ជាតិ
សង្គមជាតិ
បុគ្គលិកសូហ្វីតែលភ្នំពេញ តវ៉ាឲ្យក្រសួងការងារបញ្ជូនវិវាទរបស់ពួកគេទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល បុគ្គលិកសូហ្វីតែលតវ៉ានៅមុខក្រសួងការងារ នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុក សង់ត្រាល់)
× ភ្នំពេញ៖ បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលត្រូវថៅកែបញ្ឈប់ពីការងារ បានតវ៉ាសុំការអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជូនសំណុំរឿងរបស់ពួកគេទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីដោះស្រាយ។
ប្រធានសហជីពសមគ្គីឯករាជ្យនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រ លោក ផាត់ សារួន អះអាងថា បើខាងក្រសួងការងារមិនបញ្ជូនសំណុំរឿងរបស់ក្រុមខ្លួនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីដោះស្រាយទេ ពួកគេនឹងបន្តតវ៉ានៅមុខក្រសួងការងារនិងសណ្ឋាគារបន្តទៀត។
តំណាងបុគ្គលិកជាង១០នាក់ ក្នុងចំណោមបុគ្គលិក៥៣នាក់ដែលត្រូវភាគីសណ្ឋាគារបញ្ឈប់ការងារកាលពីដើមខែសីហា បានប្រមូលគ្នាតវ៉ា សុំការអន្តរាគមន៍នៅមុខក្រសួងការងារនៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះ ដើម្បីឲ្យលោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារបញ្ជូនសំណុំរឿងពួកគេឲ្យទៅដោះស្រាយបន្ត។ ប្រធានសហជីព លោក សារួន បញ្ជាក់ថា ការសម្រេចធ្វើបែបនេះ ដោយសារវិវាទរបស់ពួកគេមិនមានដំណោះស្រាយប្រមាណ៣ខែហើយ។
លោក សារួន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ភាគីសណ្ឋាគារបញ្ឈប់បុគ្គលិកកាលដើមខែសីហាភ្លាមៗ ហើយដោះស្រាយសំណងមិនត្រូវតាមច្បាប់ការងារ។ លោកថា កន្លងមកខាងក្រសួងការងារបានសម្របសម្រួលផ្សះផ្សាដែរ ប៉ុន្តែចំណុចខ្លះមិនត្រូវគ្នា។
«កន្លងមកភាគីសណ្ឋាគារ បានដោះស្រាយឲ្យខ្លះហើយ ដូចជាប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង អតីភាពការងារ និងថ្ងៃសម្រាកប្រចាំឆ្នាំ។ ប៉ុន្តែអ្វីដែលមិនត្រូវគ្នា គឺភាគីសណ្ឋាគារមិនបានទូទាត់ប្រាក់អតីតភាពការងារមុខឆ្នាំ២០១៩ ប្រាក់សងជំងឺចិត្ត និងប្រាក់ភាគីសណ្ឋាគារកាត់ទុក៧ភាគរយនៃប្រាក់ខែសម្រាប់បង្ការការបាក់បែកសម្ភារៈ»។ នេះបើតាមការបញ្ជាក់របស់លោក សារួន ដោយបញ្ជាក់បន្ថែមថា គោលបំណងនៅដែលធ្វើការទាមទារនៅមុខក្រសួងនេះ គឺស្នើសុំឲ្យបញ្ជូនវិវាទនៃសំណុំរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីដោះស្រាយបន្ត។
ជាមួយគ្នាដែរ លោកបញ្ជាក់ថា គោលដៅនៃសុំអន្តរាមគមន៍នេះ គឺចង់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលជួយដោះស្រាយ ឲ្យមានការបញ្ឈប់បុគ្គលិកឲ្យស្របច្បាប់ និងសម្របសម្រួលចំណុចដែលមិនត្រូវគ្នាខាងលើ។ មេសហជីរូបនេះ បានបញ្ជាក់បន្ថែមថា៖ «ព្រឹកនេះភាគីខាងក្រសួង បានចេញមកជួបហើយប្រាប់ពួកខ្ញុំថា នឹងជួយពិនិត្យមើលករណីរបស់ក្រុមខ្ញុំនិងណែនាំពីនីតិវិធីមួយចំនួន មិនបានប្រាប់ទេថាថ្ងៃណានឹងឆ្លើយតបមកវិញ។ ប៉ុន្តែពីថ្ងៃទៀត បើមិនឃើញមានដំណឹងខ្ញុំនឹងទាក់ទងទៅខាងក្រសួង ហើយបើគ្មានដំណោះស្រាយឬមិនបញ្ជូនសំណុំរឿងពួកខ្ញុំទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលទេ ក្រុមខ្ញុំអាចនឹងធ្វើការតវ៉ានៅមុខក្រសួងនិងសណ្ឋាគារបន្តទៀត»។
បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា៥៣នាក់ ត្រូវបានបញ្ឈប់ដោយសារវិបត្តសេដ្ឋកិច្ច ក្រោមហេតុផលរងផលប៉ះពាល់ដោយសារកូវីដ-១៩កាលពីថ្ងៃទី១សីហា ឆ្នាំ២០២០។ ហើយវិវាទរវាងភាគីបុគ្គលិកនិងភាគីសណ្ឋាគារក៏បានអូសបណ្លាយពេលមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ពីលោក សារួន៕
© រក្សាសិទ្ធិដោយ thmeythmey.com