗ​ឲ្យ​ដឹងថា ពូជស្រូវ ៣៥០​តោន ត្រូវបាន​ចែក​ទៅ​កសិករ ៣ ៥០០​គ្រួសារ​នៅ​ខេត្តព្រៃវែង​។ រីឯ​ខេត្តកំពង់ឆ្នាំង មាន​ពលរដ្ឋ​ចំនួន ១ ៧១០​គ្រួសារ ទទួលបាន​ពូជស្រូវ​ចំនួន ១៧១​តោន និង​ខេត្តកំពង់ចាម​មាន​ពល​រដ្ឋ​ចំនួន ៣ ២០០​គ្រួសារ ទទួលបាន​ពូជស្រូវ​ចំនួន ៣២០​តោន​។ ក្រៅពី​ពូជស្រូវ កសិករ​ក៏​ទទួលបាន​ពូជ​បន្លែ និង​ស្បៀង​មួយចំនួនទៀត​ដែរ​។​
 
​កន្លងមក​ក្រសួងកសិកម្ម​ធ្លាប់​អះអាង​ប្រាប់ Thmeythmey25 ថា រដ្ឋាភិបាល​បាន​ត្រៀម ពូជស្រូវ​ប្រមាណ ៤.៦​ពាន់​តោន និង​ពូជ​ដំណាំ​រួមផ្សំ ប្រមាណ​១៦​តោន ដើម្បី​ស្តារ​ដំណាំ​កសិកម្ម​ដែល​ខូចខាត​ដោយ​ទឹកជំនន់​ឡើងវិញ​នៅ​ទូទាំងប្រទេស​។​
 
​បើតាម​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​Thmeythmey25​ថា កន្លងមក​មាន​កសិក​រ​ជាង ៤​ម៉ឺន​គ្រួសារ​ហើយ​នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ បានទទួល​ពូជស្រូវ​ពី​រាជរដ្ឋាភិបាល​។ សម្រាប់​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ រាជរដ្ឋាភិបាល បាន​បន្ត​ចែក​ពូជស្រូវ​ជូន​កសិករ​នៅ​ខេត្តកំពង់ចាម និង​កំពង់ឆ្នាំង និង​ព្រៃវែង​។ ដោយឡែក​បណ្ដា​ខេត្ត​នានា ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក៏​នឹង​ទទួលបាន​ពូជស្រូវ​ជា​បន្តបន្ទាប់​ដែរ​។​
 
​គួររំឭកថា រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់ មានដូចជា ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ ស្វាយរៀង មណ្ឌលគិរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​៕
 
 

Tag:
 ពូជស្រូវ​
 ​កំពង់ឆ្នាំង កំពង់ចាម និង​ព្រៃវែង​
 ​ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com