ជាតិ
ដើមឈើ​កម្រ ២​ប្រភេទ ត្រូវបាន​អ្នកជំនាញ​ជប៉ុន រកឃើញ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​
17, Nov 2020 , 11:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃWCS
រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃWCS
ដោយ:
​ភ្នំពេញ​៖ ដើមឈើ​កម្រ​២​ប្រភេទ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​ជប៉ុន សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ រកឃើញ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ ក្រោយ​រកឃើញ​ដើមឈើ​ទាំង​២​ប្រភេទ​នេះ អ្នកវិទ្យាសាស្ត្រ បានដាក់​ឈ្មោះថា ម៉ា​ឈី​លូ​ស កាំបូឌីយ៉ាណា និង ម៉ា​ឈី​លូ​ស សី​មេន​ស៊ី​ស​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​។​



​លោក កែន សេរី​រដ្ឋា ប្រធាន​អង្គការ WCS ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរស័ព្ទ​ថា ដើមឈើ​ទាំង ២​ប្រភេទ​នេះ​មាននៅ​ក្នុងព្រៃ​ស្រោង​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា យូរ​មកហើយ ប៉ុន្តែ​អង្គការ​WCS បានកំណត់​ពេលវេលា​នៃ​ការរកឃើញ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​ការដាក់​ឈ្មោះ​ជា​ផ្លូវការ និង​ឆ្លងកាត់​ការពិសោធន៍​រួចរាល់​។​


ដើមឈើប្រភេទ_ម៉ាឈីលូស_សីមេនស៊ីស_រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) 

​បន្ទាប់ពី​ពិសោធន៍​ហើយ អ្នកវិទ្យាសាស្ត្រ បានដាក់​ឈ្មោះ​ដើមឈើ​ទាំង ២​ប្រភេទ​នេះ​ថា «​ម៉ា​ឈី​លូ​ស កាំបូឌីយ៉ាណា (Machilus cambodiana) » ដោយ​ពាក្យ​ខាងក្រោយ «​កាំបូឌីយ៉ាណា » មានន័យថា​ប្រទេស​កម្ពុជា​។ ប្រភេទ​ដើមឈើ​មួយទៀត ដែលមាន​ឈ្មោះថា «​ម៉ា​ឈី​លូ​ស សី​មេន​ស៊ី​ស (Machilus seimensis)» ដោយមាន​ពាក្យ​ខាងក្រោយ​ថា «​សី​មេន​ស៊ី​ស​» មានន័យថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ 
 
​ប្រធាន​អង្គការ WCS បាន​បន្តទៀតថា ដើមឈើ​ទាំង ២​ប្រភេទ​នេះ​មានអម្បូរ​ខុសគ្នា ប៉ុន្តែ​មាន​លក្ខណ​ជីវសាស្ត្រ​ដូចគ្នា​។ លោក​បានលើកឡើង​ដូច្នេះ​ថា​៖ « វា​មាន​លក្ខណៈ​ខុសគ្នា ដែលជា​លក្ខណ​អម្បូរ​ផ្សេងគ្នា ក៏ប៉ុន្តែ​មាន​លក្ខណ​ជីវសាស្ត្រ​ក្នុងការ​រស់នៅ អាកាសធាតុ ដំណុះ សំណើម និង​ជម្រក​មាន​លក្ខណ​ព្រៃស្រោង​ដូចគ្នា »​។ នេះ​ជាការ​បន្ថែម​របស់លោក សេរី​រដ្ឋា ដែល​បាន​បន្ថែមថា ដើមឈើ ២​ប្រភេទ​នេះ ជា​ប្រភេទ​ដើម​ធំៗ ខ្ពស់ៗ និង​មាន​អាយុកាល​វែង​។​
 
​លោក សេរី​រដ្ឋា បញ្ជាក់​ផងដែរ​ថា​ក្រៅពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើមឈើ​ទាំង​២ ប្រភេទ​នេះ អាច​មាននៅ​តំបន់​ព្រៃស្រោង ដទៃទៀត ក្នុងប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់ភ្នំ​បូកគោ ជាដើម​។ លោក កែន សេរី​រដ្ឋា បាន​រៀបរាប់​តាមបែប​វិទ្យាសាស្ត្រ​ដូច្នេះ​ថា ៖ « ដើមឈើ​ទាំង​២​នេះ បង្ហាញ​ពី​ភាពសម្បូរ​បែប​នៃ​ជីវចម្រុះ ប្រព័ន្ធ​អេកូ​ស៊ី​ស្ទឹម ក្នុងន័យ​មួយ​ដែល​វា​បង្ហាញ​ពី​ភាពសម្បូរ​បែប ជា​ជម្រក​មួយ​ផ្ដល់​ភាពងាយស្រួល​សម្រាប់​សត្វ​ច្រើន​ប្រភេទ​រស់នៅ​។ ទី​២ បង្ហាញ​ពី​ភាពសម្បូរ​បែប នៃ​ចំនួន​រុក្ខជាតិ​ជិត​ផុត​ពូជ​នៅក្នុង​ពិភពលោក និង​ប្រទេស​កម្ពុជា »​។ 
​តែ​យ៉ាងណា​លោក សេរី​រដ្ឋា មិនអាច​ពន្យល់​ពី​អត្ថប្រយោជន៍ ដើមឈើ​ទាំង​២​នេះ សម្រាប់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះបានទេ ដោយ​អ្នកស្រាវជ្រាវ អាច​លើកឡើង​តែ​ពី​ផលប្រយោជន៍​បែប​វិទ្យាសាស្ត្រ​តែប៉ុណ្ណោះ​។ 


ដើមឈើប្រភេទ_ម៉ាឈីលូស_សីមេនស៊ីស_រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) 

​ទោះជា ម៉ា​ឈី​លូ​ស កាំបូឌីយ៉ាណា និង​ម៉ា​ឈី​លូ​ស សី​មេន​ស៊ី​ស មិនទាន់​ត្រូវបាន​អង្គការ IUCN ដាក់ចូល​ក្នុង​បញ្ជី​ក្រហម​របស់ខ្លួន ប៉ុន្តែ អ្នកស្រាវជ្រាវ​ជឿថា IUCN នឹងដាក់​បញ្ចូល​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​វា​ជា​ប្រភេទ​ដើមឈើ​កម្ររ និង​ជិត​ផុត​ពូជ​។​
 
​គួ​បញ្ជាក់​ផងដែរ​ថា​ដែនជម្រកសត្វព្រៃ​កែវ​សីមា ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​ជម្រក​សម្រាប់​រុក្ខជាតិ​តូចៗ និង​ដើមឈើ​សរុប​ជាង ២៦០​ប្រភេទ ក្នុងនោះ​មាន ២០​ប្រភេទ​កំពុង​ឈានទៅរក​ការ​ផុត​ពូជ​ជាស​កល និង ៥៣​ប្រភេទ​ទៀត ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​ឈើប្រណិត ឬ​ប្រភេទ​ឈើ​លេខ​១ លេខ​២ ឬ​លេខ​៣៕
 
 

Tag:
 ម៉ា​ឈី​លូ​ស កាំបូឌីយ៉ាណា​
  ម៉ា​ឈី​លូ​ស សី​មេន​ស៊ី​ស​
  កែវ​សីមា​
  បរិស្ថាន​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com