អន្តរជាតិ
លោកបៃឌិន៖ ប្រទេសប្រជាធិបតេយ្យត្រូវមាននយោបាយពាណិជ្ជកម្មរួមគ្នា ដើម្បីទប់ទល់ចិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន។ រូបភាព៖ AP
× អាមេរិក ត្រូវការសហការជាមួយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត ដើម្បីអាចកំណត់គោលការណ៍ពាណិជ្ជកម្មអន្តរជាតិរួមគ្នាដើម្បីទប់ទល់ចិន។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកចូ បៃឌិន បានលើកឡើងបែបនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានចុះហត្ថលេខដោយក្រុមប្រទេសអាស៊ី-បាស៊ីហ្វិកចំនួន ១៥។
«គំនិតដែលយើងយកដៃរុកភ្នែកសម្ព័ន្ធមិត្តរបស់យើង ហើយឱបអ្នកផ្ដាច់ការ មិនមានន័យសម្រាប់ខ្ញុំឡើយ។» ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដពីផែនការសេដ្ឋកិច្ចពីក្រុងWilmington ក្នុងរដ្ឋ Delaware ។ លោក បៃឌិន ចង់និយាយផ្លែផ្កាឲ្យលោក ដូណាល់ ត្រាំ ដែលបង្កើនពន្ធនាំចូលលើទំនិញរបស់ប្រទេសដៃគូអាមេរិក ដែលធ្វើឲ្យទំនាក់ទំនងល្អក់កករ។
ក្នុងន័យនេះ លោក បៃឌិន អះអាងថា អាមេរិក ត្រូវការសហការជាមួយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀតអាចកំណត់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ សំដៅទប់ទល់ចិនក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងកើនឡើង។ ការបញ្ជាក់របស់លោក បៃឌិន ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានចុះហត្ថលេខាបានតែមួយថ្ងៃប៉ុណ្ណោះ។ RCEP ត្រូវបានមើលឃើញថា នៅពីក្រោយដោយចិន។
ក្នុងសន្និសីទដដែល លោក បៃឌិន ក៏ត្រូវបានចោទជាសំណួរផងដែរថា តើអាមេរិកអាចចូលជាសមាជិក RCEP និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វិញឬអត់? លោកឆ្លើយវិញថា លោកមិនអាចពិភាក្សាពីគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកបានទេ ព្រោះ មិនទាន់បានចូលកាន់តំណែងប្រធានាធិបតីនៅឡើយ។ តែលោកនឹងលំអិតពីគោលនយោបាយពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី២១ ខែមករា ២០២១បន្ទាប់ពីស្បថចូលកាន់តំណែងប្រធានាធិបតី។
ទន្ទឹមនេះ លោកបៃឌិន បានបន្ថែមថា មូលហេតុដែលលោក មិនបានបញ្ជាក់ពីការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដូចលោកប្រកាសចូលអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុវិញ ដោយសារបញ្ហាលំអិតលើកិច្ចព្រមព្រៀង CPTPP និង RCEP កំពុងស្ថិតក្រោមការចរចា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
RCEP ត្រូវបានប្រទេសនៅក្នុងតំបន់អាស៊ី-បាស៊ីហ្វិកចំនួន១៥ ដែលមានសមាជិកអាស៊ានទាំង១០ រួមជាមួយនឹង ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ ចិន អូស្ត្រាលី នៅថ្ងៃទី១៥ ខែវិច្ឆិកា ចុះហត្ថលេខា បន្ទាប់ពីចរចាអស់ជាច្រើនឆ្នាំ និងបន្ទាប់ពីការដើរចេញរបស់ឥណ្ឌា។ កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com