វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើឈ្មោះនៃភ្នំ «ហ្វូជី» របស់ជប៉ុនមានន័យដូចម្តេច?
15, Nov 2020 , 5:30 pm        
រូបភាព
ភ្នំ«ហ្វូជី»ឬ«ហ្វូជីសាន» (FUJI) ជាគឺជាភ្នំដែលមានភាពល្បីល្បាញក្នុងពិភពលោក និងខ្ពស់ជាងគេនៅក្នុងប្រទេសជប៉ុន ដែលមានកម្ពស់រហូតទៅដល់៣៧៧៦ម៉ែត្រ និងមានចម្ងាយប្រមាណជា១០០គីឡូម៉ែត្រខាងលិចទីប្រជុំជននៃទីក្រុងតូក្យូ។ វាមួយនឹងសម្រស់ដ៏ស្រស់ស្អាតពីចម្ងាយ មិនថាពីលើអាកាស ពីលើដី ឬពីនាវាដែលធ្វើដំណើរតាមសមុទ្រឡើយ ភ្នំមួយនេះតែងទាក់ទាញអារម្មណ៍របស់អ្នកទៅទស្សនាជានិច្ច ជាមួយនឹងចង្អេះភ្នំពណ៌ខៀវថ្លា កំពូលភ្នំពណ៌ស និងជើងភ្នំគ្របដណ្តប់ដោយភូមិប្រជាជនតូចៗ។


 
ទោះបីជាសម្រស់ដ៏មិនអាចកាត់ថ្លៃបានយ៉ាងនេះមែន អ្នកវិទ្យាសាស្រ្តខាងភូមិសាស្រ្តវិទ្យានៅតែបង្ហាញថា ភ្នំហ្វូជីគឺជាប្រភេទភ្នំភ្លើងសកម្មនៅឡើយ។ គេហទំព័រ Britannica បានបញ្ជាក់ថា លើកចុងក្រោយនៅក្នុងប្រវត្តិសាស្រ្តដែលភ្នំហ្វូជីបានផ្ទុះចេញកម្អែលម៉ាក់មា និងផ្សែងអាប់ខ្មៅទាំងនោះគឺនៅក្នុងឆ្នាំ១៧០៧។ 
 
ប្រវត្តិសាស្រ្តនៃឈ្មោះរបស់ភ្នំហ្វូជីមិនត្រូវបានគេកត់ត្រាទុកឲ្យបានច្បាស់លាស់នោះឡើយ។ តែបើតាមការស្រាវជ្រាវទៅលើកំណត់ត្រាបុរាណរបស់រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ៧១៣នៃគ្រឹស្តសករាជ បាននិយាយថា ឈ្មោះ«ហ្វូជី»មានន័យថា«ភ្លើង»ចំណែកឯ«សាន»មានន័យថា«ភ្នំ»ជាភាសាជប៉ុន។ 
 
ភ្នំមួយនេះជានិមិត្តរូបដ៏សំខាន់នៃប្រជាជនជប៉ុន និងប្រទេសជប៉ុនផងដែរ ដោយរៀងរាល់រដូវក្តៅ ប្រជាជនរបស់ពាន់នាក់បានធ្វើដំណើរឡើងលើភ្នំនោះដើម្បីទៅទស្សនាព្រះវិហារដែលត្រូវបានគេសាងសង់នៅខាងលើ។ អាយុពិតប្រាកដនៃភ្នំមួយនេះមិនទាន់ត្រូវបានគេកំណត់ឲ្យច្បាស់លាស់នៅឡើយនោះទេ។ តែទិន្នន័យមួយចំនួនបាននិយាយថា ភ្នំហ្វូជីមានដើមកំណើតប្រមាណជា២,៦លានឆ្នាំមួយ នៅលើបាតសណ្ឋានដីដែលមានអាយុរហូតទៅដល់៦៥លានឆ្នាំ ជាមួយនឹងការផ្ទុះដំបូងកាលពី៦សែនឆ្នាំមុន។ 
 
ភ្នំហ្វូជីដែលអ្នកទស្សនាមើលឃើញសព្វថ្ងៃគឺជាលទ្ធផលនៃបន្ទុះភ្នំភ្លើងជាច្រើនលើកច្រើនសារមកហើយ ដែលក្រោយបន្ទុះនិមួយៗ កម្អែងភ្នំភ្លើងនដែលបានហ៊ាចេញមកក្រៅបានបង្កទៅជាស្រទាប់ភ្នំថ្មីៗបន្តទៀត។ ភ្នំហ្វូជីមានបរិមាត្រនៃផ្ទៃបាតប្រមាណជា១២៥គីឡូម៉ែត្រ និងអង្កត់ផ្ចិតបាតចាប់ពី៤០ទៅ៥០គីឡូម៉ែត្រ។ ចំណែកឯនៅកំពូលភ្នំភ្លើងនេះវិញ មាត់ភ្នំភ្លើងមានអង្កត់ផ្ចិតក្នុងរង្វង់៥០០ម៉ែត្រ ជាមួយនឹងជម្រៅ២៥០ម៉ែត្រចុះទៅក្រោម។ នៅជុំវិញភ្នំមួយនេះមានវត្តមាននៃបឹងចំនួន៥កន្លែង ដែលជាកន្លែងសំខាន់សម្រាប់ភ្ញៀវទេសចរណ៍មកទស្សនា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com