ជាតិ
ក្រោយ​ចាក​សិក្ខាបទ ព្រះអង្គ ប៊ុន សា​លួត មិន​ចោល​ព្រៃ​រុក្ខ​វ័​ន្ត​ឡើយ តែ​ប្រគេន​តួនាទី​ឲ្យ​សង្ឃ​ផ្សេង​គ្រប់គ្រង​
13, Nov 2020 , 4:46 pm        
រូបភាព
ព្រះអង្គ ប៊ុន សាលួត (រូប​ផ្ដល់​ឱ្យ​)
ព្រះអង្គ ប៊ុន សាលួត (រូប​ផ្ដល់​ឱ្យ​)
​ឧ​ត្ត​រ​មានជ័យ​៖ ព្រះអង្គ ប៊ុន សា​លួត ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត នឹង​លាចាក​សិក្ខាបទ នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ខាងមុខ ដោយ​តួនាទី​កំពូល​នៃ​ការគ្រប់គ្រង​ព្រៃ​ធម្មជាតិ​នេះ ព្រះអង្គ​នឹង​ប្រគេន​ទៅឱ្យ​ព្រះសង្ឃ​អង្គ​ថ្មី​។ ទោះជា​យ៉ាងណា ព្រះអង្គ​បាន​អះអាងថា ក្រោយ​ក្លាយជា​គ្រហស្ថ ព្រះអង្គ​នៅតែ​ជួយ​ការងារ​ក្នុងព្រៃ​អភិរក្ស​នេះ​ដដែល​។​

 
​ព្រះអង្គ ប៊ុន សា​លួត បាន​មាន​ថេរ​ដីកា​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រះអង្គ​សម្រេច​លាចាក​សិក្ខាបទ ព្រោះតែ​ការ​អស់​ឧបនិស្ស័យ​ក្នុង​ភេទ​ជា​បព្វជិត​។ កិច្ចការពារ​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០០១ ហើយ​ទើបតែ​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល​ព្រះអង្គ ប៊ុន សា​លួត បណ្ដុះ​បាន​ព្រះសង្ឃ​មួយចំនួន ដើម្បី​ធ្វើ​កិច្ចការងារ​អភិរក្ស​បន្ត​ពី​ព្រះអង្គ​។ 
 
​ព្រះសង្ឃ​ដែល​នឹងត្រូវ​ទទួលភារៈ​បន្ត​ពី​ព្រះអង្គ ប៊ុន សា​លួត មាន​ព្រះនាម​ថា ថូ ធូរ​ស់​។ ព្រះអង្គ ប៊ុន សា​លួត មាន​ថេរ​ដីកា​អះអាងថា ព្រះអង្គ​មាន​ទំនុកចិត្ត​ខ្ពស់ លើ​ព្រះសង្ឃ​អង្គ​ថ្មី ក្នុងការ​គ្រប់គ្រង​ព្រៃ​អភិរក្ស​ទៅ​ថ្ងៃ​អនាគត​។ បើទោះបីជា​តួនាទី​កំពូល​នៃ​ការគ្រប់គ្រង​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ត្រូវបាន​ប្រគេន​ទៅ​ព្រះសង្ឃ​អង្គ​ថ្មី​ក៏ដោយចុះ ក៏​ព្រះអង្គ ប៊ុន សា​លួត នៅតែ​បន្ត​ជួយ​កិច្ចការងារ​នេះ​ក្នុង​ភេទ​ជា​គ្រហស្ថ​ដែរ​។​
 
​ព្រះអង្គ ប៊ុន សា​លួត ក៏បាន​មាន​ថេរ​ដីកា​បន្ថែមទៀតថា ព្រះអង្គ​មិនមាន​ការ​ព្រួយព្រះទ័យ​ឡើយ ចំពោះ​ការគ្រប់គ្រង​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ទៅ​ថ្ងៃ​ខាងមុខ ដោយ​ព្រះអង្គ​ពន្យល់​ដូច្នេះ​៖«​អាត្មា​មិនមាន​ការព្រួយបារម្ភ​ទេ ព្រោះ​ព្រៃ​នេះ​គឺ​តំណាង​មុខមាត់​ប្រទេស តំណាង​ព្រៃ​ពិភពលោក ហើយ​អាត្មា​ជឿជាក់​លើស​ម្ដេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញាធរខេត្ត​និង​ស្រុក ព្រោះ​កន្លងមក​គាត់​យកចិត្តទុកដាក់ និង​ជួយ​ជ្រោមជ្រែង ការពារ​ព្រៃ​នេះ​ណាស់​។ អាត្មា​ជឿ​លើ​ព្រះសង្ឃ​អង្គ​ក្រោយ លោក​មាន​សមត្ថភាព​ខ្ពស់ លោក​រៀន​បាន​ច្រើន ហើយ​បើតាម​ការដែល​អាត្មា​បណ្ដុះ​លោក កន្លងមក​ឃើញថា លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​រឿងនេះ​»៕
 
​សូម​ស្ដាប់​កិច្ចសម្ភាសន៍​លម្អិត រវាង​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មី ជាមួយ​ព្រះអង្គ ប៊ុន សា​លួត ព្រះសង្ឃ​ដែល​ផ្ដួចផ្ដើម​បង្កើត​ដែន​អភិរក្ស​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ដូចតទៅ​៖



Tag:
 ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com