ជាតិ
ក្រសួងទេសចរណ៍ រៀបចំការប្រកួតប្លង់ស្ថាបត្យកម្ម«វិថីលក់ម្ហូបអាហារ»នៅកំពង់ធំ
× ក្រសួងទេសចរណ៍ កំពុងរៀបចំការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម « វិថីម្ហូបអាហារ » សម្រាប់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីបង្កើនផលិតផលទេសចរណ៍ថ្មីសម្រាប់ទេសចរ។ ក្នុងការប្រកួងប្រជែងនេះជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ២ ៣លានរៀល និង ជ័យលាភី លេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល។
ដើម្បីចូលរួមអនុវត្តស្តង់ដា សេវាកម្មតូបលក់ម្ហូបអាហារ (Street Food) ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញកម្មវិធីក្រកួតប្រជែង ប្លង់ស្ថាបត្យកម្ម វិថីលក់ម្ហូបអាហារ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ការប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងគុណភាព សេវាកម្ម និងអនាម័យម្ហូបអាហារ តាមដងផ្លូវ ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា ជីវភាពរស់នៅ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាជនតាមតំបន់។ ជាងនេះទៅទៀត គឺដើម្បី ជួយប្រជាពលរដ្ឋឲ្យទទួលបានប្រាក់ចំណូលពី ការប្រកបរបរក្នុងវិស័យទេសចរណ៍។
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
បេក្ខជនដែលចូលរួមការប្រកួតត្រូវឆ្លងកាត់ ៤ដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវអនុវត្តគោលការណ៍បច្ចេកទេស។ ដំណាក់កាលទី២ នៅថ្ងៃទី៧ធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការ នឹងពិនិត្យ បេក្ខជនដែលបានធ្វើត្រូវតាមគោលការណ៍បច្ចេកទេស និងមានភាពទាក់ទាញជាងគេចំនួន ៥ក្រុមដើម្បីទៅសិក្សាដល់ទីតាំង ក្រុងស្ទឹងសែនផ្ទាល់។ ទី៣ នៅថ្ងៃទី១៣មករា ឆ្នាំ២០២១ បេក្ខជនទាំង ៥ក្រុមត្រូវធ្វើបទបង្ហាញស្នាដៃរបស់ខ្លួន នៅមុខគណៈកម្មាធិការ ហើយស្នាដៃរបស់បេក្ខជនទាំង៥ ត្រូវដាក់ឲ្យបោះឆ្នោតនៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ និងដំណាក់កាលទី៤ ជាកម្មវិធីប្រគល់ជ័យលាភី។
បេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ ដូចជាជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល៕
រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
Tag:
ស្ថាបត្យកម្ម
វិថីម្ហូបអាហារ
កំពង់ធំ
ទេសចរណ៍
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com