អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ខុសពី​ការប៉ាន់ស្មាន បក្ស​លោកស្រី ស៊ូ​ជី បែរជា​ឈ្នះ​កៅអី​សភា​ច្រើនជាង​អាណត្តិ​មុន
16, Nov 2020 , 12:02 pm        
រូបភាព
អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិតេយ្យ កាន់រូបរបស់លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AFP
អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិតេយ្យ កាន់រូបរបស់លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AFP
​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា (UEC) នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បានប្រកាស​លទ្ធផល​បោះ​ឆ្នោត​ថ្នាក់ជាតិ​ចុងក្រោយ បន្ទាប់ពី​ការបោះឆ្នោត​បានធ្វើ​ឡើងរ​យៈ​ពេល ១​សប្តាហ៍​។ ក្នុង​លទ្ធផល​បោះឆ្នោត​នេះ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា និង​ច្រើនជាង​ចំនួន​គាំទ្រ​កាលពី​ឆ្នាំ​២០១៥ ទៅទៀត ហើយ​បន្ត​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​។

 
​ខុសពី​ការប៉ាន់ស្មាន​ខ្លះ​មុន​ការបោះឆ្នោត បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បែរជា​ធ្វើ​បានល្អ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា​ទៅវិញ​។ ក្នុង​លទ្ធផល​ផ្លូវការ​ចុងក្រោយ​ដែល​ប្រកាស​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​បញ្ចេញ​ហើយ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួល​កៅអី​ក្នុង​សភា​សហភាព​ចំនួន​៣៩៦ (​សភា​ជាន់​ទាប​មាន​ចំនួន ២៥៨​កៅអី និង​សភា​ជាន់ខ្ពស់​ចំនួន ១៣៨​កៅអី​)​។ 
 
​តួលេខ​សរុប​ខាងលើ មាន​ច្រើនជាង​កាលពី​ឆ្នាំ​២០១៥​ទៅទៀត ដែល​បក្ស NLD ឈ្នះ​បាន​៣៩០​កៅអី​។ បន្ថែម​ពីនេះ សម្រាប់​កៅអី​សភា​រដ្ឋ និង​តំបន់ បក្ស NLD ទទួលបាន​សំឡេង​៥០១ លើ ៦១២​សំឡេង និង​កៅអី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជនជាតិភាគតិច​មាន​ចំនួន ២៣​លើ ២៩​កន្លែង​។ 
 
​ចំណែក​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (USDP) ដែលជា​បក្សប្រឆាំង​ធំជាងគេ និង​មានការ​គាំទ្រ​ពី​យោធា​មី​យ៉ាន់​ម៉ា បានទទួល​សំឡេង​នៅក្នុង​សភា​សហភាព​ចំនួន​៣៣​កៅអី​ប៉ុណ្ណោះ ក្នុងនោះ​សភា​ជាន់​ទាប​មាន​ចំនួន ២៦​កៅអី និង​សភា​ជាន់ខ្ពស់​ចំនួន ៧​កៅអី​។ 
 
​បក្ស​ផ្សេងៗ​ទៀត ដូចជា​បក្សសម្ព័ន្ធ​សញ្ជាតិ​សាន​ដើម្បី​ប្រជាធិបតេយ្យ (SNLD) បាន​១៥​កៅអី​, បក្ស​ជាតិ​អា​រ៉ា​ខាន់​(ANP) ៨​កៅអី​, បក្ស​ជាតិ Ta’ang (TNP), បក្ស​សាមគ្គី​មន (MUP) និង​បក្ស​ប្រជាធិបតេយ្យ​រដ្ឋ​Kayah ទទួលបាន​សំឡេង ៥​កៅអី​ដូចៗ​គ្នា នៅក្នុង​សភា​សហភាព​។ ក្រៅពីនេះ បក្ស​មួយចំនួនទៀត កាន់កាប់​កៅអី​សភា​សហភាព​តិចតួច​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Time​។ 
 
​កន្លងមក អ្នកជំនាញ​ខ្លះ បាន​រំពឹងថា បក្ស​លោកស្រី​ស៊ូ​ជី នឹង​ទទួលបាន​សំឡេងគាំទ្រ​នៅក្នុង​សភា​តិចជាង​ការបោះឆ្នោត​ឆ្នាំ​២០១៥ ដោយ​យោងទៅលើ​វិបត្តិ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​ប្រតិបត្តិការ​យោធា​នៅក្នុង​រដ្ឋ​មាន​ជម្លោះ​។ មាន​មូលហេតុ​មួយចំនួន​ដែល​បក្ស NLD ធ្វើ​បានល្អ​ក្នុងការ​បោះឆ្នោត​លើក​នេះ​ដូចជា ការចេញ​មុខការ​មុខមាត់​ប្រទេស​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញ​ការចោទប្រកាន់​បទល្មើស​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ចុងឆ្នាំ​២០១៩ ការជំរុញ​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ជនជាតិភាគតិច ក៏ដូចជា​ការជំរុញ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម​។​
 
​បន្ទាប់ពី​បញ្ចេញ​លទ្ធផល​ចុងក្រោយ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា ក៏បាន​ច្រានចោល​ការអំពាវនាវរ​បស់​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព ដែល​បានទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ផងដែរ ដោយ​សំអាងថា ការបោះឆ្នោត​នេះ មាន​ភាពមិនប្រក្រតី​មួយចំនួន​។ បើតាម​ការអះអាង​រប​ស់ UEC ការបោះឆ្នោត​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ប្រកបដោយ​សន្តិភាព សណ្តាប់ធ្នាប់ និង​បង្ហាញ​ពី​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។ 
 
​បើទោះបីជា​ទទួលបាន​ល​ទ្ធ​ផល​គាំទ្រ​យ៉ាងច្រើន​នៅក្នុង​សភា​ក៏ដោយ បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា ក៏បាន​ស្នើ​ឲ្យ​បក្ស​ន​យោ​យ​បាយ​ជនជាតិភាគតិច​ចំនួន​៤៨ ចូលរួម​ជាមួយ​ខ្លួន​ដែរ ដើម្បី​បង្កើត​រដ្ឋាភិបាល​សហភាព​មួយ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com