ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​ស្ថានទូត​អាមេរិក​៖ ការអត់ឱន​ចំពោះ​មតិ​ប្រឆាំង មាន​សារសំខាន់ ក្នុង​លទ្ធិប្រជាធិបតេយ្យ
17, Nov 2020 , 9:59 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅតវ៉ានៅមុខតុលាការភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២០ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ រូបពី AFP
ប្រជាពលរដ្ឋ ទៅតវ៉ានៅមុខតុលាការភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២០ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ រូបពី AFP
​ក្រោយ​អ្នកប្រឆាំង​មិនតិចជាង​១០០​នាក់ ត្រូវបាន​កោះហៅ ដោយ​រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកកាសែត​ខ្លះ ក៏​រង​ចំណាត់ការ​ផ្លូវច្បាប់​ដែរនោះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយនិយាយ​ពាក់ព័ន្ធ​នឹង​រឿងនេះ​។ ស្ថានទូត​អាមេរិក អះអាងថា សហរដ្ឋអាមេរិក កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់លើ​បណ្តឹង​កាន់តែ​ច្រើនឡើង ប្រឆាំងនឹងសកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង អ្នកគាំទ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ 



​តាមរយៈ​សារ​របស់ខ្លួន​លើ​បណ្តាញ​សង្គម នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានទូត​អាមេរិក បង្ហាញ​បំណង​ចង់​ឲ្យ​មានការ​អត់ឱន​ដល់​សំឡេង​ប្រឆាំង​។ ស្ថានទូត​អាមេរិក ផ្តល់យោបល់​ដូច្នេះ​ថា​៖«​សេរីភាព​ក្នុង​ការប្រមូល​ផ្តុំគ្នា សេរីភាព​ក្នុងការ​សម្តែង​មតិ និង ការអត់ឱន​ចំពោះ​មតិ​ប្រឆាំង មាន​សារសំខាន់ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​»​។ 
 
​ជាមួយគ្នានេះ ស្ថានទូត​អាមេរិក អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ការពារ​សេរីភាព​ទាំងនេះ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​ប្រកាន់យក​ជំហាន​ក្នុង​ការបើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​លំហ​សម្រាប់​ពលរដ្ឋ ខណៈ​កម្ពុជា កំពុង​ឈានទៅរក​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ ២០២២ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០២៣​។  
 
​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឆ្លើយតប​ថា បណ្តឹង​លើ​មនុស្ស​ទាំងនោះ ចេះតែ​កើនឡើង គឺ​ដោយសារតែ​ពួកគេ ចេះតែ​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​។ លោក មានប្រសាសន៍ថា បើ​មិន​ចង់​ឲ្យ​មាន​បណ្តឹង លុះត្រា​ពួកគេ កុំ​ធ្វើអំពើ​ខុសច្បាប់​។ 
 
​ម្យ៉ាងទៀត លោក ជិន ម៉ា​លីន ដែលមាន​ឋានៈ​ជា​អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែរនោះ ផ្តល់យោបល់​ត្រឡប់​ទៅវិញ​ថា បើ​ស្ថានទូត​អាមេរិក មាន​ភស្តុតាង គឺ​គួរតែ​ជួយ​ពួកគេ​តាមផ្លូវ​តុលាការ​។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បញ្ជាក់ថា​៖«​រឿង​ផ្លូវច្បាប់ គឺ​ត្រូវ​ដោះស្រាយ​តាមផ្លូវច្បាប់ មិន​ស្រ័យ​លើ​ការសុំ​ឲ្យ​អត់ឱន​ឬ​មិន​អត់​ឱ​នោះទេ​»​។​
 
​ចំពោះ​ការគោរព​សិទ្ធិមនុស្ស ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា លោក ជិន ម៉ា​លីន បកស្រាយ​ថា ស្ថានទូត​អាមេរិក លើកឡើង​មិន​អស់​សេចក្តី​។ មិន​អស់​សេចក្តី​ត្រង់នេះ ត្រូវ​លោក ពន្យល់ថា ស្ថានទូត​អាមេរិក លើកឡើង​ពី​ការគោរព​សិទ្ធិមនុស្ស តែ​មិនបាន​លើកឡើង​ពី​ការហាម​មិ​ឲ្យ​ប្រើ​សិទ្ធិ​ហួស​ព្រំដែន​។ លោក សង្កេតឃើញបែបនេះថា៖«គាត់ [ស្ថានទូតអាមេរិក] លើកឡើងតែមួយកំណាត់ហ្នឹង»។ 
 
​មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ ចែងថា កម្ពុជា ទទួលស្គាល់ និង គោរព​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិ​កុមារ​។ មាត្រា​៣១​ដដែល ចែង​ទៀតថា ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​អ្នកដទៃ​ឡើយ ហើយ​ការប្រើ​សិទ្ធិសេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់​។​
 
​ថ្មីៗ​នេះ តុលាការរាជធានីភ្នំពេញ បានបង្គាប់​សមត្ថកិច្ច ឲ្យ​យក​ដីកា​ទៅ​បិទ​នៅ​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​ជា​ពីរដង ដោយ​លើក​ទី​១ ហៅ​មនុស្ស​ជិត​៦០​នាក់ ឲ្យ​ចូលរួម​សវនាការ​ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​លើក​ទី​២ ហៅ​មនុស្ស​ជិត​៧០​នាក់​ទៀត ឲ្យ​ចូលរួម​សវនាការ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​។ ជាទូទៅ ពួកគេ រង​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។  
 
​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន លោក សម រង្ស៊ី អ្នកស្រី ជូ​ឡុង សូ​មួ​រ៉ា អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថា​វរិ​ន្ទ្រ និង លោក នុត រំដួល ជាដើម ក៏​ត្រូវបាន​តុលាការ កោះហៅ​ឲ្យ​ចូលរួម​សវនាការ​ដែរ ក្រោម​បទ​ឧបឃាត ដែល​សំដៅលើ​ការផ្តើមគំនិត​និង​ការរៀប​គម្រោង​ផ្តួល​រំលំរដ្ឋាភិបាល​។ តុលាការ កំណត់កាលបរិច្ឆេទ​បើកសវនាការជំនុំជម្រះ​លើ​មេដឹកនាំ​ក្រុមប្រឆាំង​ទាំងនោះ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ តែ​ត្រូវ​ពន្យារពេល​វិញ ខណៈ​ពួកគេ សុទ្ធតែ​នៅក្រៅ​ប្រទេស​៕   
 

Tag:
 កម្ពុជា​-​អាមេរិក​
  CNRP
  ប្រជាធិបតេយ្យ​
  មតិ​ប្រឆាំង​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com