វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើនរណាជាអ្នកបង្កើតរូបភាពសន្ទនា«Emoji»ឡើង? តាំងពីពេលណាមក?
16, Nov 2020 , 8:59 am        
រូបភាព
សន្ទនាមិនត្រូវបានគេសង្កត់ធ្ងន់ទៅលើការនិយាយតែមួយមុខនោះទេ។ ការសន្ទនាគឺជាការផ្តល់ និងទទួលទិន្នន័យពីគ្នាទៅវិញទៅមក ក្នុងសភាពជាកាយវិការ ពន្លឺ សម្លេង ចរន្ត កម្លាំង  ឬរលកអេឡិចត្រូម៉ាញេទិចជាដើម។ និយាយរួម ប្រភេទនៃការសន្ទនាគ្មានព្រំដែននោះទេ គ្រាន់តែមួយស្រួល ឬពិបាកជាងគ្នាតែប៉ុណ្ណោះ។

 
នៅក្នុងការប្រាស្រ័យទាក់ទងរបស់មនុស្ស ក្រៅពីការនិយាយ និងការអាន ភាសានៃសញ្ញាគឺជាអ្វីមួយដែលសំខាន់ ជាពិសេសគឺសញ្ញាជារូបភាព ដែលបង្ហាញពីអ្វីមួយដែលមនុស្សភាគច្រើនអាចចាប់យកន័យរួមជាមួយគ្នាមួយបាន។ ឧទាហរណ៍ដូចជាសញ្ញាចរាចរណ៍។ ពណ៌ ទំហំ រូបរាងសុទ្ធសឹងតែមានន័យបង្កប់ដែលបកស្រាយអំពីអ្វីមួយ ទោះបីវាគ្មានសម្លេង ឬតួរអក្សរក្តី។ 
 
សម្រាប់អ្នកដែលកំពុងរស់នៅក្នុងសម័យឌីជីថលមួយនេះ ប្រភេទនៃការសន្ទនាមួយត្រូវបានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងបណ្តាញសង្គម។ នោះគឺ«Emoji»ដែលគេប្រើប្រាស់វាជាមួយនឹងអក្សរ ឬប្រើវាតែឯងតែម្តង។ ជាមួយនឹងភាពងាយស្រួលប្រើប្រាស់ ងាយស្រួលយល់ និងទូលំទូលាយមួយនេះ តើនរណាគេជាអ្នកមានគំនិតបង្កើតវាឡើង? ហើយតាំងពីពេលណាមក? តើពាក្យ«Emoji»មានន័យដូចម្តេច? 
 
នៅមុនឆ្នាំ២០០០ ការសន្ទនាតាមសារភាគច្រើនត្រូវបានគេសរសេរវែង ដើម្បីពន្យល់ពីអារម្មណ៍ ឬន័យអ្វីមួយតាមរយៈអក្សរ ហើយនេះមិនមែនជារឿងងាយស្រួលប៉ុន្មនានោះទេ ពីព្រោះថាការអានសារពេលខ្លះអាចធ្វើឲ្យអ្នកអានអាចមានការភ័នច្រលំអំពីអារម្មណ៍របស់អ្នកសរសេរ។ នេះគឺដោយសារតែការសន្ទនាទាមទារកាយវិការ ទឹកមុខ និងកម្រិតនៃសម្លេង ជៀសជាងតែតួរអក្សរមួយជួរដែលអ្នកអាននៅលើកញ្ចក់អេក្រង់កុំព្យូទ័រ។ 
 
មួយវិញទៀត មុនឆ្នាំ២០០០ ប្រព័ន្ធសារមិនអាចឲ្យអ្នកផ្ងើសារបានច្រើនតួរប៉ុន្មាននោះទេ។ ហេតុនេះហើយ ទើបជនជាតិជប៉ុនមួយរូបលោក Shigetaka Kurita បានរិះរកគំនិតក្នុងការបង្កើតរូបភាពសន្ទនាមួយឡើងនៅក្នុងផលិតផលអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងឆ្នាំ១៩៩៨។ លោក Shigetaka ដែលជាបុគ្គលិកម្នាក់នៃក្រុមហ៊ុនទូរគមនាគមន៍ធំមួយនៅប្រទេសជប៉ុន NTT DoCoMo បានបង្កើត Emoji ដំបូងចំនួន១៧៦ប្រភេទដែលបង្ហាញពីអារម្មណ៍ អាហារ ភេសជ្ជៈ ឬអាកាសធាតុជាដើម ដែលមានទំហំ ១២ភិចសែល គុណនឹង១២ភិចសែល។ 
 
ពាក្យ Emoji កើតចេញពីពាក្យ «e»ដែលមានន័យថា«រូបភាព» និង«moji»ដែលមានន័យថា«ចរឹត»ឬ«តួរអង្គ»។ Emoji និង Emoticon ខុសគ្នាត្រង់ថា Emoji ប្រើប្រាស់រូបភាពមួយតែម្តង ចំណែកឯ Emoticon ប្រើប្រាស់សញ្ញាពីរ ទៅបីជាមួយគ្នាក្នុងការបង្កើតជារូបភាពមួយដូចជា « :)  :( ឬ -_- »ជាដើម។
 
ភាសារូបភាពនេះត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយមនៅក្នុងប្រទេសជប៉ុន និងក្នុងចុងឆ្នាំ២០០០ វាត្រូវបានគេយកមកអនុវត្តនៅក្នុងប្រព័ន្ធ iOS និង Andriod ។ មកត្រឹមឆ្នាំអំឡុងឆ្នាំ២០១០ Emoji ត្រូវបានគេបញ្ចូលជាភាសាស្តង់ដារមួយនៅក្នុងស្ថាប័ន Unicode អន្តរជាតិ ដែលត្រូវបានគេប្រើប្រាស់កាន់តែទូលំទូលាយ តាមបណ្តាបណ្តាញសង្គមជាច្រើនថែមទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com