សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ហាម​ក្រុមហ៊ុន​អាមេរិក​បោះទុន​ក្នុង​ក្រុមហ៊ុន​ចិន​ដែល​ពាក់ព័ន្ធ​នឹង​យោធា​
13, Nov 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនាពេលកន្លងទៅ ។ រូបភាព៖ AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនាពេលកន្លងទៅ ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ដោយ​ហាមឃាត់​វិនិយោគិន​អាមេរិក​បោះទុន​ក្នុង​ក្រុមហ៊ុន​ចិន ដែល​ក្រុង​វ៉ាស៊ីនតោន​អះអាងថា ពាក់ព័ន្ធ​នឹង​យោធា​ចិន​។ នេះ​ជាការ​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​ក្រុង​ប៉េកាំង ខណៈ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ កំពុងតែ​តានតឹង​ខ្លាំង​ស្រាប់​ផង​នោះ​។

 
​បើ​គ្មានអ្វី​ប្រែប្រួល ចាប់ពី​ថ្ងៃទី ១១ ខែមករា​តទៅ បញ្ជា​ប្រតិបត្តិ នឹង​ហាមឃាត់​វិនិយោគិន​អាមេរិក​ពី​ការបញ្ជាទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​ចំនួន​៣១​ក្រុមហ៊ុន ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​ក្រសួង​ការពារ​អាមេរិក​ថា ពាក់ព័ន្ធ​នឹង​យោធា​ចិន នៅ​ដើមឆ្នាំ​២០២០​នេះ​។ ក្រុម​វិនិយោគិន​អាមេរិក មាន​ពេល​រហូតដល់​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ដក​ភាគហ៊ុន​ដែល​ពួកគេ​មាន​ចេញពី​ក្រុមហ៊ុន​ចិន​ហាមឃាត់​ទាំងនេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បម្រាម​នេះ អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ធំៗ​របស់​ចិន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ទូរគមនាគមន៍ China Telecom, China Mobile និង​ក្រុមហ៊ុន​ផលិត​សម្ភារ​ឃ្លាំមើល Hikvision ជាដើម​។ ក្នុង​បញ្ជា​ប្រតិបត្តិ ដែល​ចុះផ្សាយ​ដោយ​សេត​វិមាន លោក ដូ​ណា​ល់ ត្រាំ អះអាងថា ចិន​បង្កើន​ការ​កេងចំណេញ​ពី​មូលធន​អាមេរិក ដើម្បី​យកទៅ​ផ្គត់ផ្គង់ និង​អភិវឌ្ឍ​ក៏ដូចជា​ធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន​។ 
 
​លោក​ប្រធានាធិបតី​សង្កត់ធ្ងន់ថា វិនិយោគិន​អាមេរិក កំពុង​ជួយ​ចិន​គំរាមកំហែង​ដោយផ្ទាល់​មកលើ​សហរដ្ឋ​អាមេរិក និង​កងកម្លាំង​អាមេរិក​នៅ​បរទេស ក្រោមរូបភាព​ដូចជា ការអភិវឌ្ឍ​និង​ដាក់ពង្រាយ​អាវុធ​ប្រល័យ​លោក (WMD) សព្វាវុធ​ទំនើបៗ ក៏ដូចជា ការវាយប្រហារ​តាម​អន​ឡាញ​ប្រឆាំង​សហរដ្ឋអាមេរិក និង​ប្រជាជន​អាមេរិក​។ 
 
​ការប្រកាស​ដាក់​បម្រាម​នេះ ជា​គោលនយោបាយ​សំខាន់​ដំបូង​ពី​សំណាក់​ប្រធានាធិបតី​ត្រាំ ចាប់តាំងពី​ចាញ់ឆ្នោត​នា​ថ្ងៃទី ៣ ខែវិច្ឆិកា ជាមួយ​លោក ចូ បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​មក​។ កាលពី​សប្ដាហ៍​មុន លោក បៃ​ឌិន ត្រូវបាន​ប្រកាសថា អ្នកឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២០​នេះ ក្រោយ​ទទួល​សំឡេង​ប្រតិភូ​លើស​២៧០ ដែល​គ្រប់គ្រាន់​សម្រាប់​ក្លាយជា​ម្ចាស់​សេត​វិមាន​។ ក៏ប៉ុន្តែ​លោក​ត្រាំ មិន​សុខចិត្ត​ចុះចាញ់ ហើយ​ប្ដឹងតវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​។​
 
​ម្យ៉ាង​ទង្វើ​របស់​រដ្ឋបាល​លោក​ត្រាំ​ចុងក្រោយ​នេះ ទំនងជា​បញ្ឆេះ​ភាព​តានតឹង​កាន់តែខ្លាំង​ទៀត​ក្នុង​ទំនាក់ទំនង​មហាអំណាច​ពិភពលោក​ទាំងពីរ​នេះ ដែល​មើលមុខ​គ្នា​មិន​ចំ​ស្រាប់​ហើយ​ពាក់ព័ន្ធ​បញ្ហា​ជាច្រើន រាប់​ចាប់ពី សង្គ្រាម​ពាណិជ្ជកម្ម ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​នៅ​ហុងកុង ជាដើម​៕ 
 
 
 

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com