កីឡាជាតិ
ជាតិ
ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សម្រេចបាន​៨៥​ភាគរយ និង​គ្រោង​បញ្ចប់​នៅ​ខែឧសភា​
16, Nov 2020 , 9:19 pm        
រូបភាព
ទិដ្ឋភាពពហុកីឡដ្ឋានជាតិមរតកតេជោ ថតចេញពីវិមានឈ្នះឈ្នះ
ទិដ្ឋភាពពហុកីឡដ្ឋានជាតិមរតកតេជោ ថតចេញពីវិមានឈ្នះឈ្នះ
ដោយ:
ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថាបនា​រួចរាល់​បាន​ជាង​៨០​ភាគរយ និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

 
​ទោះបី​ប្រទេស​កម្ពុជា​រង​ឥទ្ធិពល​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ប៉ុន្តែ​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នៅតែ​បន្តសកម្មភាព​ធម្មតា​។ បើតាម​ការវាយតម្លៃរ​ប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២០ ការស្ថាបនា​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​មួយ​នេះ ស​ម្រ​ច​បាន​ប្រមាណ​៨៥​ភាគរយ​ហើយ​។ 
 
​តែ​យ៉ាងណា ការបញ្ចប់​ការសាងសង់​សមិទ្ធផល​ទី​ពីរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ នឹង​អូសបន្លាយ​រហូតដល់​ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន​។ ខណៈ​ដំបូង​ឡើយ​ពហុ​កីឡដ្ឋាន​នេះ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ ហើយ​ត្រូវបាន​វាយតម្លៃ​លើក​ទី​ពី​រថា នឹង​បញ្ចប់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២១​។ 


 
​លោក វ៉ា​ត់ ចំរើន ធ្លាប់​អះអាង​កន្លងមក​ថា ការពន្យា​ពេល​ក្នុងការ​បញ្ចប់​ការសាងសង់​ជា​បន្តបន្ទាប់​នេះ ដោយសារ​មានការ​រាំងស្ទះ​ក្នុង​ការដឹក​ឧបករណ៍ និង​សម្ភារ​ផ្គត់ផ្គង់​ឲ្យ​ការសាងសង់​ពី​ក្រៅប្រទេស បន្ទាប់ពី​ប្រទេសមួយ​ចំនួន​បាន​បិទ​ព្រំ​ដែនទឹក និង​ជើងហោះហើរ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​បច្ចុប្បន្ន​ពហុ​កីឡដ្ឋាន​នេះ បានបញ្ចប់​ការសាងសង់​គ្រោង​១០០​ភាគរយ​ហើយ នៅឡើយ​តែ​បំពាក់​គ្រឿង​បរិក្ខា​មួយចំនួន​រួមមាន​កៅអី អំពូល​ភ្លើង ដំបូល អគារ​ក្នុង​កីឡដ្ឋាន និង​ការធ្វើ​ទីលាន​ខាងក្នុង​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជ​ម្លៀ​ង​ទស្សនិកជន​ត្រឹម​រយៈពេល​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ 
 
​សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ មានដូចជា​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​។ កីឡដ្ឋាន​នេះ​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣៕  

Tag:
 វ៉ា​ត់ ចំរើន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com