ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ជប៉ុន នឹងបង្រៀនកសិករកម្ពុជា ពីការដាំបន្លែបែបទំនើប និងជួយរកទីផ្សារ ពិសេសនាំចេញទៅជប៉ុន
14, Nov 2020 , 2:47 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជា-ជប៉ុន តាមរយៈក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងជួយឲ្យពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ដែលមានគុណភាព-សុវត្ថិភាពខ្ពស់អាចផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងឈានដល់ការនាំទៅប្រទេសជប៉ុន។ នេះបើតាមក្រសួងទេសចរណ៍នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្ន២០២០។

 
ពិធីអនុស្សរណៈនេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍ ដោយផ្តោតលើគោលដៅ ៤ចំណុចរួមមាន៖ ក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ,ឧស្សាហកម្មទេសចរណ៍ , កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ កម្មវិធីនេះ មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍,លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា, លោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងលោក ណាបេស៊ីម៉ា កាតស៊ូហ៊ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន។
 
  ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនជប៉ុន ក្នុងពិធីចុះអនុស្សរណៈនាថ្ងៃទី ១២ វិច្ឆិកា ២០២០

លោក ថោង រដ្ឋស័ក្តិ បានឲ្យដឹងថា ការចុះអនុស្សរណៈនេះ គឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ លោកបន្ថែមថា កិច្ចការនេះ ក៏ជំរុញការយល់ដឹង ទៅដល់ប្រជាកសិករកម្ពុជា ឱ្យចេះដាំដុះ និងថែទាំបន្លែ ក្នុងផ្ទះកញ្ចក់ តាមលក្ខណៈបច្ចេកទេសថ្មី។ អនុស្សរណៈនេះ មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥  ដោយផ្តើមអនុវត្តនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នេះបើតាមលោក ថោង រដ្ឋស័ក្តិ។ 
 
ក្រៅពីនោះ ក្រសួងទេសចរណ៍ នឹងប្រែក្លាយតំបន់កសិកម្មទាំងនោះ ទៅជាតំបន់កសិទេសចរណ៍ជនបទ ដែលអាចឲ្យអ្នកទេសចរទៅកម្សាន្ត ថតរូបលេង និងអាចទិញកសិផលសុវត្ថិភាព។ ក្រសួង នឹងលើកទឹកចិត្តកសិករឲ្យងាកមកបង្កើនការដាំបន្លែតាមបច្ចេកទេសជប៉ុននេះឱ្យបានច្រើន ថែមទាំងសម្រួលការចែកចាយបន្លែ និងកសិផលជូនកសិករ។
 
ប្រធានក្រុមហ៊ុនជប៉ុនលោក កាតស៊ូហ៊ីតុ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន រ៉ាប់រងលើការផលិត វេចខ្ចប់ និងចែកចាយនៅកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅប្រទេស ពិសេសគឺប្រទេសជប៉ុន។ លោកថា ប្រជាជនជប៉ុន បានចាប់អារម្មណ៍ខ្លាំងលើកម្ពុជា ទាក់ទងនឹងការដាំដុះ ព្រោះមិនសូវប្រើសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព។ យ៉ាងណាក៏ដោយ កសិកម្មកម្ពុជា នៅធ្វើតាមបែបប្រពៃណីនៅឡើយ និងមានបញ្ហាមួយចំនួន ដូចទិន្នផលទាប និងបញ្ហាសត្វល្អិតជាដើម៕
 



Tag:
 បន្លែសុវត្ថិភាព
  ជប៉ុន
 ទីផ្សារ
 កសិកម្មទំនើប
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com