ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កត្តា៤យ៉ាង ដែលធ្វើឲ្យគ្រួសារកន្ធាយ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធី«អាជីវកម្មខ្ញុំ»
15, Nov 2020 , 7:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ យុវជនមួយក្រុម បានទទួលជ័យលាភីលេខ២ នៅក្នុងការប្រកួតប្រជែង «អាជីវកម្មខ្ញុំ» ដែលរៀបចំ ក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមជ័យលាភីលេខ២នេះ ទទួលបានមេដាយប្រាក់១ និងប្រាក់រង្វាន់ចំនួន ៣លានរៀល។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីនេះ បានរៀបចំឡើង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

គ្រួសារកន្ធាយ ជាកសិដ្ឋានចិញ្ចឹមកន្ធាយ ស្ថិតភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បង្កើតឡើងរយៈពេលជិត៤ឆ្នាំមកហើយ។ មានសមាជិកក្រុមចំនួន៥នាក់ គ្រួសារកន្ធាយ ចាប់ផ្ដើមដំបូងត្រឹមកូនកន្ធាយចំនួន ៥០០ក្បាលប៉ុណ្ណោះ ខណៈបច្ចុប្បន្នកសិដ្ឋាននេះមានកូនកន្ធាយប្រមាណ ៨ពាន់ក្បាល និងមេកន្ធាយប្រមាណ ២ ៥០០ក្បាល។ 
 
លោក ហ៊ិម លីហៀង អាយុ ២៧ឆ្នាំជា តំណាងក្រុមកសិដ្ឋានគ្រួសារកន្ធាយ បានប្រាប់សារព័ត៌មានThmeyThmey25 ថាមានកត្តា ៤យ៉ាង ដែលធ្វើឲ្យក្រុមលោកទទួលបានជ័យលាភីលេខ២។  ទី១. ជួយផ្សព្វផ្សាយជូនអ្នកដែលបានចិញ្ចឹមពីបុរាណ។ ទី២.បង្កើតសហមគមន៍ អ្នកចិញ្ជឹមកន្ធាយ។ ទី៣. មានមហិច្ឆតា ពង្រីកកសិដ្ឋាន និងកាត់បន្ថយការចំណាកស្រុក។ និងទី៤.បង្កើនផលិតផលក្នុងស្រុកឲ្យកាន់តែច្រើន។
 
 
យុវជនវ័យ ២៧ឆ្នាំរូបនេះ បានប្រាប់ThmeyThmey25 ទៀតថា៖«យើងទទួលបានមេដាយប្រាក់ ប័ណ្ណសរសើរ និងថវិកាខ្លះដើម្បីយកទៅពង្រីកអាជីវកម្ម អ្វីដែលសំខាន់ពួកខ្ញុំបានពង្រីកចំណេះដឹងបន្ថែមសម្រាប់ធ្វើអាជីវកម្ម»។ 
 
ក្រោយទទួលបានជ័យលាភីលេខ២ ក្រុមគ្រួសារកន្ធាយ មានផែនការពង្រីកអាជីវអាជីវកម្ម ដោយបើកអាហារដ្ឋានដោយខ្លួនឯងផ្ទាល់ ដើម្បីឲ្យស្របនឹងតម្រូវការរបស់អតិថិជនទូទាំងខេត្តសៀមរាប។ ការបើកហាងម្ហូបកន្ធាយនេះជាផ្នែកមួយជួយរកទីផ្សារដល់អ្នកចិញ្ចឹមកន្ធាយ ដែលមិនមានលទ្ធភាពរកទីផ្សារដោយខ្លួនឯង និងអ្នកដែលទិញកូនកន្ធាយពីគ្រួសារកន្ធាយទៅចិញ្ចឹម។ នេះជាការបញ្ជាក់របស់លោក ហ៊ិម លីហៀង ដោយលោកបានបន្តដូច្នេះ៖ «ក្រុមខ្ញុំ បានរៀបចំបើកហាង ដើម្បីលក់ម្ហូបកន្ធាយ ព្រោះបន្តិចទៀតអតិថិជន ដែលបានទិញកូនពីខ្ញុំ ទៅអាចមានកន្ធាយសាច់បណ្តើរៗហើយ។ ប្រសិនបើគាត់រកទីផ្សារមិនបាន ខ្ញុំនឹងទៅជួយទិញគាត់វិញ»។ 
 
សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង «អាជីវកម្មខ្ញុំ» ឆ្នាំ២០២០នេះ មានបេក្ខជនចំនួន២០ក្រុមចូលរួម ហើយពួកគេត្រូវឆ្លងកាត់វគ្គជម្រុះចំនួន៣លើក។ ជាលទ្ធផល ក្រុមដែលទទួលបាន ចំណាត់ថ្នាក់លេខ១ បានលើក្រុមសាប៊ូលាងចានស្លឹកគ ហើយក្រុមនេះទទួលបានមេដាយមាស និងប្រាក់រង្វាន់ចំនួន ៤លានរៀល។ ចំណាត់ថ្នាក់លេខ២ បានលើក្រុមគ្រួសារកន្ធាយ ដែលពួកគេទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ៣លានរៀល។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ចំនួន ២លានរៀល៕
 
 
 
 
 

 

 

Tag:
 វារីវប្បកម្ម
  កន្ធាយ
  អាជីវកម្ម
  សហគ្រិន
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com