ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
យុទ្ធនាការ១សែនកោងកាងនៅសហគមន៍នេសាទ៨ក្នុងខេត្តកំពត បានផលលើសពីការរំពឹងទុក
15, Nov 2020 , 10:30 pm        
រូបភាព
ដោយ:
យុទ្ធនាការ ១សែនកោងកាង ដែលបានចាប់ផ្តើមតាំងពីអំឡុងខែកញ្ញាឆ្នាំ២០១៩ នៅក្នុងខេត្តកំពត បានបិទបញ្ចប់ទៅដោយជោគជ័យ លើសពីការរំពឹងទុក។ យុទ្ធនាការដែលមានរយៈពេលជិត១ឆ្នាំនេះ បានបណ្ដុះ និងដាំកូនកោងកាង ច្រើនជាង១សែនដើម នៅលើផ្ទៃដីប្រមាណ ១០ហិកតា ក្នុងសហមន៍នេសាទសក្តានុពលចំនួន៨ ក្នុងខេត្តកំពត។ 

យុទ្ធនាការ ១សែនកោងកាង ក្នុងខេត្តកំពត បានបិទបញ្ចប់ទៅដោយជោគជ័យលើសការរំពឹងទុក។ យុទ្ធនាការនេះ មានរយៈស្ទើរពេញមួយឆ្នាំ ដោយបានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែសីហា ឆ្នាំ២០២០។ តាមសេចក្តីជូនដំណឹងអំពីការបិទយុទ្ធនាការនេះ កូនកោងកាងច្រើនជាង១សែនដើម ត្រូវបានបណ្ដុះ និងដាំ នៅលើផ្ទៃដីប្រមាណ ១៥,៥ហិកតា ក្នុងសហមន៍នេសាទចំនួន៨ រួមមាន សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គី  សហគមន៍ត្រពាំងរពៅ  សហគមន៍ព្រែកត្នោត  សហគមន៍កែបថ្មី សហគមន៍ទទឹងថ្ងៃ  សហគមន៍កោះគ្រឹស្នា និងសហគមន៍លក។ 
 
 
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា បានលើកឡើងថា យុទ្ធនាការនេះ បានបង្កើតឱ្យមានកោងកាងថ្មី ចំនួនជាង១សែនដើម ដែលត្រូវបានដាំក្នុងសហគមន៍នេសាទចំនួន៨ ក្នុងខេត្តកំពត និងដាំដោយផ្ទាល់ដៃ ដោយមានអ្នកចូលរួមសរុបប្រមាណ ១,៧០០នាក់។ លោក ហុង រស្មី បន្តថា ៖« កោងកាង១សែនដើមនេះ នេះជាស្នាដៃនៃសាមគ្គីភាព របស់សហគមន៍តាមមូលដ្ឋានពិតប្រាកដ។ ហើយខ្ញុំពិតជាមានមោទកភាព និងសូមកោតសរសើរការដឹកនាំ និងចូលរួមរបស់សហគមន៍នេសាទទាំង៨ ប្រជាជន សិស្សានុសិស្ស និងយុវជនស្រឡាញ់បរិស្ថាន ក្រោមការសម្របសម្រួលពីរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូទាំងអស់»។
 
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានមានប្រសាសន៍ថា តាំងពីចាប់ផ្តើមយុទ្ធនាការ១សែនកោងកោងនេះ ជីវចម្រុះនៅក្នុងសហគមន៍យើងមានការកើនឡើងច្រើន ហើយចំនួនអ្នកនេសាទក៏កើនឡើងជាងមុន។  
 
 
ចំណែក លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានបង្ហាញពីរីករាយ ដែលសហគមន៍របស់គាត់ បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ។ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធាន មានប្រសាសន៍ថា៖ «យុទ្ធនាការ១សែនកោងកាង មានសារៈសំខាន់ ព្រោះប្រជាពលរដ្ឋក្នុងសហគមន៍ បានជ្រួតជ្រាបកាន់តែច្រើន ពីសារៈសំខាន់នៃព្រៃកោងកាង ហើយចូលរួមទាំងអស់គ្នា ក្នុងការងារងារការពារព្រៃកោងកាង និងជីវចម្រុះគ្រប់ប្រភេទ»។
 
សូមជម្រាបថា យុទ្ធនាការ ១សែនកោងកាងនេះ មានការសហការរៀបចំឡើង ដោយអង្គការអាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងកុមារនៅកម្ពុជា (CWDCC) អង្គការសាមគ្គី  (SAMAKY) រួមទាំងសហគមន៍នេសាទទាំង៨ ហើយក៏មានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលជលផលខេត្តកំពតផងដែរ។
 
 
គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីកៀរគរការចូលរួមបដិភាគ ពីសាធារណជនសម្រាប់ គាំទ្រសហគមន៍នេសាទទាំង៨ បណ្តុះកូនកោងកាងចំនួន១សែនដើម និងរៀបចំព្រឹត្តការណ៍ដាំកូនកោងកាង និងសកម្មភាពផ្សេងៗ ដើម្បីអភិវឌ្ឍសហគមន៍។ យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីជំរុញការចូលរួមរបស់សាធារណជន ពិសេសយុវជនឱ្យចូលរួមថែរក្សា និងការពាព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់របស់ជីវចម្រុះ និងជាធនធានដ៏ចម្បងមួយដែលររក្សានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន៕
 






Tag:
 បរិស្ថាន
  អេកូ-ទេសចរណ៍
  កោងកាង
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com