អន្តរជាតិ
តុលាការសិង្ហបុរីកាត់ទោសប្រហារជីវិតបុរសដែលសម្លាប់ភរិយា និងកូនស្រីកាលពីឆ្នាំ២០១៧
15, Nov 2020 , 8:59 am        
រូបភាព
ដោយ: ធីតា
Teo Ghim Heng អតីតភ្នាក់ងារអចនទ្រព្យម្នាក់ ត្រូវបានតុលាការសិង្ហបុរីកាត់ទោសប្រហារជីវិត ពីបទឃាតកម្មលើភរិយាដែលមានផ្ទៃពោះ និងកូនស្រីអាយុ៤ឆ្នាំ កាលពីឆ្នាំ២០១៧។ នេះបើតាមការផ្សាយរបស់ The Straits Times កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។



«នេះជាករណីដ៏រន្ធត់មួយ។ ជាករណីបាត់បង់ជីវិត និងការបែកបាក់គ្រួសារដ៏ធ្ងន់ធ្ងរ»។ លោក Kannan Ramesh ចៅក្រមតុលាការកំពូលសិង្ហបុរី លើកឡើងយ៉ាងដូច្នេះ នៅសម្រេចសាលដីការបស់ខ្លួន។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងផ្ទះល្វែងឯតំបន់ Woodlands ជនល្មើស Teo Ghim Heng អាយុ៤៥ឆ្នាំ បានច្របាច់កភរិយាឈ្មោះ Choong Pei Shan អាយុ៣៩ឆ្នាំ ដែលពរពោះកូន៦ខែ ហើយបន្ទាប់មក យកកន្សែងពោះគោរឹតកកូនស្រីអាយុ៤ឆ្នាំ។

យោងតាមសម្តីសារភាពនាសវនាការកន្លងមក ក្រោយសម្លាប់ភរិយា និងកូន ជនល្មើសដែលជាអតីតភ្នាក់ងារអចលនទ្រព្យ បានទុកសាកសពទាំងពីរនៅលើគ្រែ និងដេកនៅជាមួយពេញមួយសប្តាហ៍។ បន្ទាប់មក គេបានសម្រេចចិត្តដុតខ្លួនឯងជាមួយសាកសព ប៉ុន្តែបានរត់ចេញវិញដោយសារទ្រាំកំដៅភ្លើងមិនបាន។

រឿងរ៉ាវបានបែកការនៅថ្ងៃដំបូងនៃពិធីចូលឆ្នាំចិននាឆ្នាំ២០១៧ ដោយប្អូនថ្លៃជនល្មើសបានទៅគោះទ្វារ ហើយធំក្លិនពីក្នុងបន្ទប់។ ដោយមិនឃើញលើកទូរសព្ទ និងមិនតបសារ បុរសនោះ បានទាក់ទងទៅសមត្ថកិច្ចឲ្យជួយទម្លាយទ្វារ ហើយក៏បានឃើញ Teo នៅជាមួយសាកសព។

លោកចៅក្រម Ramesh បានផ្តន្ទាទោស Teo លើសំណុំរឿងឃាតកម្មទាំងពីរ ដោយបដិសេធហេតុផលដែលថា ជនល្មើសមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ជាពិសេសគេបានបាត់បង់ស្មារតីម្ចាស់ការ បន្ទាប់ពីភរិយាបានជេរដៀលខ្លួននៅចំពោះមុខកូនស្រី។

តុលាការបានពិនិត្យឃើញភស្តុតាងជាច្រើនដែលថា Teo មានស្មារតីគ្រប់គ្រាន់ ហើយជនល្មើសជាមនុស្សម្នាក់ដែលចូលចិត្តមើលវ៉ិបសាយអាសអាភាស ទាំងមុន និងក្រោយពេលឃាតកម្ម។ បន្ថែមពីលើនេះ ទៀត បន្ទាប់ពីឃាតកម្ម Teo បានប្រើហ្វេសប៊ុកភរិយា ដោយដូររូប Cover ដើម្បីឲ្យគេគិតថា នាងនៅរស់។

Teo និងអ្នកស្រី Choong បានរៀបការជាមួយគ្នានៅឆ្នាំ២០០៩ ដែលជាអាពាហ៍ពិពាហ៍លើកទីពីររបស់ពួកគេរៀងៗខ្លួន។ នៅឆ្នាំ២០១៥ Teo ជោគជ័យក្នុងការងារខ្លាំងណាស់ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ប៉ុន្តែក្រោយមកចំណូលបានថយចុះ។ ចុងឆ្នាំ២០១៦ Teo បានដូរការងារទៅជាអ្នកសម្របសម្រួលផ្នែកលក់នៅក្រុមហ៊ុនមួយ ។ ចំណូលនៅតិចតួចស្តួចស្តើង ខណៈការចំណាយកាន់តែច្រើន។ Teo ជាមនុស្សម្នាក់ញៀនល្បែងថែមទៀត ដែលធ្វើឲ្យគ្រួសារជំពាក់បំណុល និងឈ្លោះគ្នាជារៀងរាល់ថ្ងៃ។

នៅខែមករា ឆ្នាំ២០១៧ ប្តីប្រពន្ធនេះ បានឈ្លោះគ្នាកាន់តែខ្លាំងឡើងជុំវិញហិរញ្ញវត្ថុក្នុងគ្រួសារ ហើយ Teo បានបង្កើតរឿងដាក់បន្ទុកលើអ្នកស្រី Choong ដោយថា គាត់មានទំនាក់ទំនងជាមួយប្រុសផ្សេងកាលពីឆ្នាំ២០១៤ ហើយមន្ទិលថា Zi Ning មិនមែនជាកូនបង្កើតខ្លួន។

ក្រោយមក Teo សម្រេចឲ្យ Zi Ning ឈប់រៀនដោយសារគ្មានលុយបង់សាលា។ ក្រោយដឹងរឿងនេះ អ្នកស្រី Choong បានជេរ Teo ថា ជាមនុស្សគ្មានបានការ។ ដោយខឹងសម្បារ Teo បានច្របាច់កប្រពន្ធ ហើយប្រាប់ថា «ទៅចុះ» បន្ទាប់ពីរឹតកកូនស្រី ដោយនិយាយបន្ថែម «ទៅជួបម៉ាក់មុនចុះ ប៉ានឹងទៅតាមក្រោយ»។

តុលាការបានសម្រេចមិនចាត់ការលើបទចោទសម្លាប់កូនក្នុងផ្ទៃ បន្ទាប់ពីសម្រេចទោសប្រហារជីវិតលើករណីឃាតកម្មភរិយា និងកូនស្រីរួចហើយ។ រាល់អំណះអំណាងផ្សេងៗដែលទាក់ទងនឹងវិបត្តិផ្លូវចិត្តត្រូវបានបដិសេធ៕



© រក្សាសិទ្ធិដោយ thmeythmey.com