អន្តរជាតិ
រដ្ឋាភិបាល​ចិន សាទរ​លោក បៃ​ឌិន ដែល​ឈ្នះឆ្នោត​
13, Nov 2020 , 4:15 pm        
រូបភាព
លោក បៃឌិន ថ្លែងអំឡុងសន្និសីទព័ត៌មាន នៅរដ្ឋ Delaware កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ។ រូប៖ AFP
លោក បៃឌិន ថ្លែងអំឡុងសន្និសីទព័ត៌មាន នៅរដ្ឋ Delaware កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ។ រូប៖ AFP
ដោយ:
​ជិត​មួយ​សប្ដាហ៍​ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត រដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួងការបរទេស បានប្រកាស​អបអរសាទ​រលោក ចូ បៃ​ឌិន និង​អ្នកស្រី កា​ម៉ា​ឡា ហារី​ស ចំពោះ​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​អាមេរិក​។ បន្ទាប់ពី​ចិន គេ​នៅ​ទន្ទឹង​ចាំមើល​រុស្ស៊ី​វិញ ខណៈ​លោក​ត្រាំ​នៅ​តតាំង​លទ្ធផល​បោះឆ្នោត​។​

 
«​យើង​បាន​តាមដាន​ការ​ប្រតិកម្ម​លើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំនេះ​ទាំងពី​ក្នុង​សហរដ្ឋអាមេរិក និង​ពី​សហគមន៍​អន្តរជាតិ​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា​។ 
 
«​យើង​គោរព​ជម្រើស​របស់​ពលរដ្ឋ​អាមេរិក និង​ផ្ញើ​សារ​អបអរ​ដល់​លោក បៃ​ឌិន និង​អ្នកស្រី ហារី​ស​»​។ លោក Wang បញ្ជាក់បន្ថែម​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទូរទស្សន៍ Bloomberg ។ 
 
​ក្រោយ​ឈ្នះ​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោក បៃ​ឌិន ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ធំៗ​ប្រកាសថា​ឈ្នះ​ការបោះឆ្នោត ដ្បិត​លោក​ទទួលបាន​សំឡេង​ប្រតិភូ ២៨៤ គ្រប់គ្រាន់​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​៤៦​។  ក៏ប៉ុន្តែ​មកទល់ពេលនេះ លោក​ត្រាំ មិនទាន់​ព្រម​ចុះ​ចាញ់ហើយ​ប្ដឹងតវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​។ 
 
​ទោះ​ប្រកាស​អបអរ​លោក បៃ​ឌិន ក៏ដោយ​ក្ដី លោកអ្នក​នាំពាក្យ Wang បាន​អះអាងថា រដ្ឋាភិបាល​ចិន​យល់​ដឹងថា លទ្ធផល​ឆ្នោត​អាមេរិក នឹងត្រូវ​សម្រេច​តាមរយៈ​នីតិវិធី​និង​ច្បាប់​របស់​សហរដ្ឋអាមេរិក​។ 
 
​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស ពួកលោក​ខាងលិច និង​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​មហាអំណាច​ពិភពលោក​មួយ​នេះ នាំគ្នា​ផ្ញើ​សារ​អបអរ​ជោគជ័យ​លោក​បៃ​ឌិន​លើ​លោក ដូ​ណា​ល់ ត្រាំ​
​ប្រ​ធានា​ធិ​ប​តិ​ជិត​ផុត​អាណត្តិ​។ បន្ទាប់ពី​ចិន គេ​នៅ​រង់​ចាំមើល​ប្រទេស​ដែលជា​គូប្រជែង​អាមេរិក​ផ្សេងទៀត ជាពិសេស រុស្ស៊ី តែម្ដង​៕ 
 

Tag:
 ចិន​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com