កីឡាជាតិ
ជាតិ
ពាក់កណ្តាលម៉ារ៉ាតុននៅសៀមរាប នឹងរៀបចំតាមរបៀបថ្មី និងកាត់កម្មវិធីធំៗមួយចំនួន
14, Nov 2020 , 2:11 pm        
រូបភាព
ដោយ:
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តជាតិចក្រភពខ្មែរនៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅតាមការគ្រោងទុក តែក្រោមទម្រង់បែបបិរបទថ្មី។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា លោកកំពុងរិះរកវិធានការធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះអាចប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាញជំហក្នុងការបន្តរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តសៀមរាប។ ប៉ុន្តែនៅឆ្នាំនេះអាចខុសពីឆ្នាំមុនៗ ដោយសារគណៈកម្មការរៀបចំការប្រកួត នឹងកាត់បន្ថយចំនួនអ្នកចូលរួម និងកម្មវិធីធំៗមួយចំនួន។ 
 
«យើងកំពុងចាត់វិធានការធ្វើយ៉ាងណា ឲ្យការប្រកួតប្រព្រឹត្តទៅបាន។ យើងរៀបចំ ប៉ុន្តែរៀបចំតាមរបៀបថ្មី និងកាត់កម្មវិធី៦០ទៅ៧០ភាគរយ»។ លោក វ៉ាត់ ចំរើន លើកឡើងបែបនេះ ហើយបានបញ្ជាក់បន្ថែមថា ការធ្វើបែបនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងទទួលរងរលកឆ្លងទីពីរ។ 
 
អគ្គលេខាធិការរូបនេះបានពន្យល់ថា ការរៀបចំតាមរបៀបថ្មី គឺចង់សំដៅដល់ការរៀបចំដោយមានការចាត់វិធានការការពារ និងគោរពតាមវិធាន ឬគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ពោលគឺធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរប្រប្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។ 
 
បច្ចុប្បន្នការចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ដ្បិតគណៈកម្មការរៀបចំចង់កំណត់ចំនួនអ្នកចូលរួម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រង។ ប៉ុន្តែបើតាមលោក វ៉ាត់ ចំរើន ការចុះឈ្មោះនឹងបើកឡើងវិញនៅសប្តាហ៍ក្រោយ បើសិនការធ្វើតេស្តរកកូវីដ-១៩ របស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា អវិជ្ជមានទាំងលើកទី៣ និងទី៤។ 
 
ព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌មាន។ ការទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថាន ក៏ស្ថិតក្នុងគោលបំណងរបស់ព្រឹត្តិការណ៍នេះដែរ។ 
 
ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍ធំៗចំនួនពីរត្រូវបានលុបចោល។ ព្រឹត្តិការណ៍ទាំងនោះរួមមានការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាអន្តរជាតិភ្នំពេញ និងម៉ារ៉ាតុនអន្តរជាតិអង្គរនៅខេត្តសៀមរាប៕   
 

Tag:
 ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com