ជាតិ
អង្គការ OEOO និង​ក្រុម​ស្ម័គ្រចិត្ត​ចង់ឃើញ​ពលរដ្ឋ​ចូលរួម​ដោះស្រាយ​បញ្ហា​សំរាម នៅ​គ្រប់កន្លែង
17, Nov 2020 , 10:25 am        
រូបភាព
សកម្មភាពរើសសំរាមរបស់អង្គការ oeoo និង ស្ម័គ្រចិត្ត នៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង។ (រូបពីទំព័ហ្វេសប៊ុករបស់ Kon Pka)
សកម្មភាពរើសសំរាមរបស់អង្គការ oeoo និង ស្ម័គ្រចិត្ត នៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង។ (រូបពីទំព័ហ្វេសប៊ុករបស់ Kon Pka)
​ភ្នំពេញ​៖ អង្គការ One Earth - One Ocean(oeoo) ប្រចាំ​ក្រុង​បាត់ដំបង រួមជាមួយ​ក្រុម​ស្ម័គ្រចិត្ត បាន​ចំណាយពេល​ជិត​៣​ឆ្នាំ រើស​សំរាម​នៅ​ស្ទឹង​សង្កែ ដើម្បី​ជួយ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​និង​សោភ័ណភាព​។ គោលដៅ​របស់​ក្រុម​រើស​សំរាម​នេះ គឺ​ចង់​បណ្ដុះ​ផ្នត់គំនិត​ដល់​សាធារណជន ពិសេស​តាម​មូលដ្ឋាន​ឲ្យ​ផ្ដើម​គិតពី​បញ្ហា​សំរាម​និង​រៀន​គ្រប់គ្រង​សំរាម​។



​តាមរយៈ​សកម្មភាពរ​បស់ អង្គការ OEOO និង​អ្នកស្ម័គ្រចិត្ត​រើស​សំរាម ពួកគេ​កត់សម្គាល់​ឃើញថា ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​សង្កែ​បាត់ដំបង​មានការ​កែប្រែ​ឥរិយាបថ​ផ្ដើម​ចេះ​ទុកដាក់​សំរាម បន្ទាប់ពី​ឃើញ​ក្រុម​របស់ខ្លួន​តែងតែ​ចុះ​ប្រមូល​សំរាម​។ លើសពីនេះ ពួកគេ​អះអាងថា សកម្មភាព​នេះ គឺ​កំពុង​បណ្ដុះ​ផ្នត់គំនិត​ដល់​សាធារណជន​ទាំងអស់ ឲ្យ​ចូលរួម​គិតពី​ការ​បញ្ហា​សំរាម​និង​មាន​ទាំង​សកម្មភាព​ទៀតផង​។ 
 
​កញ្ញា ជូន ពៅ ដែល​ធ្លាប់​ស្ម័គ្រចិត្ត​ចូលរួម​ប្រមូល​សំរាម​ជាមួយ​អង្គការ OEOO អះអាងថា ទោះបីជា​កញ្ញា​ចូលរួមបាន​រយៈពេល​៣​ខែ​ពិតមែន ប៉ុន្តែ​កញ្ញា​នៅតែ​បន្ត​ចែករំលែក​ចំណេះដឹង​ពី​ការគ្រប់គ្រង​សំរាម​ដល់​អ្នក​ជុំវិញខ្លួន​រហូតដល់​ស​ព្វ​ថ្ងៃ​។ ការចូលរួម​នេះ កញ្ញា​ពៅ ធ្វើឡើង​តាម​ទឹកចិត្ត​ស្រលាញ់​សង្គម​និង​បរិស្ថាន​របស់ខ្លួន ដោយ​គ្រាន់តែ​ចង់​ឲ្យ​បរិស្ថាន​ស្អាត ហើយ​មិន​ចង់ឃើញ​បរិស្ថាន​រង​ផលប៉ះពាល់​ដោយសារ​សំរាម​។ 
 
«​ការ​រើស​សំរាម​រយៈពេល​បី​ខែ នៅ​ស្ទឹង​សង្កែ​បាត់ដំបង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​ដឹង​កាន់តែច្បាស់​ពី​ជែក​សំរាម ថា​ប្រភេទ​ណា​អាច​កែច្នៃ​បាន ប្រភេទ​ណា​អាច​លក់បាន ប្រភេទ​ណា​មិនអាច​កែច្នៃ​បាន​។ ហើយ​ខ្ញុំ​រឹតតែ​ស្រលាញ់​បរិស្ថាន​និង​ចូលរួម​ចែករំលែក​កាន់តែច្រើន ព្រោះ​ពេល​រើស​សំរាម​ចេញ​អស់ពី​កន្លែង​មួយ​ឃើញ​សោភ័ណ្ណភាព​ទីនោះ​កាន់​ល្អ​ប្រើ​សើរ​ជាង​មុខ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​កញ្ញា ជូន ពៅ ដោយ​បញ្ជាក់​បន្ថែមថា កញ្ញា​ចង់​ឲ្យ​គ្រប់គ្នា​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​ឲ្យ​កាន់តែ​ផុសផុល​បន្ថែមទៀត ដើម្បី​សង្គម​បរិស្ថាន​រស់​ទាំងអស់គ្នា​។ 
 
​ចំណែក កញ្ញា ឆាយ យ៉ា​រី ជា​និស្សិត​ដែល​បាន​ចូលរួម​រើស​សំរាម​ជាមួយ​អង្គការ OEOO ក៏បាន​បញ្ជាក់ដែរថា កញ្ញា​ចូលរួម​រើស​សំរាម​នេះ ដើម្បី​បណ្ដុះ​ផ្នត់គំនិត​ចូលរួម​ដោះស្រាយ​បញ្ហា​សំរាម​។ និស្សិត​រូបនេះ បន្តថា ពលរដ្ឋ​ភាព​ភាគច្រើន​បាន​កែប្រែ​ឥរិយាបថ ខណៈដែល​ឃើញ​ក្រុមការងារ​ចុះ​រើស​សំរាម​ម្ដងៗ​។ 
 
«​ពលរដ្ឋ​ខ្លះ​ដែល​រស់​នៅតាម​ដងស្ទឹង​គាត់​ឃើញ​យើង​ដើរ​រើស​សំរាម ខ្លះ​គាត់​ហាក់ដូច​ខ្មាសអៀន​លែង​ចោល​សំរាម ហើយ​ពួកគាត់​ចេះ​ស្វែងរក​វិធី​ទុកដាក់​សំរាម ហើយ​គ្រួសារ​ខ្លះ​ចុះជួយ​ប្រមូល ជជែក​ពី​បញ្ហា​សំរាម​ជាមួយគ្នា​បាន​ច្រើន​លើ​រឿង​សំរាម​នេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​កញ្ញា យ៉ា​រី ដោយ​សង្ឃឹមថា ពលរដ្ឋ​តាម​មូលដ្ឋាន​និង​យុវជន​ទាំងអស់​នឹងចូលរួម​ដោះស្រាយ​បញ្ហា​សំរាម​ទាំងអស់គ្នា​។ 
 
​ម​ន្រី្ត​សម្របសម្រួល​ក្នុង​អង្គការ OEOO កញ្ញា ស៊ា​ង បុប្ផា​ផល ដែល​តែងតែ​ចុះ​រើស​សំរាម តាម​ដងស្ទឹង​សង្កែ​ជាប្រចាំ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ បាន​បញ្ជាក់ថា គោលដៅ​របស់​អង្គការ គឺ​ផ្ដោត​បញ្ហា​សំរាម​ក្នុង​ទឹក​។ ចំពោះ​ការប្រមូល​សំរាម​នៅតាម​ដងស្ទឹង​សង្កែ នៅតែ​បន្ត​មាន​រហូត​។ 
 
«​ក្រុមការងារ​និង​អ្នកស្ម័គ្រចិត្ត​ចូលរួម​រើស​សំរាម​នៅក្នុង​ស្ទឹង​និង​តាម​ប​ណ្ដោ​ល​ស្ទឹង​សង្កែ​ស្ទើរ​រាល់ថ្ងៃ ហើយ​យើង​ត្រូវការ​អ្នក​ស្ម័គ្រ​ចូលរួម​​រហូត ឲ្យ​តែ​ស្ម័គ្រ​ចូលរួម​មួយថ្ងៃ​ក៏បាន លើស​ហ្នឹង​ក៏បាន​។ ការប្រមូល​សំរាម​ចេញពី​ប្រភពទឹក​នេះ គឺ​ដើម្បី​កាត់បន្ថយ​បំពុលបរិស្ថាន​ក្នុង​ទឹក និង​សោភ័ណភាព ព្រោះ​សំរាម​មិនមែន​ផ្ដល់​ផលប៉ះពាល់​នៅតែ​លើដី​គោក​នោះទេ ក្នុង​ទឹក​ក៏​ផ្ដល់​ផលប៉ះពាល់​ដែរ គឺ​ជីវៈចម្រុះ​ក្នុង​ទឹក​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ក​ញ្ញា បុប្ផា​ផល ដោយ​បញ្ជាក់​បន្ថែមថា ក្រៅពី​គម្រោង​ប្រមូល​សំរាម​តាម​ស្ទឹង​នេះ ក្រុម​របស់ខ្លួន​ក៏​ទើបតែ​បញ្ចប់​គម្រោង​លើកកម្ពស់​ការយល់ដឹង​ពី​ការគ្រប់គ្រង​សំរាម​-​សំណល់​រឹង​ដែរ​។ 
 
​កញ្ញា បុប្ផា​ផល បន្តថា​គម្រោង​នេះ គឺ​ដើម្បី​បញ្ជៀប​ការយល់ដឹង​ដល់​ពី​ការគ្រប់គ្រង​សំរាម​តាម​មូលដ្ឋាន ដែល​បាន​សាកល្បង​ក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ ការចុះ​បញ្ជៀប​ចំណេះដឹង​នេះ នឹង​បន្ត​ក្នុង​សង្កាត់​ចំនួន​៦​ទៀត​ក្នុង​ក្រុង​បាត់ដំបង ប្រសិនបើ​ក្រុមការងារ​របស់​កញ្ញា បុប្ផា​ផល វាយតម្លៃ​ឃើញថា​ទទួលបាន​លទ្ធផល​៣០​ភាគរយ​ឡើងទៅ​។ 
 
«​គម្រោងការ​សាកល្បង​នេះ ទើបតែ​បញ្ចប់​នៅ​ថ្ងៃទី​១៣​វិច្ឆិកា​នេះ បាន​ផ្ដោតលើ​ពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​ប្រមាណ​៧០​គ្រួសារ​។ ខ្ញុំ​នឹង​បន្ត​តាមដាន​និង​ពិនិត្យ​វាយតម្លៃ​គម្រោង​នេះ រហូត​ត្រឹម​ពាក់កណ្ដាល​ខែធ្នូ ប្រសិនបើ​ទទួលបាន​លទ្ធផល​ចាប់ពី​៣០​ភាគរយ​ឡើង  ខ្ញុំ​នឹង​បន្តទៅ​សង្កាត់​ចំនួន​៦​ទៀត​ក្នុង​ក្រុង​បាត់ដំបង​ដែល​នៅជាប់​មាត់​ស្ទឹង​។ តាម​ការអង្កេត​របស់​ខ្ញុំ​ឃើញ​តាម​ពលរដ្ឋ​រស់​តាម​បណ្ដោយ​ស្ទឹង​មានការ​កែប្រែ​និង​ចូលរួម​ទុកដាក់​សំរាម​ច្រើនជាង​មុខ មានពេលខ្លះ​ពួកគាត់​ជួយ​សហការ​ប្រមូល​សំរាម​ពួក​ខ្ញុំ​ទៀតផង​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ក​ញ្ញា បុប្ផា​ផល ដោយ​បញ្ជាក់ថា កាលពី​ឆ្នាំមុន ក្រុមការងារ​ចុះ​ប្រមូល​សំរាម​បាន​ប្រមាណ​២៥០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ហើយ​ឥឡូវ​ប្រមូលបាន​ជាង​១៥០​គីឡូក្រាម​។ 
 
​ក្នុង​សម្ដី​រីករាយ កញ្ញា បុប្ផា​ផល បន្តទៀតថា ការងារ​រើស​សំរាម​នៅ​តំបន់​ដងស្ទឹង​សង្កែ​នេះ គឺ​តែមាន​ការចូលរួម​ដោយ​ស្ម័គ្រ​ពី​យុវជន​តាម​សាលារៀន​និង​អង្គការ​ជា​ហូរហែរ​។ កញ្ញា​រំពឹងថា ផ្នត់គំនិត​នៃ​ការចូលរួម​ដោះស្រាយ​បញ្ហា​សំរាម គឺ​កើតមាន​គ្រប់​ទីកន្លែង​។ កញ្ញា​ពោល​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស​ង្ឈឹ​ម​ថា​ការចូលរួម​ជជែក​ពី​បញ្ហា​សំរាម ការគ្រប់គ្រង​សំរាម នឹង​កើតមាន​គ្រប់កន្លែង ពិសេស​គឺ​កើតមាន​ទាំង​សកម្មភាព​ផងដែរ​។ ជា​ស្ដែង​ដូច​សកម្មភាព​ចូលរួម​របស់​អ្នក​ស្ម័គ្រ​ជា​ក្រុម​ខ្ញុំ​កន្លងមក ជា​កត្តា​ជុំរុញ​ឲ្យ​មាន​អ្នកចូលរួម​និង​បណ្ដុះ​គំនិត​គិតពី​បញ្ហា​សំរាម បរិស្ថាន កាន់តែខ្លាំង​ឡើង​»៕ 
 

Tag:
 សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com