ជាតិ
សង្គមជាតិ
រដ្ឋាភិបាល រើសមន្រ្តីក្របខណ្ឌជាង៦ពាន់នាក់នៅឆ្នាំ២០២១
14, Nov 2020 , 5:13 pm        
រូបភាព
លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី២វិច្ឆិកា ២០២០។ រូបពីក្រសួងមុខងារសាធារណៈ
លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី២វិច្ឆិកា ២០២០។ រូបពីក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ រដ្ឋាភិបាល ប្រកាសជ្រើសរើសមន្រី្តក្របខណ្ឌជាង៦ពាន់នាក់ ដើម្បីឲ្យចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន ក្នុងឆ្នាំ២០២១។ ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងសុខាភិបាល ត្រូវបានរដ្ឋាភិបាល អនុញ្ញាតឲ្យជ្រើសរើសមន្រី្តច្រើនជាងគេ ពោលគឺជិត៥ពាន់នាក់ សម្រាប់ក្រសួងទាំង២នេះ ។


ក្រសួងមុខងារសាធារណៈ បានចេញលិខិតជូនដំណឹងដល់មន្រី្តពាក់ព័ន្ធតាមក្រសួងស្ថានប័ននានា ពាក់ព័ន្ធនឹងការត្រៀមលក្ខណៈជ្រើសរើសមន្រី្តក្របខណ្ឌការងារថ្មី ឲ្យចូលបំពេញការងារ នៅឆ្នាំ២០២១។ ជាមួយគ្នាដែរ លិខិតរបស់ក្រសួងមុខងារដាធារណៈ ដែលចេញដោយលោករដ្ឋមន្រ្តី ព្រុំ សុខា បានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់ដល់បេក្ខជន និងបេក្ខនារី ដែលពិការ។ 
 
ផែនការជ្រើសរើសមន្រី្តក្របខណ្ឌគ្រប់ប្រភេទនេះ ត្រូវអនុវត្តផ្អែកតាមផែនការឆ្នាំ២០២០ ដែលបានផ្អាកការជ្រើសរើសកន្លងមក។ ប៉ុន្តែលើកលែងក្រសួងស្ថាប័ន៣ គឺក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង រាជបណ្ឌិត្យសភាកម្ពុជា ដែលបានជ្រើសរើសរួចហើយ។ ដូច្នេះ ក្រសួងស្ថាប័នទាំង៣នេះ មិនអាចជ្រើសរើសបន្ថែមបានឡើយនៅឆ្នាំ២០២១។ 
 
ដោយឡែកក្រសួងស្ថាប័នផ្សេងទៀត គឺជ្រើសរើសមន្រី្តក្របខណ្ឌដែលនៅសល់បាន ហើយធ្វើឡើងស្របតាមវិធានការសុខាភិបាលដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩។ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា៖«នៅពេលបើកឲ្យមានការប្រឡងប្រជែង សូមមេត្តារៀបចំជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យចូលបម្រើការងារ ដើម្បីបំពេញមុខតំណែងដែលទំនេរ និងសេចក្ដីត្រូវការ...ព្រមទាំងយកចិត្តទុកដាក់ដល់បេក្ខជនជាជនពិការដែលមានសមត្ថភាពសមស្រប២ភាគរយ នៃចំនួនក្របខណ្ឌសរុបរបស់សាមីក្រសួងស្ថាប័ន ហើយគួរមានបេក្ខនារីជាប់ជាស្ថាពរពី២០ភាគរយទៅ៥០ភាគរយ នៃចំនួនក្របខណ្ឌប្រចាំឆ្នាំ»។ 
 
បើតាមផែនការជ្រើសរើសមន្រី្តក្របខណ្ឌឆ្នាំ២០២០ដែលបានផ្អាក ហើយត្រូវយកអនុវត្តនៅឆ្នាំ២០២១នេះ បេក្ខជនដែលត្រូវជ្រើសរើសមាន៦១០៦នាក់ (ជាង៦ពាន់នាក់) ក្នុងនោះ ក្រសួង២ ដែលត្រូវការជ្រើសរើសបេក្ខជនច្រើនជាងគេ គឺក្រសួងអប់រំ នឹងត្រូវការជ្រើសរើសបេក្ខជន៣៦០០នាក់ ហើយក្រសួងសុខាភិបាលនឹងត្រូវជ្រើសរើស១៣០០នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com