COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Bach ជឿថា នឹងមានវ៉ាក់សាំង COVID-19 សម្រាប់ឲ្យជប៉ុនរៀបអូឡាំពិកបានរលូន លោក Thomas Bach ប្រធាន IOC (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូហ្ស៊ីហីដេ
× លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បង្ហាញការជឿជាក់លើជប៉ុនក្នុងការដឹកនាំកីឡាអូឡាំពិកក្រុងតូក្យូដោយជោគជ័យនៅឆ្នាំ ២០២១ ដោយអនុញ្ញាតឲ្យមានអ្នកទស្សនា ទោះស្ថិតក្នុងស្ថានភាពជំងឺរាតត្បាត COVID-19។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រធាន IOC ទៅកាន់ទីក្រុងតូក្យូ ទំនងជាជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះជប៉ុនកាន់តែខ្លាំងឡើងក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិក ខណៈមានការព្រួយបារម្ភពីការរីករាលដាលជំងឺសកល។ លោក Bach បានប្រាប់សន្និសីទសារព័ត៌ថា លោកនឹងស្នាក់នៅទីក្រុងតូក្យូចន្លោះថ្ងៃទី ១៥-១៨ ខែវិច្ឆិកា ដើម្បីពិនិត្យមើលការត្រៀមរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២០ ដែលត្រូវបានពន្យារទៅឆ្នាំ ២០២១។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានបទសំខាន់ៗនៃការពិភាក្សារបស់លោក Bach ជាមួយអ្នករៀបចំកម្មវិធី គឺផ្តោតលើការអនុញ្ញាតឲ្យមានអ្នកទស្សនា និងធានាកន្លែងស្នាក់នៅដែលមានសុវត្ថិភាពបំផុតសម្រាប់អត្តពលិកជាង ១១០០០ នាក់មកពីទូទាំងពិភពលោក។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានគ្រប់គ្រងកីឡាពិភពលោក ទៅកាន់រាជធានីជប៉ុនចាប់តាំងពីលោក និងអតីតនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បានសម្រេចចិត្តនៅខែមីនាដើម្បីពន្យារពេលព្រឹត្តិការណ៍អូឡាំពិករយៈពេល១ឆ្នាំំ។
អ្វីដែលជាការកត់សម្គាល់ បន្ទាប់ពីរយៈពីរថ្ងៃនៅទឹកដីជប៉ុន នាថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក Bach ដែលបានសហការជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក ស៊ូហ្គា យូស៊ីហ៊ីដេ បានប្រាប់អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike ថា លោកទាំងពីរពិតជាជឿជាក់ថាវ៉ាក់សាំងជំងឺ COVID-19 នឹងមាននៅរដូវក្តៅខាងមុខនេះ។
លោកបានបន្ថែមថា IOC នឹងរៀបចំដើម្បីធានាការចាក់វ៉ាក់សាំងទាំងអត្តពលិក អ្នកគាំទ្រ និងទេសចរមុនពេលពួកគេចូលទៅដល់ប្រទេសជប៉ុន។ បុរសសញ្ជាតិអាល្លឺម៉ង់ពិតជាមាន «ជំនឿចិត្ត» យ៉ាងខ្លាំងថាអ្នកទស្សនានឹងអាចចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលនឹងធ្វើឡើងនៅខែកក្កដា និងសីហា ដោយទំនុកចិត្ត៕
Tag:
Thomas Bach
IOC
Olympic
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com