ជាតិ
ឆ្នាំនេះ កសិករស្រុកគូលែន ខេត្តព្រះវិហារ អាចលក់ដំឡូងជ្វាលេខ១ បាន២ពាន់រៀលក្នុងមួយគីឡូក្រាម
× កសិករដែលរស់នៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលដំឡូងជ្វារបស់ខ្លួន។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ប្រាប់សារព័ត៌មានThmeyThmey25 ថាតម្លៃដំឡូងជ្វានៅក្នុងខេត្តព្រះវិហារឆ្នាំនេះល្អគួរសម ពោលកសិករអាចលក់បានតម្លៃ ពី ១,៥០០រៀល ទៅ ២ពាន់រៀល ក្នុងមួយគីឡូ។ នេះបើ តាមទូរសព្ទនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋក្នុងស្រុកគូលែន នៃខេត្តព្រះវិហារភាគច្រើនបានជ្រើសការដាំដំណាំរួមផ្សំជាច្រើនពិសេសដំណាំដំឡូងមី ក្រៅពីការងារដំដុះដំណាំស្រូវ។ សម្រាប់ផ្ទៃដីដាំដំឡូងជ្វាទូទាំងស្រុក គូ លែន មានប្រមាណ ១ពាន់ហិកតា ដោយក្នុងមួយគ្រួសារដាំដំឡូង ក្នុងបរិមាណ ២ ទៅ ៣ហិកតា។ លោកបានប្រាប់ThmeyThmey25 យ៉ាងដូច្នេះ៖«កសិករស្រុកគូលែន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងជ្វា សម្រាប់តម្លៃជ្វា លើទីផ្សារលក់បានដំឡូងលេខ១ តម្លៃ២ពាន់រៀល ក្នុងមួយគីឡូ និងលេខ២ តម្លៃ១ពាន់៥រយរៀល ក្នុងមួយគីឡូ និងនាំចេញទៅខេត្តសៀមរាប និងភ្នំពេញ ជាទីផ្សារធំ»។
ផលដំឡូងជ្វារបស់កសិករក្នុងស្រុកគូលែន ខេត្តព្រះវិហារ រូបភាព៖ពីហ្វេសប៊ុកលោក ពឹង ទ្រីដា
លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា «ដ្បិតទីផ្សារដំឡូងជ្វាក្នុងខេត្តព្រះវិហារទូលាយ តែបើប្រៀបធៀបតម្លៃនៅឆ្នាំ២០១៩ មិនសូវខុសគ្នាប៉ុន្មាននោះទេ អាចលើសឆ្នាំមុនពី១០០រៀលទៅ ១៥០រៀលប៉ុណ្ណោះ»។ លោកបន្ថែមថា ចំពោះទិន្នផលដំឡូងជ្វាឆ្នាំនេះ ក៏មិនប្លែកពីឆ្នាំមុនដែរ ដោយមួយហិកតា អាចទទួលផលពី ១០តោនទៅ១២តោន។
បច្ចុប្បន្ន ខេត្តព្រះវិហារមានផ្ទៃដីដាំដំណាំដំឡូងជ្វា ប្រមាណ ៥ពាន់ហិកតា ដោយក្នុងស្រុកគូលែនមានផ្ទៃដីដាំដំឡូងជ្វា ប្រមាណ ១ពាន់ហិកតា។ ដោយឡែក ចំពោះផ្ទៃដីដំណាំដំឡូងមីវិញមានប្រមាណ ២ម៉ឺនហិកតាទូទាំងខេត្ត។ ក្រៅពីដំឡូងជ្វា និងដំឡូងមី កសិករក៏ដាំដំណាំច្រើនទៀតដូចជា ដំឡូងមី,ពោត,ស្វាយ,សណ្ដែកសៀង,ស្វាយចន្ទី,សណ្ដែកបាយ,ចេក,កៅស៊ូ និងដំណាំជាច្រើនទៀត។ នេះបើតាមលោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ៕
Tag:
ដំឡូងជ្វា
ព្រះវិហារ
ពឹង ទ្រីដា
កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com