COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក គីម បញ្ជា​រឹតបន្តឹង​វិធានការ​ប្រឆាំង​កូ​វីដ​-១៩ ខណៈ​ពិភពលោក​នៅ​ប្រឈម​ខ្លាំង​
16, Nov 2020 , 4:05 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ។ រូបភាព៖ KCNA
ដោយ:
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុន​អ៊ុន បាន​ដាក់ចេញ​បទបញ្ជា​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ក្នុងប្រទេស​លោក ខណៈ​ជំងឺ​នេះ​ហក់​ឡើង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​។ ទន្ទឹមនេះ លោក​ក៏បាន​ស្ដីបន្ទោស​មន្ត្រី​ក្នុង​ជួរ​បក្ស​លោក​រឿង​ថ្លោះធ្លោយ​មួយ​ដែល​បាន​កើតឡើង​ក្នុង​សាលា​ពេទ្យ​ក្រុង​ព្យុងយ៉ាង​ផងដែរ​។​

 
​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា លោក គីម បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ក្នុង​ការរក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រឹតបន្តឹង​កិច្ចការ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។ 
 
​ជាការ​ចេញ​មុខជា​សាធារណៈ​លើកដំបូង​ក្នុងពេល​២៥​ថ្ងៃ​ចុងក្រោយ លោក​គីម ក៏បាន​លើកឡើង​ពី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ ដែល​បាន​ប្រព្រឹត្តិ​ដោយ​មន្ត្រី​បក្ស​កាន់អំណាច​លោក​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង​ព្យុងយ៉ាង ។ 
 
​បើតាម KCNA មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ អះអាង​ក្នុង​កិច្ចប្រជុំ​នេះ​ថា មន្ត្រី​ក្នុង​ជួរ​បក្ស​ផ្សេងទៀត និង​ក្នុង​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត​បាន​លាក់បាំង និង​រួមចំណែក​ក្នុង​ឧក្រិដ្ឋ​កម្មនេះ ដោយ​បរាជ័យ​ក្នុងការ​គ្រប់គ្រង​កិច្ចការ​ក្នុង​សាលា​ពេទ្យ​នេះ​។ យ៉ាងណាមិញ​លោក​ពុំបាន​បញ្ជាក់​ជាក់លាក់​ថា​តើ​ឧក្រិដ្ឋ​កម្មនេះ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ឬ​យ៉ាងណាទេ​។ 
 
​កូរ៉េខាងជើង បានធ្វើ​តេស្ត​កូ​វីដ​-១៩ មនុស្ស​ជាង​១២០០០​នាក់ ហើយ​រាយការណ៍​ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​ឡើយ​ក្នុងប្រទេស​ខ្លួន​។ មនុស្ស ៦១៧៣​នាក់ ក្នុងនោះ​៨​នាក់​ជា​ជនបរទេស ត្រូវបាន​រកឃើញថា​ជា​ករណី​សង្ស័យ ហើយ​១៧៤​នាក់ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ចុងខែ​តុលា​កន្លងទៅ​។ នេះ​បើ​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ១៦ ខែវិច្ឆិកា មនុស្ស​ជាង​៥៤​លាន​នាក់ ត្រូវបាន​រាយការណ៍​ថា​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំង​ពិភពលោក ហើយ​ជាង​១,៣១​នាក់​បាត់​បង់ជីវិត​។ ស្ថានភាព​កូ​វីដ​-១៩​នៅ​អឺរ៉ុប​នៅតែ​គ្រោះថ្នាក់​ខ្លាំង ខណៈ​សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​ដល់​ជាង​១១​លាន​នាក់ និង​អ្នកស្លាប់​ដល់​ជាង​២៤​ម៉ឺន​នាក់​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com