ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ដំណើរការប្រឡងឌីប្លូម និងបាក់ឌុប ប្រហែលមិនប្រែប្រួលឡើយ ទិដ្ខភាពសិស្សានុសិស្សកំពុងរៀននៅតាមថ្នាក់រៀន រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា បើសិនជាលទ្ធផលការធ្វើតេស្តលើកទី៤លើអ្នកពាក់ព័ន្ធនឹងប្រព្រឹត្តការណ៍៣វិច្ឆិកាអវិជ្ជមានកូវីដ-១៩ ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)តាមកាលបរិច្ឆេទនៅថ្ងៃទី៣០ ខែវិច្ឆិកា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ថ្ងៃទី២១ ខែធ្នូ។
«ក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែរក្សាជំហរដំណើរការប្រឡងឌីប្លូម និងបាក់ឌុប។ គុណភាពនៃការប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំ២០២០នេះ គឺនៅតែរក្សាគោលការណ៍ដូចនឹងឆ្នាំមុនដដែល គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនទៅបេក្ខជនប្រឡង»។ នេះជាការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំដែលរំពឹងថាស្ថានភាពជំងឺកូវីដ-១៩នឹងមានភាពល្អប្រសើរឡើងវិញ។
អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងអប់រំនឹងបន្តតាមដានស្ថានភាព និងវាយតម្លៃលើស្ថានភាពជំងឺកូវីដ-១៩ជាមួយនឹងក្រសួងសុខាភិបាល។ អ្នកនាំពាក្យនិយាយដូច្នេះថា៖«ប្រសិនបើមានករណីប្រែប្រួល ក្រសួងអប់រំនឹងជម្រាបជូនសាធារណជនស្តីពីការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុប»។
លោក រស់ សុវាចា បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាឯកជន-រដ្ឋចំនួន១៩ មន្ទីរអប់រំខេត្តចំនួន២ កន្លែងហាត់ប្រាណចំនួនមួយកន្លែង បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា។ បច្ចុប្បន្នអង្គភាពទាំងអស់នោះត្រូវបានក្រសួងផ្អាកឲ្យដំណើរការជាបណ្តោះអាសន្ន។
អ្នកនាំពាក្យក្រសួងអប់រំនិយាយថា ក្រសួងនឹងប្រកាសឲ្យដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឡើងវិញ ក្រោយពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាបានធ្វើចត្តាឡីស័កគ្រប់បាន១៤ថ្ងៃ ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩។
កាលពីក្រសួងអប់រំប្រកាសបើកសាលារៀនទូទាំងប្រទេសក្នុងដំណាក់កាលទី៣នៅថ្ងៃទី២ ខែវិច្ឆិកា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា សាលារៀនណាដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ សាលារៀននោះនឹងផ្អាកដំណើរការជាបណ្តោះអាសន្ន៕
Tag:
អប់រំ
សិស្ស
ប្រឡងឌីប្លូម
© រក្សាសិទ្ធិដោយ thmeythmey.com