ពីនេះ ពីនោះ
«គោលជំហរ»មានន័យច្បាស់លាស់ដូចម្តេច?
14, Nov 2020 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
តាម​សទ្ទានុក្រមទស្សនវិជ្ជាខ្មែរ-អង់គ្លេស-បារាំង​ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ​ ដែលបាន​បោះពុម្ព​ឡើងនៅ​ឆ្នាំ​២០១៩ បានពន្យល់ពាក្យ​«គោលជំហរ»ដែលសរសេរជា​ភាសាអង់គ្លេស និងភាសាបារាំងដូចគ្នាថា(Attitude) ​​សំដៅ​លើ​​សភាពនៃការយ​ល់ព្រម ឬ​ការមិន​ព្រម​ខាង​គំនិត ការពេញចិត្ត ឬការមិន​ពេញចិត្ត​ដែល​ទាក់ទងនឹងវេទនារម្មណ៍ និងអារម្មណ៍​ ហើយផ្ទុយទៅនឹង​ជំនឿ។

 
ជំនឿ​ទាក់​ទង​នឹង​ហេតុ​ការណ៍ និងការ​គិត។ ចំណែក​ឯគោលជំហរវិញ ទាក់ទងនឹង​ការវាយតម្លៃ និងការឆ្លើយ​តប​ខាង​វេទនារម្មណ៍។ មនុស្ស​ដែលមានជំនឿ​ដូចគ្នា អាចនឹងមានគោលជំហរខុសគ្នា ឬក៏មនុស្ស​ដែលមានគោលជំហរដូចគ្នា អាចមានជំនឿ​ខុសគ្នាចំពោះកម្មវត្ថុតែមួយ។ ដូច្នេះការខុសគ្នារវាង​គោលជំហរ និងជំនឿ ដូចគ្នាទៅនឹងការខុសគ្នារវាងតម្លៃ និងហេតុការណ៍។
 
សីលវិជ្ជា​អត្តនោម័តិអះអាងថា គោលជំហរ​ទាក់ទងដោយផ្ទាល់​នឹងហេតុផល​ជំរុញ​ និងឥរិយាបថ និង​អះអាងថា ការវិនិច្ឆ័យខាងសីលវិជ្ជា និងខាងតម្លៃ គឺជា​បញ្ហានៃគោលជំហរ​ជាជាងបញ្ហានៃការគិត។ ពាក្យគោលជំហរ​នេះ សម្រាប់ប្រើនៅក្នុងសីលវិជ្ជា និងទស្សនវិជ្ជាស្តីពីអំពើ។ នេះបើតាមការ​ពន្យល់របស់​ក្រុមប្រឹក្សាជាតិភាសាខ្មែរ៕ 



 



 

© រក្សាសិទ្ធិដោយ thmeythmey.com