កីឡាជាតិ
ជាតិ
កីឡាករ កែវ សុខ​ផេង ប្រកាស​រក​ក្មេង​ម្នាក់ ដែល​ខ្លួន​មិនបាន​ចាប់ដៃ នៅពេល​អបអរ​គ្រាប់​បាល់​
17, Nov 2020 , 3:12 pm        
រូបភាព
សកម្មភាពកីឡាករ កែវ សុខផេង អបអរគ្រាប់បាល់ខ្លួន ហើយភ្លេចចាប់ដៃជាមួយក្មេងប្រុសរើសបាល់, រូបភាពពីហ្វេសប៊ុក សុខផេង
សកម្មភាពកីឡាករ កែវ សុខផេង អបអរគ្រាប់បាល់ខ្លួន ហើយភ្លេចចាប់ដៃជាមួយក្មេងប្រុសរើសបាល់, រូបភាពពីហ្វេសប៊ុក សុខផេង
ដោយ:
​កីឡាករ កែវ សុខ​ផេង ប្រកាស​រក​ក្មេងប្រុស​រើស​បាល់​ម្នាក់ ដែល​ខ្លួន​មិនបាន​ចាប់ដៃ​ជាមួយ ដោយសារ​រវល់​អបអ​រ​គ្រាប់​បាល់ ដែល​ខ្លួន​រកបាន​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេល​ថ្មីៗ​។ ការប្រកាស​រក​នេះ ព្រោះ​ខ្សែប្រយុទ្ធ​រូបនេះ ចង់​ជូន​កាដូ​លើកទឹកចិត្ត​ដល់​ក្មេងប្រុស​ម្នាក់​នោះ ជា​ថ្នូរ​នឹង​កំហុស​របស់ខ្លួន​។

 
​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​វិសាខា កែវ សុខ​ផេង នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រៀបរាប់​ពី​កំហុស​មួយ ដែល​ខ្លួន​បានធ្វើ​លើ​ក្មេងប្រុស​រើស​បាល់​ម្នាក់​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន រវាង​ក្រុម​វិសាខា​ជាមួយ​ណាហ្គា​វើ​ល កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
 
​កំហុស​ដែល​រូបគេ​បានធ្វើ​នោះ គឺ​ខ្លួន​ភ្លេច​ចាប់ដៃ​ជាមួយ​ក្មេងប្រុស​រើស​បាល់​ម្នាក់​នោះ ដែល​បាន​លើកដៃ​ចង់​ចាប់ដៃ​ជាមួយ​ខ្លួន​។ ការខកខាន​ចាប់ដៃ​របស់​ខ្សែប្រយុទ្ធ​រូបនេះ ទំនងជា​រូបគេ​មិន​ចាប់អារម្មណ៍ ឬ​មិន​បានឃើញ​ក្មេងប្រុស​នោះ​លើកដៃ​ស្វាគមន៍​មករក​ខ្លួន ដោ​ស​សារ​រូបគេ​រវល់​អបអរ​ជាមួយ​គ្រាប់​បាល់ ដែល​ខ្លួន​រកបាន​ឲ្យ​វិសាខា​នាំមុខ ១-០ លើ​ណាហ្គា​វើ​ល​។ 
 
​សុខ​ផេង បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​សកម្មភាព​ក្មេងប្រុស​រើស​បាល់​ម្នាក់​លើកដៃ​រង់ចាំ​ខ្លួន​មក​ចាប់​ជាមួយ ដោយ​សរសេរ​រៀបរាប់ថា​៖«​ដោយសារ​អបអរ​ភ្លេចខ្លួន បង​សុំទោស​ដែល​មិនបាន​ចាប់ដៃ​ប្អូន​។ អ៊ីចឹង​ពុក​ម៉ែ​បងប្អូន​ណា​ដែល​ស្គាល់​(​ក្មេងប្រុស​រើស​បាល់​)​ជួយ​ឲ្យ​គាត់​ទាក់ទង​មក​ខ្ញុំ​ផង ដើម្បី​ជូន​ជា​កាដូ​លើកទឹកចិត្ត​»​។ 
 
​គ្រាប់​បាល់​មួយ​គ្រាប់​របស់​កីឡាករ កែវ សុខ​ផេង បានរួម​ចំណែក​ជួយ​ឲ្យ​វិសាខា​យកឈ្នះ​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ២-០ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​លើក​ទី​១៤​ប្រចាំឆ្នាំ​២០២០ ជា​លើកដំបូង​។ ចំណែក​ក្រុម​ព្រៃវែង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៤-២៕ 

Tag:
 បាល់ទាត់​
  កែវ សុខ​ផេង
© រក្សាសិទ្ធិដោយ thmeythmey.com