កីឡាជាតិ
ជាតិ
Smith និង Alvarez នឹង​ជួបគ្នា​លើស​ង្វៀន​នៅ​ចុងខែ​ធ្នូ​នេះ​
13, Nov 2020 , 10:59 pm        
រូបភាព
​ម្ចាស់​ខ្សែក្រវាត់ WBA ពិភពលោក​ប្រភេទ​ទម្ងន់​មធ្យម Callum Smith ឈានដល់​ការយល់ព្រម​ឡើង​សង្វៀន​ដើម្បី​ប្រកួត​ជាមួយ​កំពូល​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez​។ នេះ​បើតាម​ការអះអាង​របស់​អ្នក​ផ្គូផ្គង​កីឡាប្រដាល់​សញ្ជាតិ​អង់គ្លេស Eddie Hearn នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​។


Smith កំពូល​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​សញ្ជាតិ​អង់គ្លេស បាន​ស្វែងរក​ការប្រកួត​ទល់ Alvarez ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​វិស័យ​ប្រដាល់សកល​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ Smith ដែលមាន​វ័យ​៣០​ឆ្នាំ មាន​ប្រវត្តិ​ប្រកួត​២៧​លើក​ឈ្នះ​ទាំង​២៧ ដោយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៩​លើក​។​
 
​ដោយឡែក Alvarez ដែល​គ្រង​ខ្សែក្រវាត់​ពិភពលោក​៤​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ធ្លាប់​ចាញ់​តែម្តង​ប៉ុណ្ណោះ​ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​មិនដែល​ចាញ់​អាមេរិក Floyd Mayweather ចំណោម​ការប្រកួត​ទាំង​៥៦​លើក ដោយ​ក្នុងនោះ​ឈ្នះ​៥៣ និង​ស្មើ​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៦​ដង​។ អ្នក​ប្រដាល់​ដ៏​មាន​ប្រជាប្រិយ​របស់​ម៉ិ​ក​ស៊ិ​កវ័យ​៣០​ឆ្នាំ​រូបនេះ ប្រកួត​លើកចុងក្រោយ​ឈ្នះ​កីឡាករ​កា​ហ្សា​ស្ថាន Gennady Golovkin ដោយ​ពិន្ទុ​កាលពី​ឆ្នាំ ២០១៨​។​
 
​លោក Hearn អ្នក​ផ្គូផ្គង​កីឡាប្រដាល់​សញ្ជាតិ​អង់គ្លេស​ដ៏​ល្បីល្បាញ បានបង្ហាញ​ការពេញចិត្ត​ក្នុងការ​ឲ្យ​អ្នក​ទាំងពីរ​ប៉ះគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។ «​យើង​កំពុង​ព្យាយាម ហើយ​យើង​កំពុង​ខិតជិត​កិច្ចសន្យា​ការប្រកួត​រវាង​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​ទាំងពីរ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Hearn ទៅកាន់ សារព័ត៌មាន BBC Newsbeat​។​
 
​ប្រសិនបើ​កិច្ចព្រមព្រៀង​ឡើង​ទទួលបាន​ជោគជ័យ គេ​រំពឹងថា ការឡើង​សង្វៀន​រវាង Smith និង Alvarez នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​ធ្នូ​ចុងឆ្នាំ​នេះ បើ​ទោះ​រោគរាតត្បាត COVID-19 នៅតែមាន​នៅឡើយ​៕

Tag:
 Callum SmithSaul
  Canelo Alvarez
© រក្សាសិទ្ធិដោយ thmeythmey.com