កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ អង់គ្លេស​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត ក្រោយ​ចាញ់​បែលហ្ស៊ិក ២-០
16, Nov 2020 , 11:38 am        
រូបភាព
​ក្តីសង្ឃឹម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុងការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Nations League ឆ្នាំ ២០២០ ត្រូវបាន​បញ្ចប់​ហើយ ក្រោយ​ចាញ់​បែលហ្ស៊ិក​ក្នុង​លទ្ធផល ២-០ ក្នុងការ​ប្រកួត​ជម្រុះ​ពូ​ល​A2 នៅ​រាត្រី​ថ្ងៃទី​១៥ ខែវិច្ឆិកា​។​



​ពីរ​គ្រាប់​ដែល​ធ្វើបាន​ដោយ Youri Tielemans និង Dries Mertens បាន​ជួយ​បែលហ្ស៊ិក​ទទួលបាន​៣​ពិន្ទុ​បន្ថែម និង​នាំ​ក្រុម​ដែលមាន​លោក Roberto Martinez ជា​គ្រូបង្វឹក​ស្ថិតនៅ​កំពូល​តារាង​ពូ​ល A2 ជាមួយ​ពិន្ទុសរុប​១២​ពិន្ទុ​។ ក្រុម​រហ្សនាម​បិសាច​ក្រហម​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​បន្ត​សម្រាប់​ពាន​អឺរ៉ុប​នេះ បើ​ទោះ​នៅសល់​មួយ​ប្រកួត​ទៀត​ក្តី​។​
 
​ទន្ទឹមនេះ បរាជ័យ​របស់​ក្រុម​របស់លោក Gareth Southgate ក្នុងជំនួប​លើក​ទី​៥​នេះ មានន័យថា​អង់គ្លេស​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ឆ្នាំមុន នឹង​មិនអាច​ឈានទៅ​វគ្គ​បន្ត​ឡើយ ដ្បិត​ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣ ពូ​ល A2 ដោយ​រកបាន​៧​ពិន្ទុ​។ បើ​ទោះ​នៅសល់​មួយ​ប្រកួត​ទៀត ហើយ​តាម​ពីក្រោយ​ក្រុម​ដា​ណឺ​ម៉ាក​៣​ពិន្ទុ​ក៏ដោយ ប៉ុន្តែ​ក្រុម​រហស្សនាម​តោ​កំណាច​ចាញ់​ប្រៀប​ដា​ណឺ​ម៉ាក​ត្រង់​រូបមន្ត (head to head) បន្ទាប់ពី​ចាញ់ ២-១ ក្នុងផ្ទះ​ខ្លួនឯង​។​
 
​ដា​ណឺ​ម៉ាក ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ដោយ​រកបាន​១០​ពិន្ទុ តាមរយៈ​ការយក​ឈ្នះ​អ៊ី​ស្លង់ ២-១​។ ឆ្លងកាត់​ការប្រកួត​៥​លើក​សម្រាប់​ពូ​ល A2 បាន​រកឃើញ​ពីរ​ក្រុម​ឈានទៅ​វគ្គ​បន្ត​ពានរង្វាន់ Nations League ដែលមាន​បែលហ្ស៊ិក និង​ដា​ណឺ​ម៉ាក​។ ការប្រកួត​លើកចុងក្រោយ បែលហ្ស៊ិក​ស្វា​គន៍​ដា​ណឺ​ម៉ាក​ដើម្បី​ដណ្តើមយក​លេខ​១ ឯ​ប្រកួត​បង្គ្រប់កិច្ច​អង់គ្លេស​ទទួលភ្ញៀវ​អ៊ី​ស្លង់​នៅ​រាត្រី​ថ្ងៃទី​១៨ ខែវិច្ឆិកា​ដូចគ្នា​។​
 
​ដោយឡែក​ក្រុម​ដែល​អាច​ឈានទៅ​វគ្គ​បន្ត ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​លើក មានតែបារាំងមួយប៉ុណ្ណោះ ខណៈម្ចាស់ជើងឯក​ព័រ​ទុយ​ហ្គា​ល់អស់សិទ្ធិទៅហើយ ខណៈ៣ក្រុមទៀតត្រូវប្រកួតប្រជែងគ្នាក្នុងការប្រកួតបន្តបន្ទាប់៕

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com