សង្គមអន្តរជាតិ​
អន្តរជាតិ
អូស្ត្រាលី បន្តផ្អាកទទួលនិស្សិតបរទេស ដោយចង់ដោះស្រាយនិស្សិតខ្លួនជាប់នៅក្រៅប្រទេសសិន
14, Nov 2020 , 7:39 pm        
រូបភាព
និស្សិតចិនដែលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យក្នុងប្រទេសអូស្ត្រាលី ។ រូបភាព៖ AFP
និស្សិតចិនដែលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យក្នុងប្រទេសអូស្ត្រាលី ។ រូបភាព៖ AFP
ដោយ:
អូស្រ្តាលី នឹងមិនទាន់អនុញ្ញាតឲ្យនិស្សិតបរទេសត្រលប់ទៅរៀនវិញឡើយ ខណៈរដ្ឋាភិបាលទីក្រុង កង់បេរ៉ា ផ្តល់អាទិភាពសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់និស្សិតអូស្ត្រាលីដែលជាប់គាំងនៅបរទេស។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា។

 
រដ្ឋាភិបាលអូស្ត្រាលី បានបិទព្រំដែនខ្លួនសម្រាប់ជនបរទេស និងនិវេសនកជន (អ្នកកាន់លិខិតរស់នៅអចិន្រ្តៃយ៍) ទាំងអស់ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចាប់តាំងពីខែមីនាមក។ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា អូស្រ្តាលីមានករណីឆ្លងកូវីដ-១៩សរុប ២៧៦៩៩ករណី ខណៈអ្នកស្លាប់មាន ៩០៧នាក់។
 
ក្នុងមួយឆ្នាំៗ និស្សិតបរទេស បានរួមចំណែកប្រមាណ ២៥,៣ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចអូស្ត្រាលី។ ទោះជាបែបនេះ ទីក្រុង កង់បេរ៉ា ក៏មិនប្រញាប់បើកឲ្យពួកនិស្សិតបរទេសទាំងនេះចូលមកវិញដែរ ពោលគឺរង់ចាំដល់ឆ្នាំក្រោយ។  
 
សម្រាប់ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ដែលមានបំណងចូលស្រុកវិញ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាគ្មានមណ្ឌលធ្វើចត្តាឡីស័កគ្រប់គ្រាន់ឡើយ។ «មានមនុស្សរង់ចាំតម្រង់ជួរច្រើន តែពលរដ្ឋអូស្ត្រាលីឈរនៅជួរមុខ»។ លោក Morrison ប្រាប់អ្នកសារព័ត៌មានបែបនេះក្នុងទីក្រុងកង់បេរ៉ា។ 
 
រដ្ឋាភិបាលអូស្រ្តាលី បានកំណត់ចំនួនពលរដ្ឋខ្លួនដែលជាប់គាំងនៅបរទេសឲ្យត្រលប់មកកាន់ប្រទេសកំណើតវិញរៀងរាល់សប្ដាហ៍ ដើម្បីកាត់បន្ថយហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩។ នៅពេលមកដល់ ពួកគេត្រូវចូលធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ២សប្ដាហ៍។
 
សកលវិទ្យាល័យឈានមុខអូស្ត្រាលីមួយចំនួន បានប្រកាសកាត់បុគ្គលិកអប់រំ ដើម្បីបន្ធូរការចំណាយ ដោយហេតុថាបាត់បង់ចំណូល ក្រោយរដ្ឋាភិបាលរាំងខ្ទប់និស្សិតបរទេសចូលរៀនវិញ។ យ៉ាងណាមិញ ក្នុងខែតុលាកន្លងទៅ រដ្ឋាភិបាលលោក Morrison បានប្រកាសថា នឹងចំណាយប្រាក់ជាង៧២០លានដុល្លារគាំទ្រកម្មវិធីស្រាវជ្រាវរបស់សកលវិទ្យាល័យក្នុងកាលៈទេសៈដែលចំនួននិស្សិតបរទេសធ្លាក់ចុះនេះ៕
 

Tag:
 អូស្ត្រាលី
  ការអប់រំ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com