កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បាត់​ចំណូល​ជិត​២០០​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១ ដោយសារ COVID-19
14, Nov 2020 , 9:49 am        
រូបភាព
​ក្លិប Manchester United នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ប្រកាស​ពី​ការធ្លាក់ចុះ​ចំណូល​ដល់​ទៅជិត​២០​ភាគរយ គិត​ត្រឹម​ត្រីមាស​ទី​១​នេះ​។ ក្លិប​រហស្សនាម​បិសាច​ក្រហម ជឿជាក់ថា ខ្លួន​នឹង​បន្ត​បាត់​ចំណូល​បន្ថែមទៀត ដោយសារ​មិនបាន​លក់​សំបុត្រ ខណៈ​អ្នកគាំទ្រ​នៅតែ​មិនអាច​ចូល​កីឡដ្ឋាន​ដ្បិត​ជំងឺ COVID-19​។​


 
​ដោយសារ​ជំងឺ​រាតត្បាត​សកល បានធ្វើ​ឲ្យ​ក្លិប​កីឡា​នៅ​ជុំវិញ​ពិភពលោក​រង​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​។ ព្រឹត្តិការណ៍​កីឡា​ខ្លះ​ត្រូវ​បង្ខំ​ឲ្យ​ពន្យារពេល​ការប្រកួត ហើយ​លី​គ​កីឡាបាល់ទាត់​ដូចជា​អង់គ្លេស​ជាដើម​ត្រូវ​អនុញ្ញាត​ឲ្យ​លេង​វិញ តែ​ក្នុង​លក្ខខណ្ឌ​បិទ​កីឡដ្ឋាន​។​
 
Man Utd ដែល​បរាជ័យ​នៅ Old Trafford ទាំងបី​ប្រកួត​ក្នុង​លី​ក​រដូវ​កាល​នេះ បាន​ជំរុញ​រដ្ឋាភិបាល​អង់គ្លេស​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​វិលត្រឡប់​ទៅ​កីឡដ្ឋាន​វិញ ដោយ​កំណត់​ចំនួន​អ្នកគាំទ្រ​ត្រឹម ២៣៥០០​នាក់​ប៉ុណ្ណោះ​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​។​
 
​យ៉ាងណាក៏ដោយ ការស្នើ​នេះ​ទំនង​មិនអាច​ទៅរួច​ឡើយ​ខណៈ​អង់គ្លេស​បានសម្រេច​បិទ​ប្រទេស​សារជាថ្មី​រយៈពេល​១​ខែ ដោយ​ដំណើរការបាន​ចំនួន​ពីរ​សប្តាហ៍​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ ដើម្បី​ទប់ស្កាត់ COVID-19 ដែល​ផ្ទុះ​ការ​រាលដាល​ខ្លាំង​ឡើងវិញ​។​
 
​ស្របពេល​គ្នា​នេះ លោក Ed Woodward នាយក​ប្រតិបត្តិ​ក្លិប​បិសាច​ក្រហម បាន​និយាយថា ដោយសារ​ការបិទទ្វារ​កីឡដ្ឋាន និង​ការលុបចោល​ការប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល បានធ្វើ​ឲ្យ​ក្លិប​ប៉ះពាល់​ចំណូល​ក្លិប​យ៉ាងខ្លាំង​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រាក់ចំណូល​ក្នុង​មួយ​ប្រកួត​របស់​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស ២០ សម័យ បាន​ធ្លាក់ចុះ​ដល់​ទៅ ៩២,៣ ភាគរយ​ស្មើនឹង ២,២៤ លាន​ដុល្លារ ខណៈដែល​ប្រាក់ចំណូល​នៃ​ការ​ផ្សាយបាន​កើនឡើង ៤៤,៧ ភាគរយ ស្មើនឹង ៦២,៧០​លាន​ដុល្លារ​។ Man Utd បានប្រកាស​ការបាត់បង់​ចំណូល​ប្រចាំត្រីមាស​ទី​១ មាន​ចំនួន ៤០ លាន​ដុល្លារ និង​ប្រាក់ចំណូល​ពី​ការប្រកួត​ចំនួន ១៤៣,៥៧ លាន​ដុល្លារ​។​
 
​ឆ្លងកាត់​ការប្រកួត​៧​លើក​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល ២០២០-២១ នេះ ក្រុម​ដែលមាន​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ទូទៅ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៤​ក្នុង​តារាង ដោយ​រក​បានតែ​១០​ពិន្ទុ​ប៉ុណ្ណោះ​៕

Tag:
 Manchester United
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com