កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ក្លាយជា​ក្លិប​បាល់ទាត់​ដំបូង​គេ​ចូលរួម​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​ជាមួយ UN
17, Nov 2020 , 2:40 pm        
រូបភាព
Arsenal ក្លាយជា​ក្លិប​កីឡាបាល់ទាត់​ដំបូង​គេ​ដែល​ចូលរួម​ក្នុង​សកម្មភាព​កីឡា​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ (UN Sports for Climate Action Framework) នៅ​ជុំវិញ​ពិភពលោក​។ ក្រុម​កាំភ្លើង​ធំ ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Arsenal នៅលើ​វេ​ប​សាយ​ផ្ទាល់​ពួកគេ នៅ​ថ្ងៃទី​១៦ វិច្ឆិកា​។



Arsenal ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League នឹងចូលរួម​ជាមួយ​គ​ណៈ​ក​ម្មា​ធិ​អូឡាំពិក​អន្តរជាតិ (IOC), សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) និង​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អង់គ្លេស (FA) ដើម្បី​សម្រេច​ឲ្យ​បាន​លើ​គំនិត​ផ្តួចផ្តើម​របស់ UN លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​។​
 
​ការចូលរួម​នេះ មាន​គោលបំណង​ដើម្បី​បង្រួបបង្រួម​សហគមន៍​កីឡា​នៅ​ជុំវិញ​ពិភពលោក​ក្នុងការ​ប្តេជ្ញាចិត្ត​សម្រេច​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ពុល​នៅ​ឆ្នាំ ២០៥០​។​
 
Arsenal បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវអនុវត្ត​ន​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ប្រព័ន្ធ​ដើម្បី​លើកកម្ពស់​ទំនួល​ខុសត្រូវ​ផ្នែក «​បរិស្ថាន​» និង «​កាត់បន្ថយ​ផលប៉ះពាល់​អាកាសធាតុ​ទូទៅ​»​។​
 
​គោលនយោបាយ​បៃតង​របស់​ក្លិប​រហស្សនាម​កាំភ្លើង​ធំ រួមបញ្ចូល​ទាំង​ការដំឡើង​ប្រព័ន្ធ​កែច្នៃ​ទឹក​នៅឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​ពួកគេ​នៅឯ London Colney ភូមិ​មួយ​នៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍ និង​ដាំ​ដើមឈើ​ជាង ២៩០០០​ដើម នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ ១៩៩៩​មក​។​
 
​ហត្ថលេខី​នៃ​គំនិត​ផ្តួចផ្តើម​របស់ UN ដែល​រួមមាន FIFA, FA និង IOC ដែល​គាំទ្រ​មហិច្ឆតា​របស់ UN ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍ ៥ ដូចជា​ប្រឹងប្រែង​ជា​ប្រព័ន្ធ​ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ​ផ្នែក​បរិស្ថាន កាត់បន្ថយ​ផលប៉ះពាល់​អាកាសធាតុ​ទូទៅ អប់រំ​ពី​សកម្មភាព​អាកាសធាតុ លើកកម្ពស់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព និង​ទំនួល​ខុសត្រូវ និង​តស៊ូ​មតិ​សម្រាប់​សកម្មភាព​អាកាសធាតុ​តាមរយៈ​ការទំនាក់ទំនង​៕

Tag:
 Arsenal
  UN Sports for Climate Action Framework
  Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com