កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang មិនសប្បាយចិត្ត ក្រោយជម្រើសជាតិហ្គាបុងដេកលើឥដ្ឋ១យប់ មុនប៉ះម្ចាស់ផ្ទះហ្គំប៊ី
× Pierre-Emerick Aubameyang និងមិត្តរួមក្រុមជម្រើសជាតិហ្គាបុងត្រូវបានបង្ខំដេកនៅលើឥដ្ឋនៅអាកាសយានដ្ឋាននៅមុនការប្រកួតជម្រុះពានរង្វាន់អាហ្វ្រិក Africa Cup of Nations ដែលហ្គាបុងចាញ់ក្រុមម្ចាស់ផ្ទះហ្គំប៊ី ២-១។ ខ្សែប្រយុទ្ធ Arsenal មិនពេញចេញរបៀបទទួលភ្ញៀវរបស់ម្ចាស់ផ្ទះដូច្នេះឡើយ និងថែមទាំងរិះគន់ការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) ផង។
Aubameyang បានប្រើបណ្តាញសង្គម ដើម្បីបង្ហាញពីស្ថានភាពរបស់ខ្លួន និងសមាជិកក្រុមបន្ទាប់ពីបានទៅដល់អាកាសយានដ្ឋាន Banjul នៅរដ្ឋធានីហ្គំប៊ីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅមុនប៉ះក្រុមជម្រើសជាតិហ្គំប៊ីក្នុងការប្រកួតជម្រុះពូល D នៅមួយថ្ងៃបន្ទាប់។
ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ ដែលមើលទៅនឿយហត់បានបង្ហោះរូបលើ Twitter នៅម៉ោង ៤ និង ៣៧នាទីព្រឹកថ្ងៃ១៦ វិច្ឆិកា ដោយបង្ហាញពីសកម្មភាពសមាជិកក្រុមដេកនៅលើឥដ្ឋ និងកៅអីនៅឯព្រលានយន្តហោះប្រហែល៦ម៉ោងដើម្បីរង់ចាំចាកចេញទៅសណ្ឋាគារ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីអាកាសយានដ្ឋានដោយសារតែបញ្ហារដ្ឋបាល ហើយត្រូវបានបង្ខំឲ្យដេកនៅលើឥដ្ឋ មុនពេលត្រូវបានអនុញ្ញាតឲ្យចាកចេញនៅពេលព្រឹកបន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល។
ការប្រកួតរវាងក្រុមទាំងពីរបានចាប់ផ្តើមការប្រកួតនៅម៉ោង ៤ រសៀលថ្ងៃដដែលនោះ។ ទីបំផុតការប្រកួតបញ្ចប់ទៅដោយហ្គំប៊ីបានយកឈ្នះហ្គាបុងក្នុងលទ្ធផល ២-១។
ជុំវិញករណីនេះ Aubameyang បានរិះគន់ទៅកាន់ប្រទេសម្ចាស់ផ្ទះ និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) ទៀតផង។ «អ្នកធ្វើការងារបានល្អណាស់ CAF វាដូចជាយើងបានត្រឡប់ទៅរកទសវត្សឆ្នាំ ១៩៩០ អ៊ីចឹង»។ ខ្សែប្រយុទ្ធ Arsenal និយាយទៅកាន់ CAF ដូច្នេះ ដោយបន្ថែមថា៖« ទាំងអស់នេះមិនធ្វើឲ្យយើងចុះខ្សោយនោះទេ ប៉ុន្តែមនុស្សដទៃទៀតចង់ដឹងថា CAF ត្រូវការការទទួលខុសត្រូវដូចម្តេច?»
ហ្គាបុងស្ថិតនៅចំណាត់ថ្នាក់ទី២ពូល D នៃវគ្គជម្រុះក្របខណ្ឌអាហ្វ្រិកដោយរកបាន៧ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាងហ្គំប៊ីក្រោយឆ្លងកាត់ការប្រកួត៤លើក។ សាធារណរដ្ឋកុងហ្គោនៅលេខ៣មាន៣ពិន្ទុ ឯអង់ហ្គោឡានៅបាតតារាងមាន១ពិន្ទុពីការប្រកួត៣លើកដូចគ្នា៕
Tag:
Pierre-Emerick Aubameyang
CAF
© រក្សាសិទ្ធិដោយ thmeythmey.com