COVID-19
ជាតិ
ថ្ងៃ​ចុងក្រោយ នៃ​ការ​តេស្តរ​កកូ​វីដ​-១៩ របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ៣ វិច្ឆិកា​
18, Nov 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ របស់​សម្ដេច ហ៊ុន សែន និង​ភរិយា រួមទាំង​អ្នកពាក់ព័ន្ធ​«​ព្រឹត្តិការណ៍ ៣ វិច្ឆិកា »​។ «​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​» គឺ​សំដៅលើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្ម​ហុង​គ្រី ។ លោក Peter Szijjarto ត្រូវបាន​គេ​រកឃើញ​មាន​កូ​វីដ​-១៩ នៅពេល​ទៅដល់​ប្រទេស​ថៃ​។​


៣​លើក​មកហើយ ដែល​សម្ដេច ហ៊ុន សែន និង​ភរិយា ធ្វើតេស្ត​អវិជ្ជមាន​កូ​វីដ​-១៩ ។ សម្ដេច ប្រកាសថា សម្ដេច និង​ភរិយា មាន​សុខ​ភាពល្អ​ធម្មតា នៅ​អំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។
ដោយឡែក​រដ្ឋមន្ត្រី មន្ត្រី អ្នកកាសែត រួមទាំង​ពលរដ្ឋ​ជាង​១​ពាន់​នាក់​ទៀត ដែល​បាន​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះ ក៏​អវិជ្ជមាន​កូ​វីដ​-១៩ ដែរ ។​សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៣​កន្លងមក ក្រសួង​បាន​ពិនិត្យ​លើ​សំណាក​មនុស្ស​១១៩៥​នាក់ ។​
 
​ចំពោះ​អ្នក​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ ជាមួយ​សម្ដេច ហ៊ុន សែន នៅ​ថៃទី​១៨ វិច្ឆិកា រួមមាន​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ,  លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​, ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​, លោកស្រី​ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​តាម​ស្ថាប័ន​នានា​, ក្រុម​អង្គរក្ស និង​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​បុគ្គលិក​តាម​គ្រឹះស្ថានសិក្សា មាតាបិតា​សិស្ស ។​
 
​បើ​គិត​ទាំង​៣​លើក​មកនេះ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​លើ​សំណាក ៣,៧៦២​ហើយ​។ ក្នុងចំណោម​ការធ្វើ​តេស្ត​នេះ គឺមាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ កាលពី​ថ្ងៃទី១៦ វិច្ឆិកា។
 
​គិត​ត្រឹម​ថ្ងៃទី​១៧​វិច្ឆិកា កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០៣​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​២៩១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១២​នាក់​៕

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com