សង្គមអន្តរជាតិ​
អន្តរជាតិ
កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​៖ មន្ត្រី​អាមេរិក និង​រុស្ស៊ី​ថា ហាម​ប៉ះ​សិទ្ធិ​វ៉េតូ
17, Nov 2020 , 2:01 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបភាព Xinhua
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបភាព Xinhua
​មន្ត្រី​អាមេរិក និង​រុស្ស៊ី នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បានប្រកាស​ពី​ជំហរ​របស់​ប្រទេស​រៀងៗ​ខ្លួន​ក្នុងការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ដែលជា​ស្ថាប័ន​មានអំណាច​ក្រោម​អង្គការសហប្រជាជាតិ (UN) ។ ការបន្ថែម​សមាជិក​ថ្មី មិនមែនជា​បញ្ហា​រាំងស្ទះ​ឡើយ ប៉ុន្តែ​រុស្ស៊ី និង​អាមេរិក មិន​គាំទ្រ​ការពង្រីក​សិទ្ធិ​វ៉េតូ​ដល់​ប្រទេស​ឯទៀត​ក្រៅពី​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​ឡើយ​។ ចំណែក​ប្រធាន​មហាសន្និបាត UN បាន​រិះគន់​ក្រុមប្រឹក្សា​ថា គិតតែ​ពី​ប្រយោជន៍ និង​មិន​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​របស់​ពិភពលោក​។​

 
​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បាន​បើក​ការជជែក​ដេញដោល​មួយ​លើ​កំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ដ៏​មាន​ឥទ្ធិពល​។ សមាជិក​ទាំង​១៩៣​ប្រទេស បាន​ពិភាក្សា​ពី​សិទ្ធិ​វ៉េតូ និង​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​អចិន្ត្រៃយ៍​ទាំង​៥ ចិន រុស្ស៊ី អង់គ្លេស បារាំង និង​អាមេរិក ក៏ដូចជា​ការពង្រីក​ស​មា​ជិ​ក​ភាព​ដើម្បី​តុល្យភាព​តំបន់​នានា​។​
 
​ការពង្រីក​ក្រុមប្រឹក្សាសន្តិសុខ ត្រូវបាន​មើលឃើញថា ជា​ប្រធានបទ​ដែលមាន​ការគាំទ្រ ខណៈ​សមាជិក​អចិន្ត្រៃយ៍​បច្ចុប្បន្ន មិន​តំណាង​ឲ្យ​តុល្យភាព​តំបន់​ឡើយ​។ ប៉ុន្តែ​កំណែទម្រង់​សិទ្ធិ​ពិសេស​វ៉េតូ មិន​ត្រូវបាន​អាមេរិក និង​រុស្ស៊ី គាំទ្រ​ទេ​។ អាមេរិក និង​រុស្ស៊ី​ដែល​ប្រើ​សិទ្ធិ​ពិសេស​មួយ​នេះ​ដល់​ទៅ​១៥​ដង​តាំងពី​ឆ្នាំ​២០១១ លើ​សំណុំរឿង​ស៊ី​រី​តែមួយ មិន​ចង់ឃើញ​អំណាច​ពិសេស​របស់ខ្លួន​ត្រូវបាន​កាត់បន្ថយ​ឡើយ​។​
 
«​អាមេរិក នៅតែ​បើកចំហ​ជាគោលការណ៍​លើ​ការពង្រីក​ដោយ​សមស្រប​ក្រុមប្រឹក្សាសន្តិសុខ​។​» អ្នកការទូត​អាមេរិក Ngoyi Ngoyi ប្រាប់​កិច្ចប្រជុំ​បែបនេះ មុន​បន្តថា ប៉ុន្តែ ការកែទម្រង់ មិនត្រូវ​ធ្វើឡើង​តាម​មធ្យោបាយ​ដែល​កាត់បន្ថយ​ប្រសិទ្ធ​ផល​របស់​ក្រុមប្រឹក្សា ឬ​ប្រសិទ្ធភាព​របស់​វា និង​មិនត្រូវ​ផ្លាស់ ឬ​ពង្រីក​វ៉េតូ​ឡើយ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP តំណាង​រុស្ស៊ី​ឯណោះ​វិញ គំនិត​ដែល​នាំទៅរក​ការ​ថមថយ​សិទ្ធិ​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា រាប់ទាំង​សិទ្ធិ​វ៉េតូ​ផង ជា​រឿង​មិន​ទទួលយក​បានឡើយ​។ អនុប្រធាន​បេសកកម្ម​តំណាង​រុស្ស៊ី​ប្រចាំ UN លោកស្រី  Anna Evstigneeva បន្ថែមថា ការប្រើ ឬ​គំរាម​ប្រើ​វ៉េតូ បាន​ទប់ស្កាត់​ក្រុមប្រឹក្សា​មិន​ឲ្យ​ក្លាយជា​ស្ថាប័ន​មាន​មន្ទិល​។ 
 
​នា​កិច្ចប្រជុំ​ដដែល តំណាង​ចិន Zhang Jun ក៏​រិះគន់​វត្តមាន​ប្រទេស​អភិវឌ្ឍ​ដែលមាន​តំណាង​ច្រើន​។ លោក​ស្នើ​ឲ្យ​បន្ថែម​សមាជិកភាព​របស់​ប្រទេស​តូច និង​មធ្យម ពិសេស​តំណាង​របស់​ទ្វីបអាហ្វ្រិក​។​
 
​ក្រុមប្រឹក្សាសន្តិសុខ ជា​ស្ថាប័ន​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ ដែលមាន​សិទ្ធិ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ និង​ការប្រើ​កម្លាំងយោធា​។ ក្រៅពី​សមាជិក​អចិន្ត្រៃយ​ទាំង​៥ ក្រុមប្រឹក្សា​មាន​សមាជិក​១០​ប្រទេស​ទៀត ដែល​បោះឆ្នោត​ជ្រើសរើស​រៀងៗ​រាល់​ពីរ​ឆ្នាំ​មក​ដង​។ អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន និង​ប្រេ​ស៊ី​ល ជា​បេ​ក្ខ​នាំមុខ​សម្រាប់​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍ ខណៈ​អាហ្វ្រិក​ដែល​ចង់បាន​ពីរ​ប្រទេស​នោះ មិនទាន់មាន​បេក្ខភាព​ជាក់លាក់​ឡើយ​៕
 
 

Tag:
 ក្រុមប្រឹក្សាសន្តិសុខ​
  អាមេរិក​
  រុស្ស៊ី​
  វ៉េតូ
© រក្សាសិទ្ធិដោយ thmeythmey.com