COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី អាចធ្វើទស្សនកិច្ចនៅជប៉ុននាចុងខែវិច្ឆិកានេះ
14, Nov 2020 , 8:30 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចាប់ដៃជាមួយសមភាគីជប៉ុនToshimitsu Motegi អំឡុងជំនួបមួយក្នុងទីក្រុង តូក្យូ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ រូបភាព៖ AFP
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចាប់ដៃជាមួយសមភាគីជប៉ុនToshimitsu Motegi អំឡុងជំនួបមួយក្នុងទីក្រុង តូក្យូ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ រូបភាព៖ AFP
ដោយ:
រដ្ឋមន្ត្រីការរបរទេសចិន វ៉ាង យី អាចធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុននាចុងខែវិច្ឆិកានេះ ដើម្បីជួបពិភាក្សាជាមួយសមាភាគីលោក Toshimitsu Motegi ពាក់ព័ន្ធវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជា ស្ថានការណ៍នៅសមុទ្រចិនខាងកើត។ កាសែតក្នុងស្រុកជប៉ុន Mainichi ចុះផ្សាយបែបនេះ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ។

 
កាសែតក្នុងស្រុកជប៉ុន បានដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុន អះអាងថា ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី វ៉ាង យី ទំនងជាប្រព្រឹត្តទៅក្រោយកិច្ចប្រជុំកិច្ចធំ២ រួមមាន សហប្រតិបត្តិសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នាថ្ងៃទី ២០ ខែវិច្ឆិកា និងជំនួបកំពូលមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នាថ្ងៃទី២១-២២ ខែវិច្ឆិកា ដែលសុទ្ធតែរៀបចំឡើងតាមអនឡាញ។ 
 
តាមរបាយការណ៍ដដែល ប្រមុខការទូតចិនរូបនេះក៏ប្រហែលទៅជួបនាយករដ្ឋមន្ត្រីថ្មីជប៉ុន Yoshihide Suga ដើម្បីបង្ហាញការគួរសមផងដែរ។ 
 
ទស្សនកិច្ចដែលអាចកើតឡើងនាចុងខែធ្នូនេះ គឺក្រោយមានកិច្ចសន្ទនាតាមទូរសព្ទរវាងលោក Suga និងប្រធានាធិបតីចិន ស៊ី ជិនភិង ក្នុងខែកញ្ញាកន្លងទៅ។ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានយល់ព្រមបង្កើនការប្រាស្រ័យទាក់ទងកម្រិតខ្ពស់បន្ថែមទៀតដើម្បីលើកម្ពស់ស្ថិរភាពតំបន់និងអន្តរជាតិ។ 
 
មែនទែនទៅ ទស្សនកិច្ចផ្លូវរដ្ឋគ្រោងទុកមួយរបស់លោកស៊ីទៅកាន់ប្រទេសជប៉ុននៅដើមឆ្នាំ២០២០នេះ ត្រូវបានលុបចោលវិញ ដោយសារការផ្ទុះរាលដាលជំងឺកូវីដ-១៩។ 
 
ងាកមកវិញ ជប៉ុននិងចិន ក៏ទំនងជាលើកពិភាក្សាលម្អិតជុំវិញការរៀបចំដំណើរទស្សនកិច្ចលោកស៊ីទៅជប៉ុនឡើងវិញផងដែរ អំឡុងពេលលោករដ្ឋមន្ត្រី វ៉ាង ធ្វើទស្សនកិច្ចនៅទីក្រុង តូក្យូ នាពេលខាងមុខនេះ។
 
សូមបញ្ជាក់ថា លោក Suga ដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែកញ្ញា ច្បាស់ជាមានកាតព្វកិច្ចចាំបាច់ក្នុងថ្លឹងថ្លែងទំនាក់ទំនងរបស់ជប៉ុននៅចន្លោះចិននិងអាមេរិក ខណៈទំនាក់ទំនងរបស់មហាអំណាចទាំងនេះតានតឹងខ្លាំងក្នុងបរិបទជំងឺកូវីដ-១៩ និងសង្គ្រាមពាណិជ្ជកម្ម។ 
 
ម្យ៉ាងវិញទៀត ជប៉ុន ក៏មានជម្លោះជាមួយក្រុងប៉េកាំងពាក់ព័ន្ធសិទ្ធិកាន់កាប់កោះមួយចំនួនក្នុងសមុទ្រចិនខាងកើតផងដែរ ហើយបានបង្ហាញក្តីបារម្ភលើសកម្មភាពយោធាចិនក្នុងតំបន់៕ 
 

Tag:
 ចិន
  ជប៉ុន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com