ជាតិ
សង្គមជាតិ
កូនគោ៣៥ក្បាលងាប់ និងគោ៧០៥ក្បាលទៀត មានជំងឺអុតក្តាម នៅខេត្តសៀមរាប
14, Nov 2020 , 11:46 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កូនសត្វគោចំនួន៣៥ក្បាលងាប់ ដោយសារមានជំងឺអុតក្តាម និងគោចំនួន៧០៥ក្បាលទៀតកំពុងតែស្ថិតនៅក្រោមចាក់វ៉ាក់សាំងដើម្បីព្យាបាល ស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ នេះបើតាម លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ 

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា កូនគោដែលងាប់ដោយសារជំងឺអុតក្តាមចំនួន៣៥ក្បាលនោះ គឺជាកូនគោដែលមានអាយុក្រោម១ឆ្នាំ ។ កូនគោទាំងនោះងាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាមកម្ល៉េះ។ 
 
លោក ទា គឹមសុទ្ធ បញ្ជាក់ថា ចំណែកគោចំនួន៧០៥ក្បាលទៀត កំពុងតែមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីក្រុមអ្នកជំនាញសត្វប្រចាំខេត្តសៀមរាប។ បើតាមលោក ទា គឹមសុទ្ធ ក្នុងចំណោមគោទាំង៧០៥ក្បាលនោះ មានគោចំនួន៣៤៣ក្បាលបានធូរស្បើយពីជំងឺអុតក្តាមហើយ។ ប៉ុន្តែមន្ទីរកសិកម្មខេត្តសៀមរាបនឹងនៅតែបន្តសហការជាមួយកសិដ្ឋានចិញ្ចឹមក្នុងការព្យាបាលគោទាំងនោះឲ្យជាសះស្បើយ។ 
 
លោកបានរៀបរាប់ដូច្នេះថា៖«ភាគច្រើនគោដែលងាប់នោះជាគោដែលកំពុងតែបៅ។ អាគោតូចៗវាមានដំបៅមាត់។ វាងាប់ដោយសារតែវាឈឺ ហើយបៅអត់កើត។ ហើយអាគោធំៗវាអាចព្យាបាលជា។ យើងខ្ញុំបានចុះត្រួតពិនិត្យមើល និងចាក់វ៉ាក់សាំងព្យាបាលហើយ»។ 
 
បើតាមប្រធានមន្ទីរកសិកម្មខេត្តសៀមរាបរូបនេះ ម្ចាស់កសិដ្ឋានគោដែលមានគោងាប់ដោយសារជំងឺអុតក្ដាម នេះ គួរយកគោទៅកប់ ហើយអ្នកដែលមានគោកំពុងតែព្យាបាលនោះ គួរតែដាក់គោឲ្យនៅឆ្ងាយពីគោដែលគ្មានជំងឺ ដើម្បីបញ្ចៀសការឆ្លងជំងឺពីគោមួយទៅគោមួយទៀត។ 
 
លោក ទា គឹមសុទ្ធ បានបញ្ជាក់ថា ជំងឺអុតក្តាមនេះភាគច្រើនកើតទៅលើសត្វគោក្រោយពេលដែលទឹកជំនន់បានស្រកទៅវិញ ដោយកង្វះការចាក់វ៉ាក់ ការរាយការណ៍ និងការថែទាំពីម្ចាស់កសិដ្ឋានគោនីមួយៗ។ លោកពន្យល់ដូច្នេះថា៖«ក្រោយពេលទឹកជំនន់ស្រក បាតេរីវាអាចនឹងកើតមាននៅក្នុងស្មៅដែលវាស៊ី។ ពេលទឹកសម្រកទៅវិញ ជាធម្មតាស្មៅរលួយអីហ្នឹង  វាក៏បង្កឲ្យមានជំងឺក្តាមហ្នឹងផងដែរ។ ជំងឺអុតក្តាមហ្នឹងវាឆ្លងលឿន។ តែជំងឺហ្នឹងក៏អាចព្យាបាលជាដែរ»។ 
 
ដើម្បីជៀសវាងកុំឲ្យមានករណីជំងឺអុតក្តាមលើសត្វគោ លោក ទា គឹមសុទ្ធ ណែនាំឲ្យម្ចាស់កសិដ្ឋានគោនីមួយៗចាក់វ៉ាក់សាំងគោ និងមើលថែទាំគោឲ្យបានដិតដល់ក្រោយពេលដែលទឹកជំនន់ស្រក។ 
 
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា បច្ចុប្បន្នជំងឺអុតក្តាមបានកើតឡើងលើសត្វគោទូទាំងរាជធានីខេត្តក្រោយពីជំនន់ត្រវបានស្រក។ លោកបញ្ជាក់ថា ខេត្តកំពតគឺមានសត្វគោច្រើនជាងគេដែលមានជំងឺអុតក្តាម។ ប៉ុន្តែលោកមិនទាន់មានតួលេខសរុបថាមានសត្វគោប៉ុន្មានក្បាលដែលមានជំងឺអុតក្តាមឡើយ។ 
 
បើតាមលោកតាន់ ផាន់ណារ៉ា សត្វគោទាំងនោះកំពុងតែស្ថិតនៅក្រោមការព្យាបាល ដោយអ្នកជំនាញសត្វ។ លោក ផាន់ណារ៉ា បញ្ជាក់ថា បើកាលណាម្ចាស់កសិដ្ឋានគោដែលមានគោឈឺអុតក្តាម បានរាយការណ៍មកមន្ទីរកសិកម្មតាមខេត្តនីមួយៗឲ្យបានទាន់ពេលវេលានោះ ក៏មិនបណ្តាលឲ្យគោនោះងាប់ដែរ។
 
«ជំងឺអុតក្តាមបើសិនជាបងប្អូនកសិករបានរាយការណ៍ទៅមូលដ្ឋានដែលនៅជិតបំផុតនោះ ហើយហៅឲ្យពេទ្យសត្វព្យាបាលនោះ គោនោះវាអត់ងាប់ទេ។ គោដែលងាប់នោះគឺជាកូនគោដែលមានបំបៅមាត់ ហើយមេគោវាឈឺដោយពុំអាចផ្តល់ទឹកដោះ។ ប៉ុន្តែគោធំ បើសិនព្យាបាលបានទាន់ពេលវេលា គឺអត់ងាប់ទេ»។ នេះជាការលើកឡើងរបស់លោក តាន់ ផាន់ណារ៉ា៕    
 

Tag:
 គោ
  ជំងឺអុតក្តាម
© រក្សាសិទ្ធិដោយ thmeythmey.com