សង្គមអន្តរជាតិ​
អន្តរជាតិ
នៅ​ក្រិ​ក អ្នក​ដែល​ធ្វើបាប​សត្វ​ចិញ្ចឹម អាច​ប្រឈម​ជាប់ពន្ធនាគារ​ដល់​ទៅ​១០​ឆ្នាំ​
17, Nov 2020 , 9:29 pm        
រូបភាព
ដោយ: ធីតា
​សភា​ក្រិ​ក កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានសម្រេច​ប្រែក្លាយ​ច្បាប់​ពីបទ​ល្មើស​ដ៏​សាមញ្ញ​ទៅ​បទឧក្រិដ្ឋ ជុំវិញ​ការចិញ្ចឹម​សត្វ​ដោយ​មិនបាន​ត្រឹមត្រូវ ហើយ​អ្នកប្រព្រឹត្ត​ខុស​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
​តាមច្បាប់​ក្រិ​ក  សកម្មភាព​ដែល​ចាត់ទុក​ជាការ​ធ្វើបាប និង​រំលោភបំពាន​លើ​សត្វ​ចិញ្ចឹម មានដូចជា ការបំពុល ការចង​ព្យួរ ការដុត និង​ទង្វើ​ទារុណកម្ម​ផ្សេងៗ ។ អ្នក​ដែល​ប្រព្រឹត្ត​ខុស ប្រឈម​ពិន័យ​ជា​ប្រាក់​ពី​៥០០០ ទៅ​១៥០០០​អឺរ៉ូ (​ពី​ជិត​៦០០០ ទៅជិត​១៨០០០​ដុល្លារ​អាមេរិក​) ហើយ​ទោស​ពន្ធនាគារ ស្ថិតក្នុង​កម្រិត​អ​ប្បរមា​១​ឆ្នាំ ហើយ​អាចឈាន​ទៅដល់​១០​ឆ្នាំ ទៅតាម​ទង្វើ​ជាក់ស្តែង​នៃ​បទល្មើស​។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្រិ​ក លោក Makis Voridis បានបង្ហាញ​សេចក្តីព្រាងច្បាប់​ទៅកាន់​សភាពេញអង្គ ជាមួយនឹង​ការផ្តល់​សារ​ដ៏​ធំ​មួយ​ថា សភា​សម្រាប់​សង្គម​។ លោក​បាន​បញ្ជាក់ថា សង្គម មិនអាច​ទទួលយក​នូវ​អំពើ​ដ៏​សាហាវ​លើ​សត្វ​បែបនេះ ទៀត​នោះទេ​។​
 
​សេចក្តី​ច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង បន្ទាប់ពី​មាន​សកម្មភាព​ដ៏​អាក្រក់​ជាច្រើន​លើស​ត្វ​ចិញ្ចឹម​នៅ​ក្រិ​ក​។ កាលពី​ខែតុលា បុរស​អាយុ​៥៥​ឆ្នាំ​ម្នាក់ នៅ​ក្រុង Heraklion បាន​ចង​ព្យួរ​ក​សត្វ​ឆ្កែ​មួយ​ក្បាល​។ រូបថត​ពី​សកម្មភាព​នោះ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ជាច្រើន ដែល​ក្រោយមក ជនល្មើស​ត្រូវបាន​ពិន័យ​ជា​ប្រាក់ ៣​ម៉ឺន​អឺរ៉ូ (​ជាង​៣៥០០០​ដុល្លារ​អាមេរិក​)​។​
 
​រំលង​ប៉ុន្មាន​ថ្ងៃក្រោយ មក គ្រូបង្រៀន​អាយុ​៥៤​ឆ្នាំ ម្នាក់​ដែល​រស់នៅ​ក្រុង​កំពង់ផែ Piraeus ក្បែរ​ក្រុង​អា​តែ​ន បាន​យក​កាំបិត​កាប់​ឆ្កែ រួច​វាយ​នឹង​ដំបង​ដែក យ៉ាង​សាហាវ​លើ​សត្វ​ឆ្កែ​នោះ​។ សកម្មភាព​ត្រូវបាន​លួច​ថត​ដោយ​អ្នកដំណើរ​ម្នាក់ ដែល​ក្រោយមក​គ្រូបង្រៀន​រូបនោះ ត្រូវបាន​ចាប់ខ្លួន​ផងដែរ ខណៈ​ដំណើរការ​ជម្រះក្តី មិនទាន់​កំណត់​ថ្ងៃ​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com